សន្ដិសុខសង្គម

អគ្គិភ័យឆាបឆេះផ្ទះមួយខ្នងយ៉ាងសន្ធោសន្ធៅ និងទ្រព្យសម្បត្តិអស់គ្មានសល់

ដោយ៖វិចិត្រ
កំពង់ស្ពឺ៖អគ្គិភ័យបានឆាបឆេះផ្ទះមួយខ្នងយ៉ាងសន្ធោសន្ធៅ និងទ្រព្យសម្បត្តិអស់គ្មានសល់។គ្រោះអគ្គិភ័យនេះបានកើតឡើងស្ថិតនៅភូមិត្រពាំងសង្កែ ឃុំក្រាំងចេក ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ កាលពីល្ងាចថ្ងៃទី២៨ ខែមករាឆ្នាំ២០២៤។

មន្ត្រីនគរបាលមូលដ្ឋានបានឱ្យដឹងថា ម្ចាស់ផ្ទះដែលភ្លើងឆេះឈ្មោះសែម សំអាត អាយុ ៣៨ឆ្នាំ នៅភូមិឃុំខាងលើ ផ្ទះឆេះនោះ១ខ្នង ទំហំ៦ម៉ែត្រគុណ៩ម៉ែត្រ ធ្វើអំពីឈើ ប្រក់ក្បឿង និងខូចខាតទ្រព្យសម្បត្តិរួមមាន៖ ឆេះលុយខ្មែរអស់ជាង២លានរៀល-សៀវភៅស្នាក់នៅ១ក្បាល-អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ១សន្លឹក-សំបុត្រកំណើត១សន្លឹក-ប័ណ្ណកម្មសិទ្ធិដីធ្លី២ប្លង់-គ្រែដេក៤-ពូក១-ទូដាក់សម្លៀកបំពាក់១-ម៉ូតូ HONDA 90 CC ១គ្រឿង ព្រមទាំងសម្លៀកបំពាក់មួយចំនួនទៀត។

ប្រភពដដែលបានបន្តថា ពេលភ្លើងកំពុងឆេះកម្លាំងនគរបាល ស្រុកសាមគ្គីមុនីជ័យ ជាមួយកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលក្រាំងចេក បានចេញរថយន្តពន្លត់អគ្គិភ័យ១គ្រឿង បាញ់ទឹកអស់មួយរថយន្តជួយពន្លត់ទាំងស្រុង ដោយមិនមានការឆេះរាលដាល និងមិនមានបង្កគ្រោះថ្នាក់ដល់មនុស្សឡើយ។ហេតុការណ៍នេះសមត្ថកិច្ចបានឱ្យដឹងថា មូលហេតុបណ្តាលមកពីឆ្លងចរន្តអគ្គិសនី៕