អន្តរជាតិ

រដ្ឋមន្ត្រីការបរទេសអាស៊ានគាំទ្រដំណោះស្រាយ វិបត្តិនៅមីយ៉ាន់ម៉ា

ប្រែសម្រួល៖ស-សម្បត្តិ

នៅថ្ងៃចន្ទ ទី២៩ មករា រដ្ឋមន្ត្រីការបរទេសនៃបណ្តាប្រទេសអាស៊ាន បានជំរុញឲ្យមានការបញ្ចប់ជម្លោះដ៏បង្ហូរឈាមនៅមីយ៉ាន់ម៉ានិងរួមគ្នាគាំទ្រផែនការសន្តិភាពនៅក្នុងតំបន់ និង “ដំណោះស្រាយស្តីពីវិបត្តិនៅមីយ៉ាន់ម៉ា” ។

នៅក្នុងសេចក្តីថ្លែងការណ៍របស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) រដ្ឋមន្ត្រី​ការ​បរទេស​នៃ      បណ្តាប្រទេសអាស៊ានបានផ្តល់ការគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់បេសកជនពិសេសថ្មីមកពីប្រទេសឡាវស្តីពីវិបត្តិដែល”ទាក់ទងទៅភាគីពាក់ព័ន្ធក្នុងជម្លោះនៅមីយ៉ាន់” និងបានបង្ហាញនូវទំនុកចិត្តលើការប្តេជ្ញាចិត្តរបស់គាត់ក្នុងការជួយដល់ភាគីពាក់ព័ន្ធក្នុងជម្លោះរួមទាំងប្រជាជនមីយ៉ាន់ម៉ាផងដែរ។

រូបថតឯកសារ៖ សមាជិកកងទ័ពរំដោះប្រជាជន PLA ដឹកអ្នករបួសនៅពេលពួកគេប្រយុទ្ធជាមួយកងទ័ពយោធាមីយ៉ាន់ម៉ានៅជិតតំបន់ Sagaing ក្នុងប្រទេសមីយ៉ាន់ម៉ា ថ្ងៃទី 23 ខែវិច្ឆិកា ឆ្នាំ 2023។ REUTERS/Stringer/File Photo

ប្រទេសមីយ៉ាន់ម៉ាត្រូវបានជាប់គាំងដោយសារតែជម្លោះចាប់តាំងពីពួកយោធាបានធ្វើរដ្ឋប្រហារដណ្តើមអំណាចនៅក្នុង ២០២១ ដែលបានបង្កឲ្យមានភាពចលាចលនៅទូទាំងប្រទេសថែមទាំងបានបញ្ចប់លទ្ធិប្រជាធិបតេយ្យ និងបញ្ឈប់កំណែទម្រង់សេដ្ឋកិច្ចអស់រយៈពេលមួយទសវត្សរ៍កន្លងមក។

យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់មីយ៉ាន់ម៉ាបានឲ្យដឹងថា បេសកជនពិសេសថ្មីលោក Alounkeo Kittikhoun បានជួបជាមួយប្រមុខរបបយោធាក្នុងអំឡុងពេលដំណើរទស្សនកិច្ចទៅកាន់ប្រទេសមីយ៉ាន់ម៉ាកាលពីដើមខែនេះ។ ទាំងអាស៊ាន និងឡាវនៅមិនទាន់បានប្រកាសជាសាធារណ:អំពីលទ្ធផលនៃដំណើរទស្សនកិច្ចនេះនៅឡើយទេហើយគេក៏នៅមិនទាន់ដឹងច្បាស់ថាតើលោកបានជួបជាមួយនឹងក្រុមប្រឆាំងណាមួយនោះទេ។

រដ្ឋមន្ត្រី​ការ​បរទេស​អាស៊ានបានចេញសេចក្តីថ្លែងការណ៍ថា “យើងបានបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តរបស់អាស៊ាននៅក្នុងការជួយមីយ៉ាន់ម៉ាដើម្បីស្វែងរកដំណោះស្រាយដោយសន្តិវិធី យ៉ាងទូលំទូលាយ និងយូរអង្វែងចំពោះវិបត្តិដែលកំពុងកើតមាន ខណៈដែលមីយ៉ាន់ម៉ានៅតែជាផ្នែកដ៏សំខាន់មួយរបស់អាស៊ាន”។

“យើងបានបញ្ជាក់ឡើងវិញនូវការឯកភាពរបស់អាស៊ាន និងបានរំលឹកឡើងវិញថា កិច្ចខិតខំប្រឹងប្រែងណាមួយគួរតែត្រូវបានគាំទ្រ ស្របទៅតាមផែនការសន្តិភាពនិងការសម្របសម្រួលជាមួយប្រធានអាស៊ាន ” ដោយជំរុញឲ្យមានការបញ្ឈប់អំពើហិង្សា និងការអត់ធ្មត់ ដើម្បីអនុញ្ញាតឲ្យមានលំហូរសកម្មភាពមនុស្សធម៌។

