ព័ត៌មានជាតិ

ការជួយសមាគមខ្មែរចិនខេត្តបន្ទាយមានជ័យ ក៏ដូចជាជួយភូមិស្រុកខេត្តនិងប្រទេសជាតិដែរ

ដោយ : បន្ទាយ
បន្ទាយមានជ័យ៖មន្ត្រីថ្នាក់ដឹកនាំអាជ្ញាធរដែនដីខេត្តនិងបងប្អូនខ្មែរ ចិនអោយដឹងថា : ការជួយសមាគមខ្មែរ ចិនខេត្តបន្ទាយមានជ័យ ក៏ដូចជាយើងទាំងឡាយជួយភូមិសង្កាត់ ឃុំ ស្រុក ក្រុង ខេត្ត ប្រទេសជាតិដែរ។


លោកឆាន់ ប៊ុនម៉ាន់ ប្រធានសមាគមខ្មែរ ចិនខេត្តបន្ទាយមានជ័យ ក៏ដូចលោកអ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យកាលពី​រាត្រីថ្ងៃទី២៩ខែមករាឆ្នាំ២០២៤ បានថ្លែងដូច្នេះក្នុងកម្មវិធីអបអរពិធីបុណ្យ​ចូលឆ្នាំចិន ដែលរួមមាន ការសំណេះសំណាលនិងលាងសាយភោជន៍នៅ​ទីស្នាក់ការសមាគមនិងសាលារៀនខ្មែរ ចិនផីឆឹង នាសង្កាត់កំពង់ស្វាយ​ក្រុងសិរីសោភ័ណ ។


កម្មវិធីនោះក៏មានការចូលរួមពីលោកស្រី​ជាភរិយាលោកអភិបាលខេត្ត សមាជិកព្រឺទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល និងមន្ត្រីថ្នាក់ដឹកនាំ មន្ត្រីក្នុងខេត្ត ពិសេសសមាជិកសមាគមខ្មែរ ចិនខេត្ត ,ស្រុកមង្គលបូរី ,ក្រុងប៉ោយប៉ែត ,នាយិកា និងគ្រូខ្មែរ គ្រូចិននៃសាលារៀនខ្មែរ ចិន ផីឆឹង រាប់រយនាក់ផងដែរ ។


លោកឆាន់ ប៊ុនម៉ាន់ បានអោយដឹងបន្តថា : ” ជារៀងរាល់ឆ្នាំខ្ញុំតែងលើក​ឡើងពីសុខសន្តិភាព ស្ថិរភាពនយោបាយនិងការអភិវឌ្ឍដែលជាមរតកនៃ​នយោបាយឈ្នះ ឈ្នះ របស់រាជរដ្ឋាភិបាលកន្លងមករហូតបច្ចុប្បន្ន ដែលជាគុណូបក្ការ:របស់សម្តេចតេជោហ៊ុន សែន ទុកជូនយើងទាំងអស់គ្នា​និងជូន​កូនក្មួយកុមារនិងយុវជនជំនាន់ក្រោយ “។
ទន្ទឹមនឹងនោះ សមាគមក៏នៅតែបន្តយកចិត្តទុកដាក់លើការ​អភិវឌ្ឍសាលារៀនខ្មែរ ចិនផីឆឹងក្នុងការរួមចំណែកបណ្តុះបណ្តាលផ្តល់​ចំណេះដឹងដល់ធនធានមនុស្សជំនាន់ក្រោយលើចំណេះដឹងទីទៅ ភាសាចិននិងភាសាអង់គ្លេស អោយបានទាំងបរិមាណនិងគុណភាព ។


លោកអ៊ុ រាត្រីអភិបាលខេត្តបន្ទាយមានជ័យមានប្រសាសន៍ថា : ក្នុងនាមរដ្ឋបាលខេត្ត​និងរូបលោកផ្ទាល់ លោកសូមចូលរួមអបអរនិងជូនពរ​ជ័យ សិរីសួស្តី ជ័យមង្គល ចម្រុងចម្រើន ជោគជ័យថ្មីៗដល់អ្នកគ្រប់គ្រងនិង​សមាជិកសមាគមខ្មែរ ចិនខេត្ត រួមទាំងសាលារៀនខ្មែរ ចិនផីឆឹង សមាគមខ្មែរ ចិន ស្រុកមង្គលបូរី និងសមាគមខ្មែរ ចិន ក្រុងប៉ោយប៉ែតដែលបានប្រារព្ធកម្មវិធីអបអរបុណ្យចូលឆ្នាំចិន ឆ្នាំរោង ឆ្នាំ២០២៤ នេះ ដូចដែលបានធ្វើបែបនេះរៀងរាល់ឆ្នាំ។


ក្នុងពិធីនោះ ក៏មាន ការប្រគល់ថវិការបស់សមាគមខ្មែរ ចិនខេត្តបន្ទាយមានជ័យជូនសមាគមខ្មែរ ចិនស្រុកមង្គលបូរីចំនួន​១.០០០ដុល្លារសរអា ចូលរួមកសាងអគារសិក្សា ,និង១.០០០ដុល្លារសរអា​ទៀតជូនសមាគមខ្មែរ ចិនក្រុងប៉ោយប៉ែតចូលរួមកសាងព្រះវិហារចិនក្រុង។
ជាមួយនោះក៏មានការលោតម៉ុងសាយ ការអុជធូបទៀនថ្វាយបង្គំ ទេវាតា អ្នកតាចាស់ស្រុកនៅក្នុងអាសន: ។ មានការប្រគុំតន្ត្រី ច្រៀង រាំរបាំខ្មែរនិង​ចិនជាច្រើនដោយគ្រូជនជាតិចិន និងសិស្សជនជាតិខ្មែរនៃសាលារៀនខ្មែរ ចិនផីឆឹង ៕