ព័ត៌មានជាតិ

កសិករស្រុកបន្ទាយមាសអស់បារម្ភអំពីទឹកស្រោចស្រពដំណាំ

ដោយ៖កំចាយ

កំពត÷ ប្រជាកសិករ និងអាជ្ញាធរមូលដ្ឋានបានបញ្ជាក់ថាក្រោយមានអន្តរាគមន៍ពីថ្នាក់ដឹកនាំ ក៏ដូចជាមន្ត្រីជំនាញពាក់ព័ន្ធ មកដល់ពេលនេះស្រុកបន្ទាយមាស ពិសេសឃុំស្តេចគង់ខាងជើង លែងព្រួយបារម្ភអំពីបញ្ហាខ្វះទឹកស្រោចស្រពដំណាំទៀតហើយ។

លោក អ៉ិន ដានី ជំទប់ទី១ឃុំស្តេចគង់ខាងជើងបានប្រាប់ឱ្យដឹងថា ដោយសារឃុំស្តេចគង់ខាងជើងមានប្រឡាយទឺកធំៗឆ្លងកាត់ចំនួន២ខ្សែ ទើបកសិករនៅមូលដ្ឋាននេះអាចធ្វើស្រែបាន៣ដងក្នុង១ឆ្នាំលើទំហំផ្ទៃដីជិត១.៧០០ហិកតា។ រៀងរាល់ឆ្នាំ ពេលច្រូតកាត់ស្រូវវស្សារួច កសិករតែងធ្វើស្រូវប្រាំងបន្ត។ ប៉ុន្តែដោយសារអាកាសធាតុឆ្នាំនេះមានភាពប្រែប្រួល ម្ល៉ោះហើយក្រោយប្រមូលផលរួច បងប្អូនប្រជាកសិកររង់ចាំមើលទឹកភ្លៀងសិនទើបហ៊ានចាប់ផ្តើមធ្វើស្រូវប្រាំង។

លោកជំទប់ទី១បានបញ្ជាក់ថា ស្រូវអុីអ៊ែផ្តល់ទិន្នផលជាមធ្យម៥តោនក្នុង១ហិកតា និងលក់នៅស្រែផ្ទាល់១គឺឡូក្រាមបាន១.៤០០រៀល។ ប្រសិនបើតម្លៃស្រូវនៅថេរដូចប៉ុន្មានថ្ងៃនេះ នោះជីវភាពពលរដ្ឋនឹងកាន់តែប្រសើរឡើង។

លោក អៀង សារ៉ាត់ កសិកររស់នៅភូមិក្រឡង់ ឃុំស្តេចគង់ខាងជើង ស្រុកបន្ទាយមាសបានរៀបរាប់ថា ឆ្នាំនេះកសិករនាំគ្នាធ្វើស្រែប្រាំងច្រើនព្រោះស្រូវលក់បានថ្លៃ។ ដំបូងឡើយពួកគាត់ព្រួយបារម្ភខ្លាចខ្វះទឹក តែក្រោយមានអន្តរាគមន៍ពីអាជ្ញាធរ និងមន្ត្រីជំនាញពាក់ព័ន្ធ កសិករទាំងអស់បានសប្បាយចិត្តឡើងវិញ។

តាមរបាយការណ៍ពីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានបញ្ជាក់ថា ដើមឆ្នាំនេះ ផ្ទៃដីដំណាំស្រូវប្រាំងនៅទូទាំងខេត្តអនុវត្តបាន១៣.៤១២ហិកតា ស្មើនឹង១៣៣ភាគរយនៃផែនការ។ មន្ទីរជំនាញពាក់ព័ន្ទ រួមនឹងអាជ្ញាធរនៅតែបន្តតាមដានដោយយកចិត្តទុកដាក់ចំពោះការបង្កបង្កើនផលរបស់ប្រជាកសិករ ហើយរង់ចាំអន្តរាគមន៍ជានិច្ចប្រសិនបើមានបញ្ហាណាមួយដែលបង្កផលប៉ះពាល់ដល់ដំណាំពួកគាត់៕