ព័ត៌មានជាតិ

អភិបាលខេត្តស្នើដល់លោកសង្ឃនិងគណៈកម្មការទាំងជាង៣៧០វត្តជួយផ្សព្វផ្សាយឱ្យពលរដ្ឋចូលរួមអនុវត្តគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាព

ដោយ៖គង់ហេង
កំពង់ចាម៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាមបានអំពាវនាវដល់​លោកសង្ឃជាចៅអធិការ អាចារ្យ និងគណៈកម្មការវត្តសរុបចំនួន ៣៧៨ ក្នុងខេត្តមួយនេះ មេត្តាជួយផ្សព្វផ្សាយទៅដល់ប្រជាពលរដ្ឋ ឱ្យចូលរួមអនុវត្ត​គោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព។


លោកអភិបាលខេត្តកំពង់ចាមបានមានប្រសាសន៍អំពាវនាវយ៉ាងដូច្នេះ នៅក្នុងឱកាសដែលលោកបានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំផ្សព្វផ្សាយសង្ឃ ប្រកាសអនុសំវច្ឆរមហាសន្និបាតមន្រ្តីសង្ឃទូទាំងប្រទេសលើកទី៣១ នៅសាលាខេត្តកំពង់ចាម នារសៀលថ្ងៃទី ២៩ មករានេះ។


លោក អ៊ុន ចាន់ដា បានមានប្រសាសន៍ថា៖ លោកធ្លាប់បានស្តាប់នូវ​ប្រសាសន៍​ដ៏ថ្លៃថ្លារបស់ សម្តេចតេជោអតីតនាយករដ្ឋមន្ត្រី និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជាដែលតែងបានរំឭកជាញឹកញាប់ដល់ថ្នាក់ដឹកនាំ​សង្ឃគ្រប់គណៈនិកាយ គ្រប់ជាន់ថ្នាក់ សូមឲ្យមានការរួបរួមសាមគ្គី ធ្វើជាគំរូល្អដល់ពុទ្ធសាសនិក សំដៅលើកកម្ពស់ ការប្រតិបត្តិ​ព្រះពុទ្ធសាសនា និងគុណតម្លៃផ្នែកសីលធម៌ វប្បធម៌របស់ជាតិយើង ឲ្យបានថ្កុំថ្កើង និងគង់វង្សស្ថិតស្ថេរចីរកាល ដោយប្រកាន់យកពុទ្ធឱវាទ​ជាប្រទីបបំភ្លឺផ្លូវ សម្រាប់អប់រំចរិយាធម៌ និងស្មារតី ជម្រុះចោលគំនុំ ការច្រណែនឈ្នានីស និងអំពើហិង្សា។ ដើម្បីសម្រេចទិសដៅនេះ វត្តអារាម ព្រះសង្ឃមានភារកិច្ច សំខាន់ណាស់ក្នុងការដើរតួនាទីជាស្នូល ខាងការប្រតិបត្តិជាគំរូ និងធ្វើជាគ្រូ ក្នុងការផ្សព្វផ្សាយធម៌វិន័យ ព្រះពុទ្ធសាសនា និងជាមជ្ឈមណ្ឌលសាមគ្គី ឯកភាព របស់សង្គមជាតិ។


លោកបានបន្តថា៖ សូមស្នើព្រះមេគណ ព្រះមន្ត្រីសង្ឃ ព្រះចៅអធិការ លោកអាចារ្យ គណៈកម្មការទាំងអស់ មេត្តាបន្តជួយដល់រដ្ឋបាលខេត្ត ក្រុង-ស្រុក ឃុំ-សង្កាត់ ក្នុងការផ្សព្វផ្សាយទៅដល់ប្រជាពលរដ្ឋ ឱ្យចូលរួមអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់ មានសុវតិ្ថភាព ដែលមានចំណុចសំខាន់ៗរួមមាន៖ គ្មានបទល្មើសលួច ឆក់ប្លន់ គ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ និងបទល្មើសគ្រប់ប្រភេទ មានសណ្តាប់ធ្នាប់​សាធារណៈល្អ ជាពិសេស គ្មានគ្រោះថ្នាក់ចរាចរណ៍ គ្មានអំពើអាណានាចារ គ្មានការជួញដូរមនុស្សពិសេស ស្ត្រី និងកុមារ គ្មានអំពើហិង្សាក្នុងគ្រួសារ និងក្មេងទំនើង មានអនាម័យ មានសោភ័ណភាពល្អ និងបរិស្ថានល្អ។


សូមបញ្ជាក់ថា ព្រះពុទ្ធសាសនា គឺជាសាសនាធំជាងគេ ទទួលបានការ​និយមគោរព ស្រឡាញ់រាប់អាន ពីប្រជាពលរដ្ឋភាគច្រើនរហូតដល់ ៩៧,៦០ភាគរយ នៃចំនួនប្រជាពលរដ្ឋក្នុងខេត្ត។ ដោយមានពីរ គណៈ គឺគណៈមហានិកាយ និងគណៈធម្មយុត្តិកនិកាយ មានវត្តអារាមសរុបចំនួន ៣៧៨ វត្ត ក្នុងនោះធម្មយុត្តិ ១២ វត្ត មានអាស្រមចំនួន ១៦ កន្លែង និងមានមណ្ឌលវិបស្សនាចំនួន ២៩ កន្លែង និងព្រះ សង្ឃសរុបចំនួន ៥.៦៣៩ អង្គ ធម្មយុត្ត ១៤៤ អង្គ មានអាចារ្យវត្តចំនួន ១.៦៨៥ នាក់ និងគណៈកម្មការ​វត្ត ៣.៦២១នាក់៕