ព័ត៌មានជាតិ

ស្នងការដ្ឋាននគរបាលបន្ទាយមានជ័យពិនិត្យលទ្ធផលសម្រេចបាននិងដាក់ផែនការការពារសុវត្ថិភាពចូលឆ្នាំចិន

ដោយ : បន្ទាយ
បន្ទាយមានជ័យ: ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី៣០ខែមករាឆ្នាំ២០២៤ បានដឹកនាំកម្លាំងនគរបាលក្រោមឱវាទ ប្រជុំបូកសរុបសភាពការណ៍ និង លទ្ធផលកិច្ចប្រតិបត្តិការប្រចាំខែមករា ឆ្នាំ២០២៤  ហើយក៏ផ្សព្វផ្សាយផែនការ ការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណ: និងសុវត្ថិភាពសង្គម ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីរបស់ប្រជាជនចិន វៀតណាមនាពេលខាងមុខ ។


កិច្ចប្រជុំនេះត្រូវបានធ្វើនៅស្នងការដ្ឋាននគរបាលខេត្ត ដែលមានការចូលរួមពី លោក លោកស្រី ឧត្តមសេនីយ៍ត្រី វរសេនីយ៍ ស្នងការរង លោកនាយ នាយរង ការិយាល័យជំនាញទាំង៣១ លោកអធិការនគរបាលក្រុង-ស្រុកទាំង៩ មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកទាំង៤ លោកនាយប៉ុស្តិ៍រដ្ឋបាលឃុំ-សង្កាត់ទាំង៦៧ និង នាយប៉ុស្តិ៍នគរបាលការពារព្រំដែនគោកទាំង៣២។


លោកឧត្តមសេនីយត្រី រ៉ែម វីរ: ស្នងការរង ទទួលផែនការងារសេនាធិការ បានបង្ហាញរបាយការណ៍បូកសរុបប្រជុំបូកសរុបសភាពការណ៍ និង លទ្ធផលកិច្ចប្រតិបត្តិការប្រចាំខែមករា ឆ្នាំ២០២៤ (គិតពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣ ដល់ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤) និងទិសដៅអនុវត្តការងារសម្រាប់ខែបន្ទាប់។

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យបានថ្លែងកោតសរសើរដល់ លោក លោកស្រី ថ្នាក់ដឹកនាំនិងមន្ត្រី គ្រប់ផ្នែកពាក់ព័ន្ធដែលបានប្រឹងប្រែងបំពេញការងាររហូតបានលទ្ធផលល្អ។ទន្ទឹមគ្នានោះលោកក៏បានដាក់ចេញ​​ផែនការ ដល់កងកម្លាំងនគរបាលទាំងអស់ត្រូវ អនុវត្តន៍ តួនាទី ភារកិច្ច ឲ្យបានល្អ ត្រូវគោរពច្បាប់ គោរពវិន័យ និងគោរពបទបញ្ជារបស់ថ្នាក់ដឹកនាំឲ្យបានល្អ។

ក្នុងនោះមាន៖ ត្រូវក្តាប់រាល់ព័ត៌មាននិងគ្រប់គ្រងរាល់សភាពការណ៍ព្រំដែន,ត្រូវសហការឲ្យបានល្អជាមួយសមត្ថកិច្ច និង អាជ្ញាធរពាក់ព័ន្ធ ,បន្តធ្វើបច្ចុប្បន្នភាព ចំណាកស្រុក ចំណូលស្រុក ភោជនីយដ្ឋាន បៀរហ្កាដិន សណ្ឋាគារ និងផ្ទះសំណាក់ ,ពង្រឹងការផ្សព្វផ្សាយច្បាប់ ផ្តល់សេវារដ្ឋបាលសាធារណ: និង សេវាសន្តិសុខ ជូនពលរដ្ឋឲ្យបានល្អ ។

ជាមួយនោះបន្តពង្រឹងក្នុងការទប់ស្កាត់រាល់បទល្មើសព្រហ្មទណ្ឌ បទល្មើសគ្រឿងញៀន និងក្មេងទំនើង, បន្តពង្រឹងការយាមល្បាត វេនប្រចាំបញ្ជា ត្រៀមកម្លាំងអន្តរាគមន៍២៤ម៉ោង
,ធ្វើបច្ចុប្បន្នភាព ចំនួនប្រជាការពារ តាមឃុំ-សង្កាត់ ចម្រាញ់គុណភាព ធ្វើការលើកទឹកចិត្ត បណ្តុះបណ្តាលជំនាញ និងជួយឧបត្ថម្ភគាំទ្រដល់ពួកគាត់ ដើម្បីចូលរួមអនុវត្តគោលនយោបាយភូមិឃុំ-សង្កាត់មានសុវត្ថិភាពរបស់រាជរដ្ឋាភិបាលឲ្យកាន់តែមានប្រសិទ្ធភាព៕