ព័ត៌មានជាតិ

ក្រុមគ្រូពេទ្យសមាគមខ្មែរ-អាម៉េរិកពិនិត្យព្យាបាលជំងឺ និងវះកាត់ជូនពលរដ្ឋឥតគិតថ្លៃ

ដោយ៖វិចិត្រ
ព្រះវិហារ៖ក្រុមគ្រូពេទ្យសមាគមខ្មែរ-អាម៉េរិកបានចុះពិនិត្យព្យាបាលជំងឺ និងវះកាត់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ នៅមន្ទីរពេទ្យបង្អែក១៦មករា ខេត្តព្រះវិហារ នាព្រឹកថ្ងៃទី២៩ ខែមករាឆ្នាំ២០២៤នេះ។

ប្រជាពលរដ្ឋមកពីបណ្ដាភូមិ ឃុំ សង្កាត់ ក្រុង ស្រុក ក្នុងខេត្តព្រះវិហារ បានទទួលសេវាពិនិត្យព្យាបាលជំងឺ និងវះកាត់ដោយឥតគិតថ្លៃពីក្រុមគ្រូពេទ្យស្ម័គ្រចិត្ត នៃសមាគមសុខាភិបាលខ្មែរនៅសហរដ្ឋអាម៉េរិក សហការជាមួយក្រុមគ្រូពេទ្យ នៃមន្ទីរពេទ្យបង្អែក១៦មករាខេត្តព្រះវិហារ។


ក្នុងឱកាសនោះលោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បានជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ និងក្រុមគ្រូពេទ្យស្ម័គ្រចិត្ត មុនពេលបើកការពិនិត្យព្យាបាលជំងឺទូទៅជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃនេះ។ ក្នុងការពិនិត្យ ព្យាបាលជំងឺ និងវះកាត់ចាប់ផ្ដើមពីថ្ងៃទី២៩ ខែមករាដល់ថ្ងៃទី៣ ខែកុម្ភៈឆ្នាំ២០២៤។

ក្នុងនោះមានពិនិត្យព្យាបាលជំងឺទូទៅ មនុស្សចាស់កុមារនិងទារក។ព្យាបាលរោគស្ដ្រី វះកាត់ជំងឺស្រុតស្បូន ដុំគីសដៃស្បូន ដុំគីសសុដន់ វះកាត់មាត់ឆែប ឆែបក្រអូមមាត់ ម្រាមដៃលើស និងពិការភាពផ្សេងៗ។ វះកាត់ជំងឺភ្នែកនិងផ្ដល់វ៉ែនតា វះកាត់ដុំពកលើខ្លួនប្រាណ និងដុំគីសផ្សេងៗ វះកាត់ក្លនលូន វះកាត់ក្រួសក្នុងថង់ទឹកប្រមាត់ ពកក ព្យាបាលរលាកខ្លួនប្រាណ ដៃជើងមុខមាត់ និងពិនិត្យព្យាបាលជំងឺមាត់ធ្មេញ។

ជាមួយនេះប្រជាពលរដ្ឋក៏អាចទៅទទួលយកសេវាពិនិត្យ ព្យាបាលជំងឺទូទៅ មនុស្សចាស់ កុមារ និងទារក ព្យាបាលរោគស្ដ្រី ជំងឺភ្នែកនិងផ្ដល់វ៉ែនតា និងជំងឺមាត់ធ្មេញ ទីតាំងចំនួន២ផ្សេងទៀតនៅ-មណ្ឌលសុខភាពម្លូព្រៃ ក្នុងភូមិម្លូព្រៃ ឃុំម្លូព្រៃ១ ស្រុកឆែប ចាប់ពីថ្ងៃទី៣០ ដល់ថ្ងៃទី៣១ ខែមករា។នៅសាលាបឋមសិក្សាយាង ភូមិយាង ឃុំយាង ស្រុកជាំក្សាន្ដ ចាប់ពីថ្ងៃទី១ដល់ថ្ងៃទី២ ខែកុម្ភៈឆ្នាំ២០២៤៕