ព័ត៌មានជាតិ

សមាគមអតីតយុទ្ធជនកម្ពុជាខេត្តបន្ទាយមានជ័យថ្មីបើកកិច្ចប្រជុំលើកដំបូងរបស់ខ្លួន

ដោយ : បន្ទាយ

បន្ទាយមានជ័យ៖ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តបន្ទាយមានជ័យថ្មី លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ និងជាស្នងការនគរបាលខេត្តបន្ទាយមានជ័យកាលពីរសៀលថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ បានបើកកិច្ចប្រជុំលើកដំបូងរបស់ខ្លួនដើម្បីផ្សព្វផ្សាយអំពីរបៀបរបបការងារ ការអនុវត្ត តួនាទី ភារកិច្ចដល់សមាជិកសមាគមនេះ ។

លោក ឃុន វុទ្ធី ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទាខេត្តបន្ទាយមានជ័យ និងជាអនុប្រធានប្រចាំការ សមាគម បានឡើងរាយការណ៍អំពីលទ្ធផលដែលសមាគមសម្រេចបានអនុវត្តកន្លងមក។

ទន្ទឹមគ្នានោះលោកក៏បានសំណូមពរដល់លោកអធិការនគរបាលក្រុង-ស្រុក នាយប៉ុស្ត៍រដ្ឋបាលឃុំ-សង្កាត់ទាំងអស់ដែលជាប្រធាន អនុប្រធាន សមាជិកសមាគមនេះនៃស្រុក ក្រុងដែលនៅជាប់នឹងមូលដ្ឋានសូមជួយស្រាវជ្រាវរកសមាជិកក្រុមគ្រួសារអតីតយុទ្ធជនដើម្បីធ្វើប័ណ្ណក្រីក្រជូនពួកគាត់ឲ្យបានគ្រប់គ្នា។

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានធ្វើការផ្សព្វផ្សាយ  អំពីដំណើរការ ការអនុវត្ត របៀបរបបការងារ ដល់សមាជិកក្រុមលេខាធិការដ្ឋាន លោកអធិការក្រុង/ស្រុកទាំង៩ និងលោកនាយប៉ុស្តិ៍រដ្ឋបាលទាំង៦៧  ត្រូវបំពេញការងារជូនគ្រួសារអតីតយុទ្ធជនឲ្យបានទាន់ពេលវេលា អនុវត្តការងារតាមឋានានុក្រម ធ្វើរបាយការណ៍បូកសរុប និងកំណត់របបប្រជុំប្រចាំខែឲ្យបានច្បាស់លាស់។

ចុងក្រោយលោកក៏បានជំរុញឲ្យសមាជិករបស់សមាគមទាំងអស់ ត្រូវលើកអំពីចំណុចខ្លាំង ចំណុចខ្សោយ សំណូមពរផ្សេងៗ ដើម្បីរួមគ្នាដោះស្រាយ និងដាក់ចេញជាផែនការយុទ្ធសាស្រ្ត ក្នុងការអនុវត្តការងារឲ្យកាន់តែមានប្រសិទ្ធភាព៕