អន្តរជាតិ

ខ្សែអាត់សំឡេងដ៏រន្ធត់របស់អ្នកបើកយន្តហោះមុនពេលធ្លាក់ផ្ទុះឆេះស្លាប់មនុស្សជាច្រើននាក់

ប្រែសសម្រួល៖ ស-សម្បត្តិ
មានខ្សែអាត់សំឡេងដ៏ញ័រន្ធត់របស់អ្នកបើកយន្តហោះដែលគាត់បានប្រាប់ពីពេលវេលាចុងក្រោយដោយក្តីអស់សង្ឃឹមនិងដ៏រន្ធត់នៅមុនពេលដែលយន្តហោះរបស់គាត់បានធ្លាក់ដាំក្បាលចុះចូលទៅក្នុងផ្ទះចល័តមួយក្នុងរដ្ឋ Florida, សហរដ្ឋអាមេរិកកាលពីថ្ងៃព្រហស្បតិ៍។


បើយោងតាមសំឡេងដែលគេបានឮ អ្នកបើកយន្តហោះបានរាយការណ៍ថា ម៉ាស៊ីនយន្តហោះមិនដំណើរការនៅមុនពេលដែលវាបានបោះពួយសំដៅទៅតំបន់ចំណតផ្ទះចល័ត Bayside Waters ក្នុងទីក្រុង Clearwater កាលពីថ្ងៃព្រហស្បតិ៍។

អ្នកបើកយន្តហោះបាននិយាយដោយសំឡេងដ៏ញ័រន្ធត់ដែលទទួលបានដោយ Fox 13 ថា “ខ្ញុំមិនអាចមើលឃើញព្រលានយន្តហោះទេ” ។


• “ខ្ញុំបាត់បង់ការបញ្ជាយន្តហោះ”
ក្រោយមកក៏ជាពេលដែលយន្តហោះខ្នាតតូចម៉ាស៊ីនទោល Beechcraft Bonanza V35 បានធ្លាក់ចូលផ្ទះចល័តផ្ទុះឆេះបំផ្លាញទ្រព្យសម្បត្តិគ្មានសល់។

អ្នកបើកយន្តហោះ និងមនុស្សពីរនាក់នៅលើដីត្រូវបានសម្លាប់ និងជាច្រើននាក់ផ្សេងទៀតបានរងរបួស។ គេនៅមិនទាន់កំណត់បានអត្តសញ្ញាណរបស់ជនរងគ្រោះទាំងអស់នោះនៅឡើយទេ។
បើយោងតាមខ្សែអាត់សំឡេងបានឲ្យដឹងថាមានអ្នកបើកយន្តហោះផ្សេងទៀតដែលនៅក្រៅហេតុការណ៏នេះបានឃើញការធ្លាក់យន្តហោះដោយផ្ទាល់ដែលគាត់បានប្រាប់ទៅអ្នកគ្រប់គ្រងប៉មបញ្ជាដែនអាកាសថា “យន្តហោះបានធ្លាក់យ៉ាងលឿនហើយផ្ទុះអណ្តាតភ្លើងឆាបឆេះយ៉ាងខ្លាំង” ។


អ្នកបើកយន្តហោះដដែលនេះបានបន្តថា “យន្តហោះពិតជាបានធ្លាក់ចូលទៅក្នុងផ្ទះចល័តមួយ ហើយផ្ទះទាំងមូលត្រូវបានបំផ្លាញដោយភ្លើងឆេះគ្មានសល់” ។
យោងតាមមន្ត្រីពន្លត់អគ្គិភ័យបានឲ្យដឹងថា ក្រុមអន្តរាគមន៏បានកំពុងរៀបចំសម្រាប់ការចុះចតជាបន្ទាន់នៅអាកាសយានដ្ឋានអន្តរជាតិ St. Pete-Clearwater បន្ទាប់ពីអ្នកបើកបរយន្តហោះបានរាយការណ៍ពីបញ្ហាម៉ាស៊ីន។

យន្តហោះនេះទើបតែហោះបានចម្ងាយត្រឹមតែ ៣ ម៉ាយសំដៅទៅភាគខាងជើងនៃផ្លូវរត់នៅមុនពេលវាធ្លាក់។


យន្តហោះបានធ្លាក់ចំពីលើផ្ទះចល័តហើយត្រូវបានឆាបឆេះសល់តែផេះ។

លោក Scott Ehlers ប្រធានក្រុម Clearwater Fire បាននិយាយថាភ្លើងឆេះរាលដាលដល់ផ្ទះចល័តចំនួនបីផ្សេងទៀត។
វីដេអូបានបង្ហាញពីទិដ្ឋភាពនៃបំណែកយន្តហោះដែលនៅតែឆាបឆេះយ៉ាងសន្ធោសន្ធៅ។
ការធ្លាក់យន្តហោះនេះកំពុងស្ថិតនៅក្រោមការស៊ើបអង្កេតនៅឡើយ៕
ប្រភព៖ NEW YORK POST