សន្ដិសុខសង្គម

បង្ក្រាបករណីដឹកជញ្ជូនជនជាតិចិនឆ្លងដែនខុសច្បាប់នៅច្រកព្រំដែនអូរស្រឡៅ(ទន្លេមេគង្គ) ស្រុកឆែប

ដោយ : បន្ទាយ

ព្រះវិហារ ៖សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិចិនសរុបចំនួន ១៥នាក់ប្រុស និង ជនជាតិខ្មែរចំនួន ០១នាក់ ដែលជាអ្នកបើកបរនាថ្ងៃទី០២ ខែកុម្ភ: ឆ្នាំ២០២៤ នេះ។

រដ្ឋបាលខេត្តព្រះវិហារបា ចេញផ្សាយនៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៤ ថា: ក្រោមការដឹកនាំពីលោក គីម រិទ្ធី អភិបាលខេត្ត និងជាប្រធានគណៈបញ្ជការឯកភាពខេត្តព្រះវិហារ និងការបញ្ជាផ្ទាល់របស់លោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា ស្នងការនគរបាលខេត្តព្រះវិហារ កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកឆែប និងវរសេនាតូចនគរបាលព្រំដែនគោក១០៥ បានចុះបង្រ្កាបករណីដឹកជញ្ជូនជនជាតិចិនឆ្លងដែនខុសច្បាប់ចំនួន ០២លើក នៅចំណុចឃុំកំពង់ស្រឡៅមួយ និងកំពង់ស្រឡៅពីរ ស្រុកឆែប ព្រំដែនកម្ពុជា-ឡាវ ។

ប្រភពបាបន្តថា : សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យជនជាតិចិនសរុបចំនួន ១៥នាក់ និង ជនជាតិខ្មែរចំនួន ០១នាក់(អ្នកបើកបររថយន្ត) និងដកហូតវត្ថុតាងរថយន្តចំនួន១គ្រឿង ដើម្បីអនុវត្តតាមនីតិវិធី។

សូមរំលឹកថា ច្រកព្រំដែនអូរស្រឡៅនៅឃុំអូរស្រឡៅមួយស្រុកឆែបខេត្តព្រះដែន ដែលឆ្លងកាត់ទន្លេរពៅនិងច្រករបៀងផ្សេងទៀតនៅតំបន់សងខាងនៃព្រំដែនកម្ពុជា ឡាវ គឺនៅជាច្រករបៀង មិនទាន់ក្លាយជាច្រកព្រំដែនតំបន់ផងទេ។

ប៉ុន្តែតាមប្រភពព័ត៌មាននិងទិដ្ឋភាពជាក់ស្តែង គេឃើញមានជនបរទេសចេញ-ចូលជាហូរហែ។
ក្នុងនោះ កន្លងមកមានជនបរទេសឆ្លងមកលេងល្បែងនៅកាស៊ីណូជ្រោះសុភមិត្រ នៅឃុំកំពង់ស្រឡៅពីរ និងមួយចំនួនឆ្លងចូលក្នុងខេត្តព្រះវិហារនិងទៅខេត្តឯទៀត ហើយឆ្លងដែនទៅប្រទេសទី៣ ដោយឆ្លងកាត់ប្រទេសថៃ។ក្នុងនោះ មានជនជាតិចិនដែលឆ្លងដែនខុសច្បាប់ពីប្រទេសចិនដីគោកឆ្លងកាត់ប្រទេសឡាវចូលមកកម្ពុជា ៕