ព័ត៌មានជាតិ

ក្រសួងសុខាភិបាល និង មូលនិធិ GX សន្យាបន្តសហការលុបបំបាត់ភាពពិការភ្នែកដោយជំងឺភ្នែកឡើងបាយនិងបង្ការទប់ស្កាត់ជំងឺគ្រុនឈាម

ដោយៈសិរីមតី
ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជានិងមូលនិធិ GX របស់ប្រទេសចិន បានឯកភាពគ្នាបន្តកិច្ចសហការលុបបំបាត់ភាពពិការភ្នែកដោយជំងឺភ្នែក​ឡើងបាយ និងបង្ការ ទប់ស្កាត់ជំងឺគ្រុនឈាម។


ការបន្តកិច្ចសហការនេះ បានកើតឡើងនៅក្នុងជំនួបរវាងឯកឧត្តម​សាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និង ឯកឧត្តម LEUNG Chun-Ying អគ្គនាយកមូលនិធិ GX និងអនុប្រធានគណៈកម្មាធិការជាតិ​នៃប្រឹក្សានយោបាយប្រជាជនចិន នៃសាធារណរដ្ឋប្រជាមានិតចិន និងគណៈប្រតិភូកាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ នៅទីស្តីការ​ក្រសួងសុខាភិបាល។


នៅក្នុងជំនួបនោះ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានស្វាគមន៍និងថ្លែង​អំណរគុណដល់មូលនិធិ GX ដែលកន្លងមកបានសហការរួមចំណែក​គាំទ្រលើកកម្ពស់សេវាសុខាភិបាលតាមរយៈការបញ្ជូនក្រុមគ្រូពេទ្យមកជួយវះកាត់ជំងឺភ្នែកឡើងបាយជូនប្រជាពលរដ្ឋកម្ពុជាបានចំនួន៦២០៨ ករណី ក្នុងខេត្តកំពង់ចាម តាំងពីឆ្នាំ២០១៨ ដល់ឆ្នាំ២០១៩ និងជួយវះកាត់អ្នកជំងឺ សរុបចំនួន ៣០៤៥នាក់ ក្នុងខេត្តព្រៃវែង ចាប់តាំងពីខែវិច្ឆិកា ឆ្នាំ២០២២ មកដល់ខែធ្នូ ឆ្នាំ២០២៣​ក្រោមគម្រោងលុបបំបាត់ភាពពិការភ្នែកដោយ​ជំងឺភ្នែកឡើងបាយ ។


ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានបញ្ជាក់ជំហរបន្តកិច្ចសហប្រតិបត្តិការល្អ លើការពិនិត្យមើលលទ្ធភាពជួយពង្រឹងសេវាសុខភាពភ្នែកនៅតាមបណ្តាលខេត្ត និងមជ្ឈមណ្ឌលថែទាំភ្នែក នៅតាមមន្ទីរពេទ្យស្រុក និងនៅកម្រិត​សហគមន៍ តាមរយៈការបំពាក់ឧបករណ៍ បរិក្ខារ និងបច្ចេកវិទ្យាសម្រាប់​ពិនិត្យ ព្យាបាល និងវះកាត់ភ្នែកជូនប្រជាជនកម្ពុជា និងការផ្តល់ជំនួយបណ្តុះ​បណ្តាលជំនាញឯកទេសក្នុងការងារជំងឺគ្រុនឈាម ដើមី្បឈានទៅដល់ការ​ពង្រីកផែនការប្រយុទ្ធប្រឆាំងនឹងជំងឺគ្រុនឈាមនៅក្នុងពេលឆាប់ៗខាងមុខនេះបន្ថែមទៀត។


លោក LEUNG Chun-Ying បានបញ្ជាក់ជំហរយ៉ាងមុតមាំរបស់មូលនិធិ ក្នុងការបន្តកិច្ចសហប្រតិបត្តិការ និងពង្រីក “គម្រោងលុបបំបាត់ភាព​ពិការភ្នែក​ដោយជំងឺភ្នែកឡើងបាយ “ ទៅខេត្តផ្សេងទៀតតាមការ​ស្នើសុំរបស់ក្រសួងសុខាភិបាល ចូលរួមឈានទៅសម្រេចគោលដៅ​លុបបំបាត់ភាពពិការភ្នែកដែលអាចបង្ការបាន នាឆ្នាំ២០៣០ នៅកម្ពុជា។
ចំពោះការស្នើគម្រោងជំងឺគ្រុនឈាមគឺ GX Foundation មានឆន្ទៈត្រៀម​គាំទ្រ​ដោយសន្យាថានឹងបញ្ជូនក្រុមការងារ GX Foundation សហការជាមួយ​ក្រុមការងារក្រសួងសុខាភិបាលឱ្យចុះពិនិត្យ​ទីតាំងនៅតាមខេត្ត និងមន្ទីរពេទ្យ ដើមី្បរៀបចំគម្រោងក្នុងការជួយបង្ការ និងទប់ស្កាត់ជំងឺគ្រុនឈាមនេះផងដែរ។

ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានសំដែងនូវការកោតសសើរ GX Foundation ដែលមានការប្តេជ្ញាចិត្តក្នុងការពង្រឹកកិច្ច​សហប្រតិបត្តិការដែលមានស្រាប់ជាមួយក្រសួងសុខាភិបាល ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាឈានទៅ សម្រេចបាននូវការ​គ្របដណ្តប់សុខភាពជាសកលស្របតាមផែនការយុទ្ធសាស្រ្តបញ្ចកោណ នៃរាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងមុះមុត ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