អន្តរជាតិ

ចាប់ខ្លួនជនសង្ស័យវ័យក្មេងដែលសម្លាប់មនុស្សនៅទីក្រុង Philadelphia

ប្រែសម្រួល៖ ស្រីស្រស់

កាលពីថ្ងៃអាទិត្យទីភ្នាក់ងារអាមេរិកនៅទីក្រុង Philadelphia បានប្រកាសថាជនសង្ស័យ Shane Pryor អាយុ ១៧ ឆ្នាំ ពាក់ព័ន្ធក្នុងសំណុំរឿងឃាតកម្មដែលបានរត់គេចចេញពីមន្ទីរពេទ្យនៅទីក្រុង Philadelphia កាលពីថ្ងៃពុធត្រូវ​ប៉ូលិសចាប់ខ្លួនបានហើយ។

ជនសង្ស័យ Shane Pryor ត្រូវបានចាប់ខ្លួនកាលពីរសៀលថ្ងៃអាទិត្យ បន្ទាប់ពីអ្នកស៊ើបអង្កេតបានប្រទះឃើញរូបភាពរបស់ជនសង្ស័យនៅលើវីដេអូសុវត្ថិភាពចុះពីឡានក្រុងនៅក្នុងតំបន់មួយនៃទីក្រុង Philadelphia។

អាជ្ញាធរបាននិយាយថា Pryor មិនត្រូវបានដាក់ខ្នោះដៃនោះទេខណ:ដែលជននេះកំពុងនៅក្នុងបន្ទប់សង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកុមារ Philadelphia ហើយបានរត់គេចខ្លួនប្រហែលនៅថ្ងៃត្រង់នៃថ្ងៃពុធទី ២៤ ខែមករា។

ក្រោយពីពិនិត្យរូបភាពរបស់ជនសង្ស័យនៅលើវីដេអូសុវត្ថិភាពមន្ត្រីជំនាញបាននិយាយថាជននេះបានរត់គេចពីមន្ទីរពេទ្យ ហើយចេញពីអគារមួយទៅអគារមួយ ដោយដើរចូលផ្លូវសាធារណៈ ហើយថែមទាំងសុំនិយាយសុំទូរសព្ទទៀតផង។

Pryor បានសួរអ្នកទទួលភ្ញៀវនៅកន្លែងទូរសព្ទបន្ទាប់មកគេប្រាប់ថាមិនឲ្យទូរសព្ទនិយាយទេ ហើយបន្ទាប់មកគាត់ក៏បានចាកចេញពីអគារនោះ នេះបើយោងតាម ​​Fox29 Philadelphia។

កាល​ពី​ថ្ងៃ​សុក្រ ប៉ូលិស​ក្រុង Philadelphia បាន​ចាប់​ខ្លួន​ក្មេង​អាយុ ១៨ ឆ្នាំ​ម្នាក់​ដែល​ចោទ​ថា​បាន​ជួយ Pryor ឲ្យ​រត់គេចខ្លួន​។

Michael Diggs ដែលត្រូវបានចោទប្រកាន់ពីបទជួយPryor ឲ្យរត់គេចខ្លួនត្រូវបានចោទប្រកាន់ពីបទឧក្រិដ្ឋជាច្រើនករណីរួមទាំងការរារាំងការអនុវត្តច្បាប់ ការចាប់ជំរិត ការរត់គេច និងការសមគំនិតឧក្រិដ្ឋកម្ម។

Pryor បានស្ថិតនៅក្រៅការឃុំឃាំងចាប់តាំងពីជននេះត្រូវបានតុលាការចោទប្រកាន់ពីបទប្រព្រឹត្តឃាតកម្មនៅឆ្នាំ ២០២០ លើ Tanya Harris អាយុ ៥៤ ឆ្នាំកាលពីគាត់អាយុ ១៤ ឆ្នាំ។

សំណុំរឿងនេះស្ថិតនៅក្នុងការ​រង់ចាំ​​ការកាត់​ទោស​៕