សន្ដិសុខសង្គម

ឃាត់ខ្លួននគរបាលប៉ុស្ដិ៍ម្នាក់ និងប្រជាការពារ២នាក់ សង្ស័យពាក់ព័ន្ធ គំរាមយកប្រាក់

ដោយ៖វិចិត្រ
ភ្នំពេញ៖កម្លាំងនគរបាលរាជធានីភ្នំពេញ បានឃាត់ខ្លួនមន្ត្រីនគរបាលប៉ុស្ដិ៍​ស្ទឹងមានជ័យទី៣ម្នាក់ និងប្រជាការពារ២នាក់ សង្ស័យពាក់ព័ន្ធករណីគំរាម​កំហែងយកប្រាក់ពីប្រជាពលរដ្ឋ។


អ្នកនាំពាក្យនៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ ព្រឹកថ្ងៃទី៣០ ខែមករានេះ បានបំភ្លឺជូនសាធារណជនថា ករណីខាងលើមានយុវជន៥នាក់ ដែលបានផ្តល់បទសម្ភាសន៍ជាមួយអ្នកសារព័ត៌មាននៅលើហ្វេសប៊ុក កាលពីថ្ងៃទី២៥ ខែមករាកន្លងទៅ។បទសម្ភាសន៍បានចោទប្រកាន់ថា មានសមត្ថកិច្ចកៀបយកលុយនៅស្ថានីយប្រេងឥន្ធនៈតេលាលូ៥ ផ្លូវវេងស្រេង ភូមិដំណាក់ធំ៥ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ។

ក្រោយមក ដោយអនុវត្តតាមបទបញ្ជា របស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ កម្លាំងនគរបាលព្រហ្មទណ្ឌ សហការជាមួយនគរបាលខណ្ឌមានជ័យ បានស្រាវជ្រាវបន្ទាន់។ការត្រួតពិនិត្យកន្លែងកើតហេតុ និងប្រមូល​វត្ថុតាងតាម​កាមេរ៉ាសុវត្ថិភាព និងតាមការសាកសួរពីយុវជនរងគ្រោះ ក៏បានឈានដល់ការឃាត់ខ្លួនមន្ត្រីនគរបាល ប៉ុស្តិ៍រដ្ឋបាលស្ទឹងមានជ័យ​ទី៣ម្នាក់ និងប្រជាការពារ២នាក់ ពីបទកំហែងយកប្រាក់។

ជនសង្ស័យ៣នាក់នោះមានឈ្មោះ នាង វណ្ណី ហៅប៉ាន់នី -ឈ្មោះ គឹម សុខា ហៅហង្ស១៣-អនុសេនីយ៍ឯក ព្រុំ វណ្ណរឿន ជាមន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាល​ស្ទឹងមានជ័យ៣។

ក្រោយពីឃាត់ខ្លួនជនសង្ស័យខាងលើ ផ្នែកជំនាញបានកសាងសំណុំរឿង បញ្ជូនទៅតុលាការដើម្បីចាត់ការតាមនីតិវិធី។ ចំណែកបក្ខពួក​មួយចំនួនទៀត សមត្ថកិច្ចកំពុងស្រាវជ្រាវស្វែងរកចាប់ខ្លួន​យកមកអនុវត្តតាមច្បាប់៕