សន្ដិសុខសង្គម

ដាក់គុកជនត្រូវចោទ២នាក់ ពាក់ព័ន្ធការដឹកជញ្ជូនគ្រឿងញៀន ជាង១ពាន់គីឡូក្រាម

ដោយ៖វិចិត្រ
ព្រះវិហារ៖តុលាការខេត្តព្រះវិហារ ថ្ងៃទី២៩ខែមករា បានសម្រេចឃុំខ្លួនជនត្រូវចោទ២នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូន គ្រឿងញៀនជាង១ពាន់គីឡូក្រាម ដែលសមត្ថកិច្ចខេត្តព្រះវិហារចាប់បានកាលពីថ្ងៃទី២០ ខែមករាឆ្នាំ២០២៤កន្លងទៅ។

សមត្ថកិច្ចបានឱ្យដឹងថា ជនត្រូវចោទ២នាក់ឈ្មោះ វ៉ាន់ មឿង អាយុ២៤ឆ្នាំជនជាតិវៀតណាមសញ្ញាតិខ្មែរ-ឈ្មោះ ម៉ឺនសាក់រ៉ាវី អាយុ៤២ឆ្នាំជនជាតិខ្មែរអ៊ីស្លាម។ទាំង២នាក់ត្រូវបានតុលាការខេត្តព្រះវិហារ ចោទពីបទដឹកជញ្ជូននូវសារធាតុញៀន និងសមំគនិតក្នុងការដឹកជញ្ជូនគ្រឿងញៀន។

ករណីនេះប្រព្រឹត្តនៅភូមិស្អាង ឃុំស្អាង ស្រុកជ័យសែន ខេត្តព្រះវិហារ កាលពីថ្ងៃទី២០ ខែមករា ហើយបានឃុំខ្លួនតាមមាត្រា២៩នៃក្រមព្រហ្មទណ្ឌ មាត្រា៤០ កថាខណ្ឌ២ កថាខណ្ឌ៧ចំណុច៤ និងមាត្រា៤៥ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន។

ក្រោយពីបានចម្លើយពីជនត្រូវចោទឈ្មោះ វ៉ាន់ មឿន និងឈ្មោះ ម៉ឺន សាក់រាំវី ពិនិត្យលើភស្តុតាងគ្រឿងញៀនចំនួន១០២១,២ គីឡូក្រាមរួចមក ចៅក្រមស៊ើបសួរបានសម្រេចឃុំខ្លួនលើជនត្រូវចោទទាំង២នាក់ និងបន្តស្រាវជ្រាវចំពោះអ្នកពាក់ព័ន្ឋទៀត ដើម្បីឈានដល់ការ ចាប់ខ្លួនយកមកផ្តន្ទាទោសតាមច្បាប់៕