សន្ដិសុខសង្គម

សមត្ថកិច្ចតម្រូវឱ្យម្ចាស់រថយន្តហ្វតដែលបុកមនុស្សស្លាប់ចូលខ្លួនដោះស្រាយជាបន្ទាន់

ដោយ៖កំចាយ

កំពត÷ លោកស្នងការនគរបាលខេត្តកំពតបានតម្រូវឱ្យម្ចាស់រថយន្តហ្វតដែលបានបើកបុកម៉ូតូបណ្តាលឱ្យមនុស្សវ័យចំណាស់២នាក់ស្លាប់នាពេលថ្មីៗនេះចូលខ្លួនដោះស្រាយដោយកំណត់ត្រឹមថ្ងៃទី១ ខែកុម្ភ: ឆ្នាំ២០២៤ ជាកំហិត។

បង្ហោះសំណេរ និងរូបថតរថយន្តលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួនកាលពីរសៀលថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ បានជូនដំណឹងក្នុងខ្លឹមសារថា ម្ចាស់រថយន្ត Ford ពណ៌ស ដូចមានភិនភាគក្នុងរូបថតត្រូវចូលមកដោះស្រាយករណីបង្កគ្រោះថ្នាក់ចរាចរកាលពីម៉ោង១២ និង៣០នាទីថ្ងៃត្រង់ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៤ នាភូមិសាស្ត្រស្រុកដងទង់ឱ្យបានឆាប់បំផុត។ ប្រសិនបើម្ចាស់រថយន្តឈ្មោះ ផល្លា ស៊ីម៉េង មានទីលំនៅក្នុងខេត្តកណ្តាលមិនចូលដោះស្រាយត្រឹមថ្ងៃទី១ ខែកុម្ភ: ឆ្នាំ២០២៤នេះទេ នោះនឹងមិនរួចខ្លួនឡើយ។

សូមរម្លឹកថា កាលពីវេលាម៉ោង១២ និង៣០នាទីថ្ងៃត្រង់ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៤ មានករណីគ្រោះថ្នាក់ចរាចរដោយរថយន្ត១គ្រឿងបានបុកម៉ូតូពីក្រោយពលធ្វើដំណើរលើផ្លូវជាតិលេខ៣ត្រង់ចន្លោះបង្គោលគីឡីម៉ែត្រលេខ១២៤-១២៥ ស្ថិតក្នុងភូមិល្អាង ឃុំល្អាង ស្រុកដងទង់។ ក្រោយកើតហេតុ រថយន្តបង្កមិនបានបញ្ឈប់ទេដោយបើកគេចបាត់ភ្លាមៗ។ បុរសស្ត្រីដែលជិះម៉ូឌុបរងរងរបួសធ្ងន់ ហើយបានស្លាប់ទាំង២នាក់ពេលបញ្ជូនទៅកាន់មន្ទីរពេទ្យ។ ជនរងគ្រោះ រួមមាន ១. ឈ្មោះ វយ សឿន ភេទប្រុស អាយុ ៦៥ឆ្នាំ រស់នៅភូមិដំណាក់ត្រាច ឃុំកណ្តោល ស្រុកទឹកឈូ ខេត្តកំពត ជាអ្នកបើកម៉ូតូ។ ២. ឈ្មោះ កយ ប៊ុ អាយុ ៧៦ឆ្នាំ មានទីលំនៅភូមិតាណន់ ឃុំក្រាំងស្នាយ ស្រុកឈូក ខេត្តកំពត៕