អន្តរជាតិ

អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ីត្រូវបានបន្ធូរបន្ថយទោសពីជាប់គុក១២ឆ្នាំមកនៅត្រឹម៦ឆ្នាំរឿងពុករលួយពេលកាន់អំណាច

ប្រែសម្រួល៖ស-សម្បត្តិ

គូឡាឡាំពួរ៖ មន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់បានប្រាប់ CNA ថាកាលពីថ្ងៃចន្ទ ទី២៩ មករា ក្រុមប្រឹក្សាភិបាលលើកលែងទោសដឹកនាំដោយព្រះមហាក្សត្រម៉ាឡេស៊ីបានបើកកិច្ចប្រជុំពិភាក្សាសម្រេចបន្ធូរបន្ថយទោសអតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក ណាជីប រ៉ាហ្សាក់ដែលត្រូវតុលាការកាត់ទោសដាក់គុកពីបទពុករលួយចំនួន១២ ឆ្នាំឲ្យមកនៅត្រឹម ៦ ឆ្នាំ។

ការសម្រេចចិត្តរបស់ក្រុមប្រឹក្សាភិបាល ដែលដឹកនាំដោយព្រះមហាក្សម៉ាឡេស៊ី រួមមានការកាត់បន្ថយការផាកពិន័យចំនួន ២១០លាន RM ស្មើនឹង៤៤.៤ លានដុល្លារអាមេរិកបន្ថយមកនៅក្នុងចំនួនតិចជាងនេះតែមិនទាន់បានបញ្ជាក់នោះទេ នេះបើយោងតាមប្រភពបីដាច់ដោយឡែកពីគ្នាដែលបាននិយាយក្នុងលក្ខខណ្ឌនៃការរក្សាការសម្ងាត់យ៉ាងតឹងរឹងបំផុត។

ការបន្ធូរបន្ថយទោសដោយព្រះមហាក្សត្រគ្រាន់តែជាផ្នែកមួយនៅក្នុងសំណុំរឿង 1Malaysia Development Berhad (1MDB) ដែលកើតឡើងចាប់តាំងពីគាត់ត្រូវបានតុលាការកាត់ទោសដាក់ពន្ធនាគារចំនួន១២ឆ្នាំដែលឥឡូវនេះគាត់បានអនុវត្តទោសក្នុងពន្ធនាគារអស់រយ:ពេលជិតពីរឆ្នាំហើយ។ការបន្ធូរបន្ថយទោសនេះមានន័យថាលោក Najib ត្រូវបានគេរំពឹងថាអាចនឹងបញ្ចប់ការអនុវត្តទោសរបស់គាត់នៅក្នុងខែសីហា ឆ្នាំ ២០២៨។ ប៉ុន្តែបើលោកសម្របសម្រួលអាកប្បកិរិយាបានល្អលោកអាចត្រូវបានដោះលែងឲ្យនៅក្រៅឃុំក្នុងខែសីហា ឆ្នាំ ២០២៦បន្ទាប់ពីបានអនុវត្តទោសនៅក្នុងគុកពីរភាគបីសម្រាប់អាណត្តិថ្មីនេះ។

កិច្ចប្រជុំក្រុមប្រឹក្សាលើកលែងទោសនៅថ្ងៃទី 29 ខែមករា ឆ្នាំ 2024 គឺជាកិច្ចការផ្លូវការចុងក្រោយរបស់ស្តេចស៊ុលតង់ Abdullah Ri’ayatuddin មុនពេលដែលព្រះអង្គបានចុះចេញពីតំណែងជាស្តេចម៉ាឡេស៊ីនៅថ្ងៃទី 31 ខែមករា។ (រូបថត៖ Istana Negara)

នៅក្រោយពេលដែលលោកស្រីវេជ្ជបណ្ឌិត Zaliha Mustafa ដែលជារដ្ឋមន្ត្រីប្រចាំទីស្តីការនាយករដ្ឋមន្ត្រីទទួលបន្ទុកដែនដីសហព័ន្ធបានបញ្ជាក់កាលពីថ្ងៃអង្គារថាសមាជិកក្រុមប្រឹក្សាភិបាលរួមទាំងលោកស្រីបានជួបប្រជុំគ្នាកាលពីថ្ងៃចន្ទគឺបានបង្កឲ្យមានការព្យាករដ៏ក្តៅគគុកមួយចំពោះការលើកលែងទោសលោក Najib ។ លោកស្រី​បាន​បន្ថែម​ថា​ការ​ប្រកាស​ជា​ផ្លូវ​ការ​ដោយ​ក្រុមប្រឹក្សា​លើក​លែង​ទោស​នឹង​ត្រូវ​ធ្វើ​ឡើងឆាប់ៗនេះ។

កិច្ចប្រជុំនេះគឺជាការពិភាក្សាផ្លូវការជាលើកចុងក្រោយបង្អស់មួយរបស់ព្រះចៅស៊ុលតង់ Abdullah Ri’ayatuddin នៅមុនពេលដែលទ្រង់បានចុះពីរាជបល័្លង្កនៅថ្ងៃទី ៣១ ខែមករា ហើយបានថ្វាយរាជបល្ល័ង្កនេះទៅព្រះចៅស៊ុលតង់ Ibrahim Sultan Iskandar Johor ក្រោមប្រព័ន្ធផ្ទេររាជបល័្លង្កតែមួយគត់របស់ប្រទេសសម្រាប់គ្រួសាររាជវង្សទាំងប្រាំបួនរជ្ជកាល។

លោក Najib Razak គឺជានាយករដ្ឋមន្ត្រីទីមួយរបស់ម៉ាឡេស៊ី ដែលត្រូវជាប់ពន្ធនាគាររឿងពុករលួយ។ (REUTERS/Lai Seng Sin/រូបភាពឯកសារ)

សារព័ត៌មាន CNA កំពុង​ទាក់ទង​អាជ្ញាធរ​ម៉ាឡេស៊ី​ដើម្បី​សុំ​ការ​ធ្វើអត្ថាធិប្បាយ។ លោក Muhammad Shafee Abdullah ទីប្រឹក្សារបស់លោក Najib បាននិយាយថា គាត់នៅមិនទាន់ត្រូវបានគេជូនដំណឹងអំពីការសម្រេចចិត្តណាមួយដោយក្រុមប្រឹក្សាលើកលែងទោសនៅឡើយទេ៕

ប្រភព៖ CNA/lo(cc)