អន្តរជាតិ

ក្រុមហាម៉ាសចោទអាមេរិកថាការវាយប្រហារលើអ៊ីរ៉ាក់និងស៊ីរីដូច ‘ចាក់ប្រេងលើភ្លើង’

ប្រែសម្រួល៖ ស-សម្បត្តិ

ក្រុមហាម៉ាសបានចេញសេចក្តីថ្លែងការណ៍មួយជាភាសាអង់គ្លេសនៅថ្ងៃសៅរ៍ ទី ៣ ខែកុម្ភៈថា សហរដ្ឋអាមេរិក ជាអ្នក “ទទួលខុសត្រូវចំពោះផលវិបាកនៃការឈ្លានពានដ៏ឃោរឃៅប្រឆាំងនឹងពលរដ្ឋអ៊ីរ៉ាក់ និងស៊ីរី ដោយបានហៅការវាយប្រហាររបស់អាមេរិករតាមផ្លូវអាកាសប្រឆាំងនឹងក្រុមប្រដាប់អាវុធគាំទ្រដោយអ៊ីរ៉ង់នៅក្នុងប្រទេសអ៊ីរ៉ាក់ និងស៊ីរី ថាជាការចាក់ប្រេងលើភ្លើង” ។

នៅថ្ងៃសៅរ៍ ទី ៣ ខែកុម្ភៈ ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន Hamas បានធ្វើការថ្កោលទោសចំពោះការវាយប្រហារពេញមួយយប់របស់ទ័ពអាកាសអាមេរិកនៅក្នុងប្រទេសអ៊ីរ៉ាក់និងស៊ីរីដោយចោទក្រុងវ៉ាស៊ីនតោនថាបាន “បញ្ឆេះភ្លើងសង្រ្គាម” នៅពាសពេញតំបន់មជ្ឈិមបូព៌ា។

“យើងសូមបញ្ជាក់ថា តំបន់មជ្ឈិមបូព៌ានិងមិនមានស្ថិរភាព ឬសន្តិភាពនោះទេ លើកលែងតែអាមេរិកបញ្ឈប់ការឈ្លានពានរបស់ពួកគេ រួមទាំងពួក Zionist (អ៊ីស្រាអែល) ដែលបានប្រព្រឹត្តឧក្រិដ្ឋកម្មប្រល័យពូជសាសន៍តាមរយ:ការវាយប្រហារបោសសម្អាតជនជាតិភាគតិច ប្រឆាំងនឹងប្រជាជនរបស់យើងនៅក្នុងតំបន់ Gaza Strip”។

សហរដ្ឋអាមេរិកបានបេ្តជ្ញាថានឹងវាយប្រហារបន្ថែមទៀតសម្រាប់ជាការសងសឹកចំពោះការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកដែលបានសម្លាប់ទាហានអាមេរិកបីនាក់នៅក្នុងប្រទេសហ្ស៊កដានីកាលពីថ្ងៃអាទិត្យ។

យោធា​អាមេរិក​បាន​និយាយ​ថា ខ្លួន​បាន​វាយ​ប្រហារ​គោលដៅ​សរុប​ចំនួន ៨៥ នៅ​ទីតាំង​ចំនួន ៧ ផ្សេង​គ្នា​ក្នុង​ប្រទេស​ស៊ីរី និង​អ៊ីរ៉ាក់។

ក្រុមសិទ្ធិមនុស្សស៊ីរីដែលតាមឃ្លាំមើលសង្រ្គាម បាននិយាយថា ការវាយប្រហារបានសម្លាប់យុទ្ធជនគាំទ្រដោយអ៊ីរ៉ង់យ៉ាងតិច ២៣ នាក់នៅក្នុងប្រទេសស៊ីរី។ រដ្ឋាភិបាលក្រុងបាកដាដបាននិយាយថា​ ការ​វាយ​ប្រហារនៅក្នុងប្រទេសអ៊ីរ៉ាក់ក៏បានសម្លាប់មនុស្ស ១៦ នាក់ រួមទាំងជនស៊ីវិលផងដែរ។

ទាហានអាមេរិក និងសម្ព័ន្ធមិត្តបានក្លាយជាគោលដៅវាយប្រហារច្រើនជាង ១៦៥ លើកនៅក្នុងប្រទេសអ៊ីរ៉ាក់ ស៊ីរី និងហ្ស៊កដានី ចាប់តាំងពីពាក់កណ្តាលខែតុលានៅក្នុងយុទ្ធនាការមួយដែលធ្វើឡើងដោយក្រុមប្រដាប់អាវុធដែលគាំទ្រដោយអ៊ីរ៉ង់ដោយសារតែខឹងសម្បានឹងអាមេរិកផ្តល់ការគាំទ្ររបស់ខ្លួនដល់អ៊ីស្រាអែលនៅក្នុងការធ្វើសង្គ្រាមនៅហ្គាហ្សា។

សង្រ្គាមនេះបានផ្ទុះឡើងបន្ទាប់ពីមានការឆ្មក់វាយប្រហាររបស់ក្រុមហាម៉ាសលើអ៊ីស្រាអែលកាលពីថ្ងៃទី ៧ ខែតុលា បានបណ្តាលឲ្យមនុស្សជាង ១,១៦០ នាក់បានស្លាប់នៅក្នុងប្រទេសអ៊ីស្រាអែល ដែលភាគច្រើនជាជនស៊ីវិល នេះបើយោងតាមការបូកសរុបរបស់ AFP ដោយផ្អែកលើតួលេខផ្លូវការរបស់អ៊ីស្រាអែល។

ជាការឆ្លើយតប អ៊ីស្រាអែលបានបើកការវាយលុកតាមផ្លូវអាកាស និងថ្មើរជើង និងពីលើសមុទ្រយ៉ាង

ក្តៅគគុកពាសពេញតំបន់ហ្គាហ្សាហើយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ២៧,២៣៨ នាក់ ដែលភាគច្រើនជាស្ត្រី កុមារ និងក្មេងជំទង់ នេះបើយោងតាមក្រសួងសុខាភិបាលដែលគ្រប់គ្រងដោយក្រុមហាម៉ាសនោះ៕

ប្រភព៖ AFP/at