ព័ត៌មានជាតិ

ផ្សព្វផ្សាយសារាចរណែនាំស្តីពីការអនុវត្តច្បាប់ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២៤

ដោយ : បន្ទាយ

បន្ទាយមានជ័យ៖ល្ងាច ថ្ងៃទី២៩  ខែ មករា  ឆ្នាំ២០២៤ នៅសាលាប្រជុំ”ធំ”សាលាខេត្តបន្ទាយមានជ័យ បានបើកកិច្ចប្រជុំផ្សព្វផ្សាយ សារាចរណែនាំ លេខ ០១៤ .សហវ .សរ អហក ស្តីពីការអនុវត្តច្បាប់ហិរញ្ញវត្ថុសម្រាប់ការ គ្រប់គ្រងឆ្នាំ២០២៤ ជូនរដ្ឋបាលថ្នាក់ក្រោមជាតិ។

កិច្ចប្រជុំនេះមានការចូលរួម លោក ហុឹល រាយ៉ា អភិបាលរងខេត្ត បន្ទាយមានជ័យបានអញ្ជើញជាអធិបតី និងលោកបឹង គឹមសឹង្ហ ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តបន្ទាយមានជ័យជាម្ចាស់កម្មវិធីនិង ចូលរួមដោយលោក លោកស្រី  ប្រធានមន្ទីរ អង្គភាពខេត្ត អភិបាល អភិបាលរងស្រុកក្រុង ដែលពាក់ព័ន្ធ លោកមេឃុំ សង្កាត់ ស្មៀនឃុំ សង្កាត់ ជំនួយការស្មៀនប្រមាណ ២០៥នាក់ ។

លោកបឹង គឹមសឹង្ហ ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តបន្ទាយមានជ័យ បានបង្ហាញពីច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២៤ត្រូវប្រកាស ឲ្យប្រើ ដោយព្រះរាជក្រមលេខ នស រកម ១២ .២៣ ០២២ ចុះថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣,អនុក្រឹត្យលេខ ៣៥៤ អនក្រ. បក .ចុះថ្ងៃទី ៨ខែ ធ្នូ ឆ្នាំ២០២៣ ស្តីពីការបែងចែកឥណទានចំណូល ថវិកាថ្នាក់ជាតិតាមជំពូកនៃច្បាប់ស្ដីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២៤,អនុក្រឹត្យលេខ ៣៥៥  អនក្រ បក. ចុះថ្ងៃទី ៨ ខែ ធ្នូ ឆ្នាំ ២០២៣ ស្ដីពីការបែងចែកឥណទានចំណាយថវិកា ថ្នាក់ជាតិ តាមទំពូកនៃច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៤ ។

លោកបឹង គឹមសឹង្ហ បានបន្តឲ្យដឹងថា : ចាប់ពីថ្ងៃទី ០១ ខែមករា ឆ្នាំ២០២៤ កន្លងមកនេះ  ខេត្ត ការិយាល័យរដ្ឋបាល និងហិរញ្ញវត្ថុរបស់រដ្ឋបាលក្រុង ស្រុក ការិយាល័យផែនការ និងហិរញ្ញវត្ថុរបស់រដ្ឋបាលខេត្ត និងស្មៀនឃុំ សង្កាត់ ត្រូវដំណើរការបូកសរុបនិងគូរផ្គងតួរលេខនៃការអនុវត្តចំណូល ចំណែកថវិការបស់រដ្ឋបាលខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ឆ្នាំ ២០២៣ ជាមួយរតនាគារខេត្ត រួចផ្ញើទៅកាន់មន្ទីរសេដ្ឋកិច្ចនិងវត្ថុនិងហិរញ្ញវត្ថុខេត្ត​ឲ្យបានមុនថ្ងៃទី១៧ ខែកុម្ភៈឆ្នាំ២០២៤ អោយបានជាកំហិត។

ហេតុនេះមន្ត្រីពាក់ព័ន្ធទាំងអស់ត្រូវផ្ញើរបាយការណ៍ស្តីពីការបិទបញ្ជីថវិកាដោយមានភ្ជាប់នូវរបាយការណ៍បូកសរុបការងារ អនុវត្តចំណូលចំណាយ​ថវិកា មកមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុចំនួន២ច្បាប់និងក្រសួងមហាផ្ទៃ​ចំនួន១ច្បាប់ យ៉ាងយូរបំផុតត្រឹមថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤   ដើម្បីឲ្យអគ្គនាយកដ្ឋានហិរញ្ញវត្ថុ រដ្ឋបាលថ្នាក់ក្រោមជាតិនៃក្រសួង​សេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ធ្វើការបូកសរុបនិងរៀបចំនូវរបាយការណ៍សម្រេច​ទូទាត់ថវិការបស់រដ្ឋបាល ថ្នាក់ក្រោមជាតិនឹងដាក់បញ្ចូលទៅក្នុងជំពូកមួយ​នៃសេចក្តីព្រាងច្បាប់ស្ដីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៤។

