សន្ដិសុខសង្គម

បញ្ជូនឧក្រិដ្ឋជនគ្រឿងញៀន៤នាក់ ទៅតុលាការជាមួយ វត្ថុតាងជាង១០គីឡូក្រាម

ដោយ៖វិចិត្រ
ភ្នំពេញ៖កម្លាំងមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ក១នៃអគ្គស្នងការ​នគរបាល​បានបង្ក្រាបករណីជួញដូរ រក្សាទុកគ្រឿងញៀន និងចាប់ជន​ល្មើស៤នាក់ ហើយបញ្ជូនឧក្រិដ្ឋជន៤នាក់នោះទៅតុលាការជាមួយ វត្ថុតាងជាង១០គីឡូក្រាម។

មន្ត្រីចុះប្រតិបត្តិការបានឱ្យដឹងថា ដោយអនុវត្តបទបញ្ជាពីនាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ កម្លាំងនៃមន្ទីរ ក១ និងថ្នាក់ដឹកនាំផ្នែក​ជំនាញ កាលពីរសៀលថ្ងៃទី៣០ ខែមករាឆ្នាំ២០២៤ បានចុះស្រាវជ្រាវ​និងស៊ើបអង្កេត ឈានដល់ការបង្ក្រាបករណី ជួញដូ រក្សាទុកគ្រឿងញៀន នៅ៣គោលដៅផ្សេងគ្នាជាបន្តបន្ទាប់។

គោលដៅទី១-តាមផ្លូវក្រវាត់ក្រុង ត្រង់ផ្លូវបំបែកផ្សារក្រោម ភូមិកក្រាញ់ ក្រុង/ខេត្តសៀមរាប។គោលដៅទី២-ផ្លូវក្រុម១ ភូមិស្ពានជ្រាវ ក្រុងសៀមរាប និងគោលដៅទី៣-ភូមិក្រសាំងរលើង ខេត្តសៀមរាប។ជនសង្ស័យ៤នាក់​ឈ្មោះ ផាន់សុខជា អាយុ៣២ឆ្នាំ-ឈ្មោះ ភា ភ័ក្រ អាយុ៣១-ឈ្មោះចេក សុផល អាយុ៣៨ឆ្នាំ-ឈ្មោះ ជ្រឹង គឹមសៀង អាយុ៣០ឆ្នាំ។

ពេលឃាត់ខ្លួនសមត្ថកិច្ចដកហូតវត្ថុតាង គ្រឿងញៀនច្រើនប្រភេទ សរុបទម្ងន់១០គីឡូ ៦៩០,១ក្រាម និងទូរសព្ទចំនួន៦គ្រឿង។ក្រោយមក​ផ្នែកជំនាញបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ និងវត្ថុតាងទៅ​តុលាការខេត្តសៀមរាប ដើម្បីចាត់ការតាមច្បាប់៕