សន្ដិសុខសង្គម

កំពុងរកមូលហេតុ ករណីស្ត្រីម្នាក់ធ្លាក់ពីលើអគារជាន់ទី៥បណ្តាលឱ្យស្លាប់ភ្លាម

ដោយ៖វិចិត្រ
ភ្នំពេញ៖ក្រុមមន្ត្រីជំនាញកំពុងបើកការស៊ើបអង្កេតរកមូលហេតុ ករណីស្ត្រីម្នាក់ធ្លាក់ពីលើអគារជាន់ទី៥ បណ្តាលឱ្យស្លាប់មួយរំពេច។ហេតុការណ៍នេះបានកើតឡើងនៅភូមិ១៣ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន កាលពីវេលាទៀបភ្លឺថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៤។

មន្ត្រីមូលដ្ឋានបានឱ្យដឹងថា៖ ស្ត្រីដែលស្លាប់ឈ្មោះ ភ័ក្រ្ត អាយុជាង៣០ឆ្នាំ ស្នាក់នៅបន្ទប់ជួលអគារជាន់ទី៥ ក្នុងភូមិសង្កាត់ខាងលើ។ ស្ត្រីជាមិត្តសពបានរៀបរាប់ឱ្យដឹងថា មុនកើតហេតុ ឈ្មោះ ភ័ក្រ្តបានឆាតតាមទូរសព្ទប្រាប់នាងថា “បើគ្នាស្លាប់ជួយធ្វើបុណ្យឱ្យផង”។

ក្រោយមកឈ្មោះ ភ័ក្រ្តបានចុះពីបន្ទប់ជួលទៅលេងជាមួយអ្នកជិតខាងស្គាល់គ្នានៅខាងក្រោម។នាងក៏ពោលប្រាប់អ្នកដែលស្គាល់គ្នាថា “ក្នុងបន្ទប់ជួលរបស់នាងតែងតែមានជំនាងផ្ទះមកលងនាងរាល់ថ្ងៃ ធ្វើឱ្យនាងភ័យខ្លាច”។ ពេលនោះនាងក៏បានផឹកស្រាបៀរអស់២ទៅ៣កំប៉ុង រួចឡើងទៅបន្ទប់ជួលនៅជាន់ទី៥ វិញ។

លុះម៉ោងប្រមាណ៤ទៀបភ្លឺ ស្រាប់តែគេឃើញនាងភ័ក្ត្រ បានធ្លាក់ពីលើអគារជួលជាន់ទី៥មកក្រោមបណ្តាលឱ្យស្លាប់ភ្លាម ហើយបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់អ្នកជិតខាង។បន្ទាប់ពីនោះសមត្ថកិច្ចក៏បានចុះមកពិនិត្យសព និងធ្វើកោសល្យវិច័យ ហើយបានបញ្ជាក់ថា នាងបានស្លាប់ដោយធ្លាក់ពីទីខ្ពស់។ប៉ុន្តែមិនទាន់ដឹងថាជាករណីអ្វីនាំឱ្យនាងធ្លាក់នោះទេ សមត្ថកិច្ចកំពុងបើកការស៊ើបអង្កេត៕