សន្ដិសុខសង្គម

បញ្ជូននគរបាលប៉ុស្ដិ៍ម្នាក់ និងគូកន២នាក់ទៅតុលាការពាក់ព័ន្ធគំរាមយកលុយពីពលរដ្ឋ

ដោយ៖វិចិត្រ
ភ្នំពេញ៖ កម្លាំងនគរបាលភ្នំពេញព្រឹកថ្ងៃទី៣១ ខែមករានេះបានបញ្ជូនគរបាលប៉ុស្ដិ៍ស្ទឹងមានជ័យទី៣ម្នាក់ និងបក្ខពួក២នាក់ទៅតុលាការរាជធានីភ្នំពេញ ដើម្បីអនុវត្តតាមច្បាប់ ករណីក្រុមជនសង្ស័យបានប្រព្រឹត្តបទល្មើសគំរាមកំហែងយកលុយពីប្រជាពលរដ្ឋ។

សមត្ថកិច្ចបានឱ្យដឹងដោយរំលឹកថា នៅថ្ងៃទី៣០ ខែមករា មានយុវជន៥នាក់ បានផ្តល់បទសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន នៅលើបណ្ដាញសង្គមហ្វេសប៊ុក កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤កន្លងទៅថា មានសមត្ថកិច្ចគាបយកលុយ នៅម្តុំស្ថានីយប្រេងតេលាលូ៥ ផ្លូវវេងស្រេង ភូមិដំណាក់ធំ៥ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ។

ករណីនេះដោយអនុវត្តតាមបទបញ្ជា ពីលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ កម្លាំងនគរបាលព្រហ្មទណ្ឌ ជាមួយនគរបាលខណ្ឌមានជ័យ បានសហការស្រាវជ្រាវត្រួតពិនិត្យកន្លែងកើតហេតុ។ក្នុងនោះផ្នែកជំនាញបានប្រមូលវត្ថុតាង តាមកាមេរ៉ាសុវត្ថិភាព និងតាមការសាកសួរពីយុវជនរងគ្រោះ ក៏ឈានដល់ការឃាត់ខ្លួនមន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលស្ទឹងមានជ័យទី៣ម្នាក់ និងប្រជាការពារ២នាក់ ពីបទកំហែងយកប្រាក់។

ប្រភពដដែលបានបន្តថា ជនសង្ស័យ២នាក់ជាប្រជាការពារ-ឈ្មោះ នាង វណ្ណី ហៅ ប៉ាន់នី-ឈ្មោះ គឹម សុខា ហៅហង្ស១៣ និងអនុសេនីយ៍ឯក ព្រុំ វណ្ណរឿន ជាមន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលស្ទឹងមានជ័យ៣។ក្រោយពីឃាត់ខ្លួននិងសាកសួររួច សមត្ថកិច្ចបានកសាងសំណុំរឿង
បញ្ជូនជនសង្ស័យទៅតុលាការរាជធានីភ្នំពេញ បច្ចុប្បន្នកំពុងស្ថិតក្នុងដំណាក់កាលតំណាងអយ្យការកំពុងបើកការស៊ើបសួរ៕