ចំណែកលោកអឿន ច័ន្ទវិសុទ្ធ ប្រធានរតនាគារខេត្តបន្ទាយមានជ័យ​និងលោកម៉ែន ពិសិដ្ឋស័ក្ត នៃនាយកដ្ឋានជំនាញរបស់ក្រសួងសេដ្ឋកិច្ច​និងហិរញ្ញវត្ថុកិច្ចក្នុងបទបង្ហាញរបស់ខ្លួនបានកត់សម្គាល់ថា: កិច្ចប្រជុំស្ដីពីការផ្សព្វផ្សាយសារាចរណែនាំស្ដីពីនីតិវិធីបច្ចេកទេសនៃការរៀបចំគម្រោងថវិការបស់រដ្ឋាភិបាលថ្នាក់ក្រោមជាតិនេះ គឺវាមាន​សារសំខាន់ណាស់សម្រាប់លោក លោកស្រី ជាមន្ត្រីរាជការដែលពាក់ព័ន្ធ​តាមរយៈការផ្តល់ជាគោលការណ៍ក្រោមជាតិរៀបចំគម្រោងថវិកាឆ្នាំ២០២៤របស់ខ្លួនប្រកបដោយប្រសិទ្ធភាពនិងស័ក្តសិទ្ធភាពធានាការគ្រប់គ្រងការអនុវត្តថវិកាដើម្បីឈានទៅបង្កើតលទ្ធផលជាក់ស្ដែងដែលអាចវាស់វែងបាននិងការរួមចំណែកដោយផ្ទាល់ក្នុងការសម្រេចគោលបំណងនយោបាយអាទិភាពរបស់រដ្ឋរដ្ឋាភិបាលថ្នាក់ក្រោមជាតិ។

អស់លោកបានបន្ថែមថា: ដើម្បីសម្រេចបាននូវគោលដៅនៃការ​ធ្វើទំនើបបកម្មនិងការពង្រឹងប្រព័ន្ធថវិកានៅរដ្ឋបាលថ្នាក់ក្រោមជាតិ តាមត្រប់ខណ្ឌគោលនយោបាយហិរញ្ញវត្ថុសាធារណៈនិងថវិកាឆ្នាំ២០២៤ ដែលចែងក្នុងច្បាប់រួចជាស្រេចហើយ។

ជាមតិបូកសរុបនិងផ្តាំផ្ញើលោក ហុឹល រ៉ាយ៉ាអភិបាលរងខេត្ត​បន្ទាយមានជ័យបានបញ្ជាក់ថា : អភិបាលក្រុងស្រុក ប្រធានការិយាល័យ រដ្ឋបាលហិរញ្ញវត្ថុស្រុក ក្រុង លោកឃុំ សង្កាត់ស្មៀន ជំនួយការហិរញ្ញវត្ថុ​របស់​ស្មៀននិងមន្ត្រីពាក់ព័ន្ធ ក្រោយពីបានចូលរួមកិច្ចប្រជុំនេះហើយត្រូវ​យកចំណេះដឹងនិងជំនាញសមត្ថភាពគួបផ្សំបទពិសោធន៍ ការងារ​ដើម្បីធានាបានពិតប្រាកដថា ការរៀបចំគម្រោងថវិកាឆ្នាំ២០២៣ នេះអាចសម្រេចបានសមទ្ធិផលតាមគោលដៅសូចនាករដែលបានកំណត់ថវិកាឆ្នាំ២០២៤ ។

នេះជាការត្រៀមចាប់ផ្ដើមនិងដំណើរឆ្ពោះទៅរករបស់ថ្មីនៃការគ្រប់គ្រងថវិកាស្របតាមយុទ្ធសាស្ត្រនៃការកែទម្រង់ប្រព័ន្ធថវិការដ្ឋបាលថ្នាក់ក្រោមជាតិឆ្នាំ២០២៤នេះ។

លោក ហុឹល រ៉ា យ៉ា បានបន្តទៀតថា : រាជរដ្ឋាភិបាលមានការប្ដេជ្ញាចិត្ត​យ៉ាងមោះមុតក្នុងការសម្រេចឲ្យបាននូវគោលដៅនិងវិធានការទាំងឡាយដែលបានលើកឡើង ពិសេសការបន្តអនុវត្តឲ្យមានប្រសិទ្ធភាពនូវការ​កែទម្រង់ស៊ីជម្រៅគ្រប់វិស័យឲ្យកាន់តែមុតស្រួចជាងមុន និងផ្ដល់លទ្ធផល​ជាក់ស្ដែងដោយប្រកាន់ខ្ជាប់នូវអភិក្រមការងារ ៥ យ៉ាងគឺ ឆ្លុះកញ្ចក់ ជូតទឹក ដុសក្អែល ព្យាបាលនិងវះកាត់។

ក្នុងនោះ បានជូនយោបល់ថា : ទី១-មន្ត្រីជាអ្នកកាន់ការងារ​ថវិកានិង​ហិរញ្ញវត្ថុខេត្ត ស្រុកក្រុង ឃុំសង្កាត់ត្រូវខិតខំឆ្វេងយល់លើការងារហិរញ្ញវត្ថុថា ត្រូវធ្វើអ្វីខ្លះ ? ទាន់ពេលឬទេ ? ទី២-មន្ត្រីទទួលបន្ទុកលើគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋត្រូវរូតរះចុះបញ្ជីសារពើ​ភណ្ឌនិងចុះបញ្ជីសុរិយោដី(ធ្វើប្លង់ដី) ។

ទី៣- រាជរដ្ឋាភិបាលអោយខិតខំពិនិត្យ អនុវត្តលើសារាចរណ៍ បទដ្ឋាននានា​ដើម្បីប្រមូលចំណូលមិនសារពើពន្ធនានា។ ហេតុនេះមន្ត្រីត្រូវចេះ ប៉ិនប្រសប់ ហើយត្រូវតែប្រមូលអោយបានដាច់ខាត ប៉ុន្តែត្រូវចេះសិល្ប: វិីធីសាស្ត្រឬបត់បែនអោយដំណើរការរលូន កុំអោយមានបាតុភាព​ឬការរិះគន់ឬបង្ហោះជេរដូចករណីនៅស្រុកម៉ាឡៃ ។ទី៤-ពង្រឹងលើការងារលទ្ធកម្ម ៕