ព័ត៌មានជាតិ

ក្រសួងជំរុញឱ្យវត្តទូទាំងប្រទេសបន្តចុះបញ្ជីដីធ្លីជាកម្មសិទ្ធិពិសេសមុនកសាងវត្តត្រូវមានប្លង់មេ

ដោយ៖ គង់ហេង
កំពង់ចាម៖ ក្រសួងធម្មការ និងសាសនាបានជំរុញឱ្យតាមបណ្តាវត្តទូទាំង​ប្រទេស បន្តចុះបញ្ជីកម្មសិទ្ធិកាន់កាប់ដីធ្លីពោល គឺមុនសាងសង់វត្តចាំបាច់​ត្រូវមានប្លង់មេ។ នេះបើតាមការបញ្ជាក់ឱ្យដឹងរបស់លោក អន ធាងអាន ជារដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា តំណាងដ៏ខ្ពង់ខ្ពស់របស់លោក បណ្ឌិត ចាយ បូរិន ជារដ្ឋមន្រ្តីក្រសួងមួយនេះ។


នៅក្នុងសុន្ទរកថាកម្រាស់បួនទំព័រ លោករដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា ក្នុងកិច្ចប្រជុំផ្សព្វផ្សាយសង្ឃប្រកាស នៃអនុសំវច្ឆរមហាសន្និបាតលើកទី ៣១ ដែលបានរៀបចំឡើង​នៅក្នុងសាលាខេត្តកំពង់ចាមនៅថ្ងៃទី ២៩ មករាម្សិលមិញបានបញ្ជាក់ថា៖ សូមឆ្លៀតយកឱកាសនេះ ចូលរួមជាទស្សនៈគំនិតមួយចំនួន សម្រាប់ការអនុវត្តទៅមុខ របស់ផ្នែកពុទ្ធចក្រយើងមាន៖ពង្រឹង និងពង្រីកការគោរពប្រតិបត្តិសេរីភាពខាងជំនឿ និងសាសនា លើកស្ទួយព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ជាពិសេសបន្ត និងពង្រឹងពុទ្ធិកសិក្សានៅគ្រប់កម្រិត ការបោះពុម្ពផ្សាយគម្ពីរដីកា ក្បួនច្បាប់នានា និងកិច្ចប្រតិបត្តិធម្មវិន័យ គាំទ្រសកម្មភាព នៃសាសនា​ផ្សេងៗទៀតក្នុងសង្គម ដើម្បីរក្សាឱ្យ បាននូវសុខដុមនីយកម្មសាសនា។


លោក អន ធាងអាន បានបន្តថា៖ ត្រូវសហការជាមួយគណៈសង្ឃនាយក​ទាំងពីរគណៈ បន្តការផ្សព្វផ្សាយអនុសំវច្ឆរមហាសន្និបាត មន្ត្រីសង្ឃទូទាំង​ប្រទេសលើកទី៣១។ ផ្តល់សិទ្ធិជូនមន្ទីរធម្មការ និងសាសនារាជធានី-ខេត្ត ឱ្យសហការជាមួយព្រះមេគណរាជធានី-ខេត្ត ព្រះគ្រូអនុគណក្រុង-ស្រុក ព្រះចៅអធិការ និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ដើម្បីធ្វើការសម្រប​សម្រួល និងដោះស្រាយនូវរាល់អធិករណ៍ ដែលកើតមានឡើងនៅក្នុង​មូលដ្ឋានរបស់ខ្លួន។ត្រូវបន្តជំរុញតាមវត្តអារាម ឱ្យចុះបញ្ជីកម្មសិទ្ធិ​កាន់កាប់ដីធ្លី និងមានប្លង់មេមុនកសាងវត្ត និងត្រូវបន្តសហការជាមួយ​មន្ត្រីសង្ឃគ្រប់ថ្នាក់ និងអ្នកពាក់ព័ន្ធ រៀបចំរចនាសម្ពន្ធគ្រប់គ្រងរដ្ឋបាល សង្ឃនៅមូលដ្ឋាន និងរៀបចំអាចារ្យ គណៈកម្មការវត្ត ដើម្បីប្រសិទ្ធភាព​ការគ្រប់គ្រង និងទប់ស្កាត់ កាត់បន្ថយអធិករណ៍ក្នុងវត្ត និងអន្តរសាសនា៕