សន្ដិសុខសង្គម

នាំខ្លួនអ្នកបើកបរ ៤នាក់អនុវត្តវិធានការច្បាប់ក្រោយរកឃើញផ្ទុកសារធាតុគ្រឿងញៀនពេលបើកបរ

ដោយ៖សុខុម

បាត់ដំបង÷ សមត្ថកិច្ចនាំខ្លួនមនុស្ស ៤នាក់បញ្ជូនទៅកាន់តុលាការ​ខណ:បើកបរឋិតក្រោមឥទ្ធិពលគ្រឿងញៀនពេលកំពុងបើកបរលើដងផ្លូវ។

នគរបាលការិយាល័យប្រឆាំងគ្រឿងញៀន ស្នងការនគរបាលខេត្តបាត់ដំបង​បានបង្ហាញឲ្យដឹងថា÷ ក្រោមកិច្ចសហការចុះចល័តត្រួតពិនិត្យ បង្ការទប់ស្កាត់បង្ក្រាបបទល្មើសគ្រឿងញៀន និងសារធាតុគីមីផ្សំគ្រឿង​ញៀនខុសច្បាប់រវាងកម្លាំងប្រឆាំងគ្រឿងញៀន ជាមួយអាជ្ញាធរ រួមទាំងកម្លាំងសមត្ថកិច្ចមូលដ្ឋាន នៅថ្ងៃទី ២៩ ខែមករា ឆ្នាំ ២០២៤ កន្លងមកនេះបានឆ្មក់ចុះត្រួតពិនិត្យលើអ្នកបើកបរ និងយានយន្តគ្រប់​ប្រភេទចំនួន ២គោលដៅក្នុងតំបន់ព្រំដែនស្រុកសំពៅលូន ខេត្តបាត់ដំបង។

យុទ្ធនាការចុះត្រួតពិនិត្យជាក់ស្តែងនេះផ្តោតលើរថយន្តធុនតូច ធំ ពិសេសយានយន្តដឹកទំនិញឆ្លងដែនពីប្រទេសជិតខាងចូលក្នុងទីផ្សារ​ទីប្រជុំជនក្រុងបាត់ដំបង ទីក្រុងភ្នំពេញ ក៏ដូចជាតាមបណ្តាខេត្តនានា​ផ្សេងទៀត។ ជាលទ្ធផលកម្លាំងចម្រុះ​បានត្រួតពិនិត្យលើយានយន្តសរុប ២៧៧គ្រឿង ម៉ូតូចំនួន ៥៧គ្រឿង ដែលមានអ្នកបើកបរសរុបចំនួន ៤២០នាក់ ក្នុងនោះបានរកឃើញអ្នកបើកបរម៉ូតូជាបុរសឋិតក្រោមឥទ្ធិពលគ្រឿងញៀនចំនួន ៤នាក់។

អ្នកបើកបរខាងលើក្រោយធ្វើតេស្តរកឃើញសារធាតុញៀន កម្លាំងនគរបាល​បានរៀបចំសំណុំរឿងបញ្ជូនទៅតុលាការតាមផ្លូវច្បាប់៕