ព័ត៌មានជាតិ

ខេត្តកំពង់ចាមនិងខេត្តព្រៃវែងសហការគ្នាបូមទឹកពីទន្លេតូចស្រុកកោះសូទិន ដើម្បីសង្រ្គោះដំណាំស្រូវខ្វះទឹកជិតមួយម៉ឺនហិកតា

ដោយ៖ គង់ហេង
កំពង់ចាម៖ លោក អ៊ុន ចាន់ដា ជាអភិបាលខេត្តកំពង់ចាម និងលោក សួន សុម៉ាលី ជាអភិបាលខេត្តព្រៃវែង អមដំណើរដោយមន្រ្តីពាក់ព័ន្ធនៃខេត្តទាំងពីរបានសហការគ្នាបើកម៉ូទ័រនៅស្ថានីយបូមទឹកលេខ១ គម្រោងអភិវឌ្ឍន៍ប្រព័ន្ធស្រោចស្រពវ៉ៃកូ ជំហាន២ ស្ថិតក្នុងឃុំមហាលាភ ស្រុកកោះសូទិន នាំទឹកពីទន្លេតូចឆ្ពោះទៅខេត្តព្រៃវែងចម្ងាយប្រមាណ ១១៣ គីឡូម៉ែត្រ ដើម្បីសង្រ្គោះដំណាំស្រូវប្រាំងជិតមួយម៉ឺនហិកតានៅទីនោះ។

លោក អ៊ុម វិបុល ប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តកំពង់ចាម បានជម្រាបប្រាប់គណៈប្រតិភូ នៃខេត្តទាំងពីរ នៅស្ថានីយបូមទឹកលេខ១ នៅព្រឹកថ្ងៃទី ១ កុម្ភៈនេះថា៖ ផ្អែកតាមការជូនដំណឹងរបស់រដ្ឋបាលខេត្តព្រៃវែង មកកាន់រដ្ឋបាលខេត្តកំពង់ចាម គឺមានដំណាំស្រូវប្រាំងរបស់ប្រជាពលរដ្ឋចំនួន ៩.៨៨៣ ហិកតាក្នុងស្រុកកំចាយមា,ស្រុកមេសាង និងស្រុកស្វាយអន្ទរ ខេត្តព្រៃវែង បានជួបបញ្ហារាំងស្ងួតខ្វះទឹក។

លោកប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តបានឱ្យដឹងទៀតថា៖ ដើម្បីសង្រ្គោះស្រូវខ្វះទឹក របស់ស្រុកចំនួនបី នៃខេត្តព្រៃវែង ដែលមានចម្ងាយជាង ១០០ គីឡូម៉ែត្រពីស្ថានីយបូមទឹក លោក អ៊ុន ចាន់ដា ជាអភិបាលខេត្តកំពង់ចាមបានសម្រេចឱ្យបើកម៉ូទ័រចំនួន ពីរគ្រឿង នៅពេលថ្ងៃ និងពេលយប់ចំនួន បួន គ្រឿង ពោលគឺយើងមិនអាចបូមម៉ូទ័រគ្រប់ទាំងចំនួន ប្រាំបួន គ្រឿងបានទេ ដោយសារកម្លាំងភ្លើងអគ្គិសនីនៅមានកម្រិត ហើយម៉ូទ័រមួយគ្រឿងៗ មានមុខកាត់ ១,៦ ម៉ែត្រ និងមានសមត្ថភាពបូមទឹកក្នុងមួយម៉ោង១៤.០៤០ ម៉ែត្រគុប។

លោកបានបន្តថា៖ អ៊ីចឹងយើងនៅមិនអាចកំណត់ ឬព្យាករណ៍ល្បឿនទឹកនៃទន្លេវ៉ៃកូរយៈពេលប៉ុន្មាននឹងបញ្ជូនទឹកទៅដល់ដើម្បីសង្រ្គោះស្រូវខ្វះទឹកនៅទីនោះបានទេ គឺរង់ចាំពិនិត្យជាក់ស្តែង ខាងលោកនឹងជូនដំណឹងតាមក្រោយ។

លោកបានបន្ថែមថា៖ ស្ថានីយបូមទឹកលេខ១ គម្រោងអភិវឌ្ឍន៍ប្រព័ន្ធស្រោចស្រពវ៉ៃកូជំហាន២ បានចាប់ផ្តើមស្ថាបនានៅឆ្នាំ២០១៧ គឺយើងមិនដែលបានបូមដូចថ្ងៃនេះទេ។ ដោយកាលពីសាងសង់ហើយនោះខាងភាគីក្រុមហ៊ុនចិនជាអ្នកស្ថាបនាបានគ្រាន់តែធ្វើការបូមសាកល្បងប៉ុណ្ណោះ៕

                                                            ទីតាំងខ្វះទឹកនៅខេត្តព្រៃវែង