ព័ត៌មានជាតិ

ប្រកាសក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកមង្គលបូរី

ដោយ : បន្ទាយ

បន្ទាយមានជ័យ៖មានពិធីប្រកាសក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកមង្គលបូរីខេត្តបន្ទាយមានជ័យដើម្បីបែងចែកចុះបំពេញការងារ។

លោករ័ត្ន ដាស៊ីណង់ អភិបាលស្រុកមង្គលបូរីបានស្វាគមន៍និងថ្លែងសង្ខេបពីសភាពការណ៍របស់ស្រុកនិងការឆ្លើយតបសំណូមពរអភិវឌ្ឍន៍ ក៏ដូចប្រជាពលរដ្ឋ។

ពិធីធ្វើនៅបណ្តុំផ្សារចម្ការតាដោករបស់ឧកញ៉ាអ៊ឹង វណ្ណម៉ៅ ផ្លូវជាតិលេខ៥-ផ្លូវដែកភូមិចំការតដោកឃុំឬស្សីក្រោកស្រុកមង្គលបូរី កាលពីថ្ងៃទី២៨ខែមករាឆ្នាំ២០២៤ ។

លោកឆុំ ឆាន  អភិបាលរងស្រុកមង្គលបូរីបានអានសេចក្តីសម្រេចរបស់ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកមង្គលបូរីដែលមានចាត់តាំងអនុប្រធាន សមាជិកក្រុមការងារ ១៥៩រូប  អភិបាលរងខេត្ត ប្រធាន អនុប្រធានមន្ទីរ អង្គភាព អភិបាល អភិបាលរងស្រុក  ប្រធាន សមាជិកក្រុមប្រឹក្សាស្រុក ប្រធានការិ- អង្គភាពចំណុះស្រុក មេឃុំ ជំទប់ សមាជិកក្រុមប្រឹក្សាឃុំទាំង១៣នៃស្រុក ។

លោកបណ្ឌិតវង់ សណ្តាប់ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ-ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកមង្គលបូរីបានណែនាំដល់មន្ត្រីក្រុមការងារមូលដ្ឋាននិងអាជ្ញាធរពាក់ព័ន្ធទាំងអស់ នៅពេលទទួលបានតំណែងនេះហើយ ត្រូវតែបន្ដខិតខំប្រឹងប្រែងក្ដោបក្ដាប់ឲ្យបាននូវតម្រូវការរបស់ប្រជាពលរដ្ឋ ។

ក្នុងករណីប្រជាពលរដ្ឋមានតម្រូវការណាមួយត្រូវតែបំពេញបន្ថែម ហើយត្រូវជំរុញគោលនយោបាយភូមិ ឃុំសង្កាត់ មានសុវត្ថិភាព។

ចំពោះអង្គបោះឆ្នោតក៏ត្រៀមលក្ខណ:ទៅបោះឆ្នោតអសកលជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ខាងមុខនេះផងដែរ ៕