អាស៊ាន​បាន​ប្រឈម​មុខ​នឹង​ការ​មិន​ចុះ​សម្រុង​ផ្ទៃក្នុង​អំពី​របៀប​ដោះស្រាយ​វិបត្តិនៅមីយ៉ាន់ម៉ា។

មានការប្រយុទ្ធគ្នានៅលើសមរភូមិជាច្រើន។

របបយោធាបាននិងកំពុងប្រយុទ្ធនៅលើលើសមរភូមិជាច្រើនដើម្បីបង្រ្កាបការបះបោរដោយកងជីវពលដែលគាំទ្រលទ្ធិប្រជាធិបតេយ្យដែលបានចងសម្ព័ន្ធភាពជាមួយនិងរដ្ឋាភិបាលស្រមោលមីយ៉ាន់ម៉ា និងកងទ័ពជនជាតិភាគតិច ដែលរបបយោធាបានហៅពួកគេថា “ភេរវករ” និងបដិសេធមិនចរចាជាមួយក្រុមប្រដាប់អាវុធទាំងនោះ។ មានមនុស្សជាង ២លាននាក់ត្រូវបានផ្លាស់ទីលំនៅដោយសារតែសង្រ្គាម។

ទាហានមីយ៉ាន់ម៉ាដែលបានចុះចាញ់នឹងកងកម្លាំងការពារជាតិ Karenni ជិះនៅខាងក្រោយរថយន្តក្នុងទីក្រុង Loikaw ប្រទេសមីយ៉ាន់ម៉ា នៅក្នុងរូបភាពនេះថតចេញពីវីដេអូដែលបានចេញផ្សាយថ្ងៃទី 15 ខែវិច្ឆិកា ឆ្នាំ 2023

ឥណ្ឌូនេស៊ីដែលជាប្រធាន​អាស៊ានកាលពីពេល​មុន​​បានខិតខំ​ផ្តួចផ្តើម​គំនិត​ការទូត​ស្ងាត់ៗ​ដើម្បី​លើកទឹកចិត្ត​ឲ្យ​មាន​ការសន្ទនា​រវាង​ភាគី​ជម្លោះ​របស់​មីយ៉ាន់ម៉ា ក៏ប៉ុន្តែ​អ្នកវិភាគ​មួយចំនួន​បាន​ដាក់​ការសង្ស័យ​ថា​តើ​ប្រធាន​ថ្មី​ដែលជាឡាវ​មាន​ឥទ្ធិពល ឬ​ឆន្ទៈ​ដើម្បី​ឈានទៅ​រកដំណោះស្រាយ​ឬយ៉ាងណានោះទេ​​?

ប្រទេសមីយ៉ាន់ម៉ាបានបញ្ជូនបេសកជនទៅចូលរួមក្នុងកិច្ចប្រជុំកាលពីថ្ងៃចន្ទ ដោយទទួលយកការអញ្ជើញរបស់អាស៊ានជាលើកដំបូងក្នុងការបញ្ជូនអ្នកតំណាង “មិនមែនបក្សនយោបាយ” ទៅចូលរួមក្នុងកិច្ចប្រជុំមួយនេះ។

របបយោធាមានការខឹងសម្បាចំពោះអ្វីដែលខ្លួនហៅថាការជ្រៀតជ្រែករបស់អាស៊ាននៅក្នុងកិច្ចការផ្ទៃក្នុងរបស់ខ្លួន។

រដ្ឋមន្ត្រីការបរទេសឥណ្ឌូណេស៊ី Retno Marsudi នៅក្នុងសារផ្ញើទៅកាន់ Reuters បាននិយាយថា ការចូលរួមរបស់រដ្ឋលេខាធិការអចិន្ត្រៃយ៍ស្តីទីនៃក្រសួងការបរទេសរបស់ខ្លួនគឺលោក Malar Than Htike បានកត់សម្គាល់ថាមិនមានការផ្លាស់ប្តូរនៅក្នុងគោលនយោបាយរបស់អាស៊ាននោះទេ។

លោក​ស្រី​បាន​បន្ត​ថា​៖ “វា​មិន​ប៉ះពាល់​ដល់​ការ​សម្រេច​ចិត្ត​របស់​អាស៊ាននោះ​ទេ។

រដ្ឋមន្ត្រីការបរទេសនៃបណ្តាប្រទេសអាស៊ានក៏បានអំពាវនាវឲ្យមានការអត់ធ្មត់ និងផ្តល់សេរីភាពក្នុងការធ្វើនាវាចរណ៍នៅលើដែនសមុទ្រចិនខាងត្បូង និងបានជំរុញឲ្យបើកឱកាសសម្រាប់ការបន្តកិច្ចពិភាក្សាដោយឈរលើក្រមសីលធម៌រវាងអាស៊ាន និង ចិន៕

ប្រភព៖ Reuters/ac