ព័ត៌មានជាតិ

អង្គការមូលនិធិប្រាសាទពិភពលោកបានប្រគល់ការដ្ឋានអភិរក្សនិងជួសជុលចំនួន៣ក្នុងរមណីយដ្ឋានជូនអាជ្ញាធរអប្សរាគ្រប់គ្រងវិញបន្ទាប់ពីជួសជុលរួចរាល់

ដោយ៖ភោគ ជា
សៀមរាប៖ អង្គការមូលនិធិប្រាសាទពិភពលោក(World Monument Fund)របស់សហរដ្ឋអាមេរិក បានធ្វើពិធីរំលឹកខួបលើកទី៣៥ឆ្នាំនៃបេសកកម្ម​របស់ខ្លួនព្រមទាំងពិធីប្រគល់និងទទួលជួសជុលការដ្ឋានប្រាសាទចំនួន៣​ក្នុងរមណីយដ្ឋានជូនអាជ្ញាធរអប្សរាគ្រប់គ្រងវិញ កាលពីរសៀលថ្ងៃទី២៦​ខែមករាឆ្នាំ២០២៤។


ពិធីប្រគល់ការដ្ឋានជួសជុលចំនួន៣នោះមានប្រាសាទតាសោម ប្រាសាទព្រះខ័ននិងរោងទងនៃចម្លាក់សមុទ្រកូទឹកដោះរបស់ប្រាសាទអង្គរ​វត្ត ក្រោមអធិបតីភាពរបស់លោកជំទាវបណ្ឌិតសភាចារ្យភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បណ្ឌិតហង់ ពៅ​អគ្គនាយកនៃ​អាជ្ញាធរជាតិអប្សរានិងមន្ត្រីជាច្រើនរូបព្រមទាំងដៃគូនៃកិច្ចសហប្រតិបត្តិការក្នុងការជួសជុលនិងអភិរក្សប្រាសាទបុរាណជាច្រើនស្ថាប័នទៀត។


លោកជំទាវបណ្ឌិតសភាចារ្យភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រ​សិល្បៈ​បានថ្លែងនៅក្នុងពិធីប្រគល់ការដ្ឋានជួសជុលចំនួន៣មកឱ្យ​អាជ្ញាធរអប្សរាគ្រប់គ្រងវិញនោះថា អាជ្ញាធរជាតិអប្សរានឹងបន្ត​ថែរក្សាប្រាសាទ​​ទាំងបីនេះ ហើយកម្ពុជានឹងចងចាំជារៀងរហូតចំពោះ​ការរួមចំណែករបស់មូលនិធិប្រាសាទពិភពលោក(World Monument Fund)ក្នុងការជួយការពារបេតិកភណ្ឌជាតិរបស់កម្ពុជា ហើយកម្ពុជាក៏រង់ចាំបន្ត​ធ្វើការ​ជាមួយអង្គការមូលនិធិប្រាសាទពិភពលោកក្នុងវិស័យទូលំទូលាយ​ដូចជាការផ្លាស់ប្តូរជំនាញស្តីពីការអភិរក្ស វេទិកាយុវជនសម្រាប់ការគ្រប់គ្រង​បេតិកភណ្ឌ ការស្រាវជ្រាវផ្នែកបុរាណវិទ្យានិងសិក្ខាសាលារួមគ្នាដើម្បីចែក​រំលែកបទពិសោធន៍ជាដើម។


ចំណែកប្រធាននិងជានាយកប្រតិបត្តិរបស់អង្គការមូលនិធិប្រាសាទពិភពលោករបស់សហរដ្ឋអាមេរិក អ្នកស្រីBenedicte De Montlaurបានថ្លែងថា​ការចូលរួមរបស់(World Monument Fund )ក្នុងការងារជួសជុលប្រាសាទ​នៅ​រមណីយដ្ឋានអង្គរបានចាប់ផ្តើមតាំងពីឆ្នាំ១៩៨៩ជាមួយនឹង​បេសកកម្មចុះវាល ដើម្បីវាយតម្លៃស្ថានភាពនៃប្រាសាទ ដើម្បីឆ្លើយតប​តាមការស្នើសុំរបស់អតីតព្រះមហាក្សត្រព្រះបាទនរោត្តម សីហនុ ហើយបន្ទាប់មកអង្គការមូលនិធិប្រាសាទពិភពលោកក៏បានបង្កើតកម្មវិធី​អភិរក្ស និងបណ្តុះបណ្តាលដ៏ទូលំទូលាយ ដោយជួយបំពេញបន្ថែមទៅលើ​កិច្ចខិតខំប្រឹងប្រែងរបស់សាកលវិទ្យាល័យភូមិន្ទវិចិត្រ សិល្បៈ(RUFA) ដែលទើបនឹងបើកឡើងវិញ។


ចាប់តាំងតែពីឆ្នាំ១៩៩១ ក្នុងពេលដែលប្រធាន(WMF)បានធ្វើទស្សនកិច្ច​លើកដំបូងមកកាន់អង្គរគឺជាចំណុចចាប់ផ្តើមនៃកិច្ចសហប្រតិបត្តិការដ៏ធំធេងនិងនិរន្តរភាពរវាងWMF និងរាជរដ្ឋាភិបាលកម្ពុជា។ រហូតមកដល់ថ្ងៃនេះ អង្គការមូលនិធិប្រាសាទពិភពលោកបានទទួលការគាំទ្រយ៉ាងត្រចះត្រចង់ទាក់ទងនឹងជំនាញសម្រាប់ការស្រាវជ្រាវ និងឯកសារអំពីបេតិកភណ្​ឌស្ថាបត្យកម្មកម្ពុជា អន្តរាគមន៍ក្នុងការផ្តល់ស្ថិរភាព និងការអភិរក្សប្រាសាទ ព្រមទាំងការបណ្តុះបណ្តាលសំខាន់ៗសម្រាប់អ្នកអភិរក្សកម្ពុជា។


យោងទៅលើប្រវត្តិសាស្ត្រកម្ពុជាក៏សូមថ្លែងអំណរព្រះគុណនិងអរគុណចំពោះសម្តេចឪព្រះ នរោត្តម សីហនុ ដែលបានខិតខំខ្នះខ្នែងអំពាវនាវរក​ជំនួយអន្តរជាតិក្នុងឆ្នាំ១៩៨៩សម្រាប់ជួយសង្គ្រោះប្រាសាទបុរាណខ្មែរជាច្រើន ហើយកម្ពុជាក៏ទទួលស្គាល់ការដឹកនាំដ៏រឹងមាំរបស់សម្តេចតេជោហ៊ុន សែន ចំពោះការប្តេជ្ញាចិត្តក្នុងការការពារអង្គរដ៏អស្ចារ្យរបស់សម្តេចដែរ៕