សន្ដិសុខសង្គម

ឃាត់ខ្លួនមន្ត្រីអាវុធហត្ថម្នាក់ដែលយកកាំភ្លើងបាញ់សត្វកុក

ដោយ:សុខុម
ក្រចេះ ៖សមត្ថកិច្ចកងរាជអាវុធហត្ថខេត្តក្រចេះនៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤បានឃាត់ខ្លួនមន្ត្រីអាវុធហត្ថម្នាក់ដែលយកកាំភ្លើងបាញ់សម្លាប់សត្វគុកមួយក្បាល។


ឧត្តមសេនីយ៍ត្រី អេង ហុី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេសបានសរសេរតាមបណ្ដាញសង្គម facebook ជូនដំណឹងទៅដល់អ្នកសារព័ត៌មាននិងសារធារណជនថា កងរាជអាវុធហត្ថ បានឃើញបណ្ដាញប្រព័ន្ធព័ត៌មានសង្គម បង្ហោះអំពីសកម្មភាពបាញ់សត្វ (សត្វកុក) បុគ្គលដែលបាញ់សត្វកុកនោះ ពាក់អាវយឺតពណ៌ត្រេអ៉ី ដែលមានអក្សរពីខាងក្រោយ “អ.ហ” ជិះរថយន្ដមួយគ្រឿង ម៉ាក កាមរីបាឡែន ពាក់ស្លាកលេខ ភ្នំពេញ 2Q-7290 និងមានស្លាកសញ្ញាសម្គាល់រថយន្តចេញចូលទីបញ្ជាការ “អ.ហ”។


លោកឧត្តមសេនីយ៍ត្រី អេង ហុី បានបញ្ជាក់ថាបុគ្គលនោះឈ្មោះ កង សុផាណារ័ត្ន ឋានន្ដរសក្តិ អនុសេនីយ៍ត្រី មុខងារជំនួយការមូលដ្ឋានកងរាជអាវុធហត្ថស្រុកចិត្របុរី ត្រូវបានឃាត់ខ្លួនដោយកម្លាំងកងរាជអាវុធហត្ថខេត្តក្រចេះ។

ការឃាត់ខ្លួនធ្វើឡើងអនុវត្តតាមការដឹកនាំរបស់ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ជំនាញមន្ត្រីនគរបាលយុត្តិធម៌ បានប្រគល់ជូនជំនាញរដ្ឋបាលព្រៃឈើដើម្បីបន្តកសាងសំណុំរឿងតាមនីតិវិធីបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តក្រចេះ៕