សន្ដិសុខសង្គម

ចាប់រថយន្តទំនើបដឹកឈើ១គ្រឿង-រថយន្តការពារ១គ្រឿង និងមនុស្ស៣នាក់

ដោយ៖វិចិត្រ
ព្រះវិហារ៖កម្លាំងនគនរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តព្រះវិហារ បានស្ទាក់ចាប់រថយន្តទំនើបម៉ាកហ្វតចង្កួតស្តាំដឹកឈើ១គ្រឿង-រថយន្តការពារ១គ្រឿង និងមនុស្ស៣នាក់។
សមត្ថកិច្ចចាប់រថយន្តនិងជនល្មើសនៅឃុំឃ្លាំង ក្នុងស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ កាលពីរំលងអធ្រាត្រចូលថ្ងៃទី៣ ខែកម្ភៈឆ្នាំ២០២៤។

លោកវរសេនីយ៍ឯក រស់ សុធី នាយការិយាល័យនគរបាល ប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តបានឱ្យដឹងថា មានរថយន្តម៉ាកហ្វតចង្កួតស្តាំ១គ្រឿង ដឹកឈើលេខ១ប្រភេទ“ឈ្លីក” និងរថយន្តម៉ាកស៊ីណា១គ្រឿងសម្រាប់ការពារ។រថយន្តទាំង២គ្រឿងបានដឹកឈើចេញពីស្រុកឆែប ឆ្លងកាត់ស្រុកជ័យសែន ត្រូវសមត្ថកិច្ចបង្ក្រាបបាន ជាមួយឈើចំនួន១៣ដុំស្មើជិត២ម៉ែត្រគុប។ ពួកគេបានបើកឆ្លងប៉ុស្តិ៍ត្រួតពិនិត្យ ហើយបានបុកបារ៉ាស់សមត្ថកិច្ចដើម្បីគេចខ្លួន។តែត្រូវកម្លាំងតាមចាប់បានរថយន្តទាំង២គ្រឿង និងមនុស្សប្រុសស្រីចំនួន៣នាក់ ជាមួយឈើដែលដឹកខុសច្បាប់នោះ។

លោក រស់ សុធី បានឱ្យដឹងទៀតថា ចំណែកអ្នកបើកបររថយន្តដឹកឈើបានចុះរត់គេចខ្លួនបាត់ ចាប់បានតែក្រុមរថយន្តការពារចំនួន៣នាក់។ជនសង្ស័យប្រុសស្រី-ឈ្មោះ ឱន ទែ អាយុ៣៣ឆ្នាំនៅឃុំក្រយា ខេត្តព្រះវិហារ-ឈ្មោះ នី ណាក់ អាយុ៣៧ឆ្នាំនៅភូមិសាក្រៀម ស្រុកប្រាសាទបល័ង្គ ខេត្តកំពង់ធំ និងឈ្មោះ ស៊ុនសុផល ភេទស្រី អាយុ៣៧ឆ្នាំ នៅភូមិស្វាយដង្គុំ ខេត្តសៀមរាប។


ក្រោយពីឃាត់ក្រុមល្មើស៣នាក់ និងវត្ថុតាង សមត្ថកិច្ចបានកសាងសំណុំរឿង បញ្ជូនទៅតុលាការចាត់ការតាមច្បាប់។ចំណែករថយន្ត២គ្រឿង រួមទាំងឈើលេខ១ចំនួន១៣ដុំ បានប្រគល់ឱ្យផ្នែកសង្កាត់រដ្ឋបាលព្រៃឈើត្បែងមានជ័យដើម្បីបន្តនីតិវិធី៕