ព័ត៌មានជាតិ

KOICA បើកកិច្ចប្រជុំទ្វេភាគីលើកដំបូងនាឆ្នាំ២០២៤ ជាមួយ CDCស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍បន្ថែមទៀតនៅកម្ពុជា

ដោយៈសិរីមតី
ភ្នំពេញ៖ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ(កយកា-KOICA) និង គណៈកម្មាធិការសហប្រតិបត្តិការអភិវឌ្ឍន៍កម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍ កម្ពុជា (CDCB/CDC) បានបើកកិច្ចប្រជុំទ្វេភាគីពិភាក្សាដើម្បីជំរុញកិច្ច សហប្រតិបត្តិការ អភិវឌ្ឍន៍ និងភាពជាដៃគូរវាងប្រទេសទាំងពីរលើកដំបូង ក្នុងឆ្នាំ២០២៤ នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ នៅសាលប្រជុំ នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។


ភាគី កយកា-KOICA ដឹកនាំដោយលោកស្រី Choi Moon Jung នាយិកាប្រចាំប្រទេសនៃការិយាល័យ កយកា-KOICA ប្រចាំនៅកម្ពុជា ចំណែកភាគីកម្ពុជា ដឹកនាំដោយ ឯកឧត្តម ឈៀង យ៉ាណារ៉ា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស អនុប្រធានទី ២ ក្រុមប្រឹក្សា អភិវឌ្ឍន៍កម្ពុជា (CDC)។


គោលបំណងសំខាន់នៃកិច្ចប្រជុំនេះគឺ ដើម្បីពិភាក្សាអំពីគម្រោងសម្រាប់ ឆ្នាំ២០២៥ ផែនការសម្រាប់គម្រោងថ្មី សម្រាប់ឆ្នាំ ២០២៦ និងការធ្វើ បច្ចុប្បន្នភាពលើកម្មវិធីដែលកំពុងដំណើរការ។ភាគីទាំងសងខាងក៏បាន ពិភាក្សាអំពីការរៀបចំពិធីសម្ពោធអគារថ្មីសម្រាប់មជ្ឈមណ្ឌលជាតិបណ្តុះ ធុរកិច្ចថ្មីនៃកម្ពុជា (NICC) នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP)។


ក្នុងជំនួបនោះ លោកស្រី Choi Moon Jung បានកោតសរសើរដល់កម្ពុជា ចំពោះការរីកចម្រើនយ៉ាងឆាប់រហ័សលើគ្រប់វិស័យ និងបានថ្លែង អំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាលកម្ពុជា និងមន្ត្រីរបស់ខ្លួន ជាពិសេស គណៈកម្មាធិការសហប្រតិបត្តិការ អភិវឌ្ឍន៍កម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDCB/CDC) សម្រាប់កិច្ចសហការដ៏ល្អ ក្នុងការធានាឲ្យទទួលបានជោគជ័យនៃគម្រោង និងកម្មវិធីរបស់ កយកា-KOICA នៅកម្ពុជា។


ឯកឧត្តមទេសរដ្ឋមន្ត្រី ឈៀង យ៉ាណារ៉ា បានថ្លែងអំណរគុណយ៉ាង ជ្រាលជ្រៅចំពោះ កយកា-KOICA និងរដ្ឋាភិបាល និងប្រជាជននៃ សាធារណរដ្ឋកូរ៉េ ដែលតែងតែគាំទ្រដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម របស់កម្ពុជា តាមរយៈការអនុវត្តគម្រោង និងកម្មវិធីនានា។ លោកបានថ្លែងថា លោកបានវាយតម្លៃខ្ពស់ចំពោះរាល់សមិទ្ធិផលដែលបានធ្វើដោយ កយកា-KOICA ។


ភាគីទាំងពីរក៏បានពិភាក្សាបន្តអំពីកិច្ច សហប្រតិបត្តិការលើជំនួយ អភិវឌ្ឍន៍ផ្លូវការ (ODA) រវាងកម្ពុជា និងកូរ៉េ។ ភាគីទាំងសងខាងក៏បានផ្តោត សំខាន់ទៅលើជំហានបន្ទាប់នៃការងាររវាង កយកា-KOICA ក្រុមប្រឹក្សា អភិវឌ្ឍន៍កម្ពុជា និងក្រសួងពាក់ព័ន្ធរបស់កម្ពុជា ដើម្បី អភិវឌ្ឍគម្រោងថ្មី សម្រាប់ឆ្នាំ ២០២៦។

កាលពីឆ្នាំមុន កយកា-KOICA ប្រារព្ធខួបលើកទី ២០ នៃវត្តមានរបស់ខ្លួន នៅក្នុងប្រទេសកម្ពុជា។ ចាប់តាំងពីការបង្កើតការិយាល័យកម្ពុជានៅថ្ងៃទី ១ ខែកញ្ញា ឆ្នាំ ២០០៣ កយកា-KOICA បាននិងកំពុងជួយដល់ប្រទេសកម្ពុជា ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមលើវិស័យស្នូលចំនួនបួន ការគ្រប់គ្រងទឹក និងសុខភាពសាធារណៈ ការអប់រំ កសិកម្ម និងការអភិវឌ្ឍន៍ជនបទ និងការដឹកជញ្ជូនតាមរយៈជំនួយអភិវឌ្ឍន៍ផ្លូវការ (ODA) ផ្សេងៗដែល គម្រោង និងកម្មវិធីទាំងអស់មានតម្លៃប្រហែល ៣៦៦,៥ លានដុល្លារអាមេរិក ពីឆ្នាំ ១៩៩១-២០២៣ ៕