សន្ដិសុខសង្គម

មន្ត្រីបរិស្ថានស្រុកស្ទោងម្នាក់ បើករថយន្តក្នុងស្ថានភាពស្រវឹង បុកមនុស្សស្លាប់ម្នាក់

ដោយ៖វិចិត្រ
កំពង់ធំ៖បុរសម្នាក់ត្រូវគេស្គាល់ជា ប្រធានការិយាល័យបរិស្ថានស្រុកស្ទោង បានបើករថយន្តក្នុងស្ថានភាពស្រវឹង បង្កគ្រោះថ្នាក់ចរាចរណ៍ បណ្តាលឱ្យមនុស្សម្នាក់ស្លាប់ភ្លាមៗ។ក្រោយកើតហេតុ សមត្ថកិច្ចបាន​ឃាត់ខ្លួន ហើយបញ្ជូនទៅផ្នែកជំនាញ​ដើម្បីចាត់ការបន្ត។


ហេតុការណ៍នេះបានកើតឡើងនៅលើផ្លូវជាតិលេខ៦ ស្ថិតក្នុងភូមិរលួស ឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ កាលពីល្ងាចថ្ងៃទី២៩ ខែមករា​ឆ្នាំ២០២៤។

សមត្ថកិច្ចបានឱ្យដឹងថា អ្នកបើកបរឈ្មោះ អែម សំអ៊ុន ជាប្រធាន​ការិយាល័យ​បរិស្ថានស្រុកស្ទោង រថយន្តម៉ាកHIGLANDER ផ្លាកលេខភ្នំពេញ 2AB.3682 ។ជនរូបនេះបញ្ជារថយន្តក្នុង​ស្ថានភាពស្រវឹងស្រា បើកបុកពីក្រោយម៉ូតូសណ្តោង រ៉ឺម៉កដឹកផ្លែស្រកានាគលក់ បណ្ដាលឱ្យស្លាប់ម្នាក់នៅកន្លែងកើតហេតុ ។រថយន្តបានបន្តទៅបុកតូបនៅក្បែរនោះ បណ្ដាលឱ្យខូចខាតប៉ែក​ខាងមុខធ្ងន់ធ្ងរ។

ប្រភពដដែលបានបន្តថា បុរសរងគ្រោះដែលស្លាប់ឈ្មោះ ផល នន់ អាយុ៣៤ឆ្នាំ រស់នៅភូមិអង្កាញ់ ឃុំប្រធាតុ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។បន្ទាប់ពីមានគ្រោះថ្នាក់សមត្ថកិច្ចបានទាក់ទងទៅក្រុមគ្រួសារមកទទួលយកសពទៅធ្វើបុណ្យ។ចំណែករថយន្តនិងតៃកុងផ្នែកជំនាញបានយកទៅ អធិការដ្ឋាន​នគរបាលស្រុកស្ទោងដើម្បីបន្តនីវិធី៕