សន្ដិសុខសង្គម

សមត្ថកិច្ចឃាត់ខ្លួនជនជាតិចិន៨នាក់ពេលជិះទូកឆ្លងដែនពីឡាវមកកម្ពុជា

ដោយ ៖ សុខុម
ព្រះវិហារ៖ អាជ្ញាធរមានសមត្ថកិច្ចខេត្តព្រះវិហារកាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ បានឃាត់ខ្លួនជនជាតិចិនចំនួន៨នាក់នៅមាត់ទន្លេ ស្ថិតក្នុងភូមិកំពង់ស្រឡៅ ឃុំកំពង់ស្រឡៅមួយ ស្រុកឆែប។


អាជ្ញាធរបានចោទជនជាតិចិនថាបានឆ្លងដែនខុសច្បាប់ពីទឹកដីប្រទេសឡាវតាមទូកមកកម្ពុជា។
សមត្ថកិច្ចបានបញ្ជាក់ថា នៅក្រោយពេលឃាត់ខ្លួនជនជាតិចិនបានឆ្លើយថាពួកគេជិះទូកឆ្លង តាមព្រំដែនទឹកពីប្រទេសឡាវមកកម្ពុជា ដើម្បីស្វែងរកការងារធ្វើនៅរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ។

ប្រភពបាននិយាយទៀតថា មុនចូលមកប្រទេសកម្ពុជា ពួកគេបានស្នាក់នៅនិងធ្វើការងារនៅប្រទេសឡាវ។ ក្រោយមកធ្វើការទាក់ទងចូលមកប្រទេសកម្ពុជាតាមរយៈប្រព័ន្ធបណ្ដាញសង្គម និងតាមការណែនាំពីមិត្តភក្ដិជាជនជាតិចិនស្នាក់នៅប្រទេសឡាវជាមួយគ្នា។ពួកគេមាន​អ្នករៀបចំមធ្យោបាយធ្វើដំណើរពីព្រំដែនប្រទេសឡាវរហូតដល់គោលដៅធ្វើការនៅប្រទេសទេសកម្ពុជា។រាល់ការចំណាយទាំងអស់នឹងទូទាត់គ្នានៅពេលធ្វើដំណើរទៅដល់គោលដៅ។

បច្ចុប្បន្ន ជនជាតិចិនទាំង៨នាក់កំពុងបន្តនីតិវិធីនៅស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ៕