សន្ដិសុខសង្គម

មិនទាន់ចាប់បានតៃកុងរថយន្តធំ បុកក្មេងប្រុសតូចកំពុងដើរតាមផ្លូវបណ្តាលឱ្យស្លាប់

ដោយ៖វិចិត្រ
កំពង់ស្ពឺ៖ រថយន្តធំដឹកដី បានបុកក្មេងប្រុសតូច អាយុទើបតែ៤ឆ្នាំកំពុងដើរតាមផ្លូវ បណ្តាលឱ្យស្លាប់យ៉ាងអាណោចអាធ័ម ហើយតៃកុងបានចុះរត់បាត់ សមត្ថកិច្ចកំពុងតាមចាប់ខ្លួនយកមកទទួលខុសត្រូវក្នុងករណីនេះ។គ្រោះថ្នាក់ចរាចរណ៍ បានកើតឡើងនៅភូមិថ្មគប់ ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ កាលពីល្ងាចថ្ងៃទី២៨ ខែមករា។

សមត្ថកិច្ចបានឱ្យដឹងនៅព្រឹកថ្ងៃទី២៩ ខែមករានេះថា មានគ្រោះថ្នាក់ចរាចរណ៍ បង្កដោយរថយន្តធំដឹកដីម៉ាកNISSAN បានបុកក្មេងម្នាក់ឈ្មោះ អាន រ៉ាឌី អាយុ៤ឆ្នាំបណ្តាលឱ្យស្លាប់ ពេលក្មេងប្រុសកំពុងដើរតាមផ្លូវ។ ក្រោយពីបុកក្មេងស្លាប់ អ្នកបើកបរបានចុះរត់គេចខ្លួនបាត់។


មន្ត្រីដដែលបានបន្តថា មុនកើតហេតុគេឃើញរថយន្តធំ ដឹកដីផ្លាកលេខចង្កូតស្តាំ KPS-1910 ដឹកដីចាក់ក្នុងភូមិខាងលើ ហើយបានបុកក្មេងតែម្តង។ក្រោយកើតហេតុ សមត្ថកិច្ចបានយករថយន្តបង្កទៅទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលអមលាំង។ផ្នែកជំនាញកំពុងស្រាវជ្រាវរកអ្នកបើកបរដើម្បីយកមកចាត់ការតាមនីតិវិធី៕