ព័ត៌មានជាតិ

បើកអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងខេត្តបន្ទាយមានជ័យលើកទី៣១

ដោយ : បន្ទាយ
បន្ទាយមានជ័យ៖ មន្ត្រីគណ:សង្ឃ មន្ត្រីធម្មការនិងមន្ត្រីអាជ្ញាធរមានសមត្ថកិច្ចថា “នឹងខិតខំបន្តដោះស្រាយអធិករណ៍ក្នុងព្រះពុទ្ធសាសនាដោយផ្អែកលើ សង្ឃប្រកាស បន្តពង្រឹងនៅវត្តអារាមផ្នែករដ្ឋបាលគណនេយ្យភាព តម្លាភាព និងចៀសវាងការប្រើឥទ្ធិពលណាមួយដែលពុំសមស្របធ្វើឲ្យប៉ះពាល់បាត់បង់នូវក្រមសីលធម៌”។


នេះបើតាមការលើកឡើងរបស់វាគ្មិនបានថ្លែងក្នុងពិធីផ្សព្វផ្សាយខ្លឹមសារបើកអនុសំវច្ចរៈមហាសន្និបាតមន្ត្រីសង្ឃខេត្តបន្ទាយមានជ័យលើកទី៣១ កាលពីថ្ងៃទី៣០ខែមករា ឆ្នាំ២០២៤ ប្រារព្ធនៅក្នុងវត្តឧត្តមរត្យារាមហៅវត្តត្រពាំងថ្ម ឃុំប៉ោយចារ ស្រុកភ្នំស្រុកខេត្តបន្ទាយមានជ័យ។


លោក បៀវ ថាន ប្រធានមន្ទីរធម្មការនិងសាសនាខេត្តបន្ទាយមានជ័យបានឲ្យដឹងថា : រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភាដែលមានសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែត ជានាយករដ្ឋមន្ត្រី បានជំរុញលើការអភិវឌ្ឍលើគ្រប់វិស័យ និងបានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទីមួយ នៃកម្មវិធីនយោបាយយ៉ាងជាក់លាក់សម្រាប់ជាត្រីវិស័យក្នុង ការងាររបស់ខ្លួនដើម្បីបម្រើប្រជាជន ដែលជាម្ចាស់ឆ្នោតបានផ្តល់នូវសេចក្ដីទុកចិត្តបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជានិងការដឹកនាំឲ្យប្រទេសមានការរីកចម្រើនបន្ថែមទៀត។


ពិធីអនុសំវច្ចរៈមហាសន្និបាតមន្ត្រីសង្ឃទូទាំងខេត្ត បានប្រព្រឹត្តទៅក្នុងស្ថានភាពនយោបាយដែលមានសន្តិភាពស្ថិរភាពនយោបាយ សន្ដិសុខសណ្ដាប់ធ្នាប់សាធារណៈមានភាពល្អប្រសើរ
ហើយរាជរដ្ឋាភិបាលបានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណជារបៀបវារៈនៃការអភិវឌ្ឍសង្គមសេដ្ឋកិច្ចរបស់កម្ពុជានឹងរយៈពេល ២៥ឆ្នាំខាងមុខ។


ព្រះសមណៈញាណណាប់ មុឺន ព្រះបាឡាត់គណខេត្ត មានសង្ឃដីកាថា : សាសនាជាប្រភពផ្តល់នូវគុណតម្លៃដ៏សំខាន់ដែលមានឥទ្ធិពលលើរបបនយោបាយ ច្បាប់ វប្បធម៌ ប្រពៃណីទំនៀមទម្លាប់ ការប្រតិបត្តិសាសនានៅក្នុងសង្គមជាតិនីមួយនីមួយ ដែលមានជាប់ទាក់ទងនឹងប្រពៃណីទំនៀមទម្លាប់វប្បធម៌របស់ជាតិសាសន៍នោះផងដែរ។


ព្រះអង្គបានបន្តថា :ជាអត្តសញ្ញាណ និងគុណតម្លៃរួមដឹកនាំជីវិតរស់នៅរបស់មនុស្សក្នុងសង្គមនីមួយនីមួយ ធ្វើឲ្យផ្នត់គំនិតឥរិយាបថសកម្មភាពមនុស្សមានភាពសមរម្យនិងមានលក្ខណៈប្រហាក់ប្រហែលគ្នា អាចរស់នៅជាមួយគ្នាប្រកបដោយសុខដុមរមនា។


លោកឃ្លោក នួយ អភិបាលរងខេត្តបន្ទាយមានជ័យអោយដឹងថា: ក្នុងបរិបទនេះការអប់រំតាមរយៈព្រះពុទ្ធសាសនាកាន់តែមានតួនាទី ដើម្បីធានាថាការរីកចម្រើនខាងសម្ភារនិងស្មារតីត្រូវតែមានល្បឿនស្មើគ្នា ការស្វែងរកភាពមានបាន ខាងសម្ភារត្រូវស្ថិតនៅក្នុងក្របខ័ណ្ឌច្បាប់យុត្តិធម៌ សមធម៌ សុជីវធម៌ សីលធម៌និងគុណធម៌។


តាមធម៌វិន័យកា​រគោរពច្បាប់ការលើកកម្ពស់ យុត្តិធម៌មនុស្សធម៌សីលធម៌ គុណធម៌ និងការសន្សំបុណ្យកុសលដើម្បីបានជាបុណ្យកុសលរួមជួយឲ្យសង្គមមានសាមគ្គីធម៌សង្គម សន្តិភាព និងការអភិវឌ្ឍន៍ ។


ព្រះពុទ្ធសាសនា គឺជាសាសនានៃសុខសន្តិភាពអហិង្សានិងស្មារតីបម្រើមនុស្សជាតិ ដែលចាំបាច់ត្រូវលើកកម្ពស់អង្គមហាសន្និបាតព្រះមន្ត្រីសង្ឃខេត្ត បានដំណើរការទៅដោយរលូន បទអន្តរាគមន៍ របាយការណ៍ លទ្ធផលការងាររបស់សាលាអនុគណទាំង ៩ស្រុកក្រុង ងាយស្រួល លំបាកបញ្ហាប្រឈមផ្សេងៗត្រូវបានធ្វើការដោះស្រាយ៕