ព័ត៌មានជាតិ

ក្រសួងសុខាភិបាល ក្រើនរំលឹកសាជាថ្មីម្តងទៀតឱ្យប្រុងប្រយ័ត្នលើជំងឺផ្តាសាយបក្សីដែល នៅតែបន្តគំរាមកំហែងដល់សុខភាព

ដោយៈសិរីមតី
ភ្នំពេញ៖ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្តី​ប្រកាសព័ត៌មានមួយជម្រាបជូនសាធារណជនថា៖ មានអ្នកជំងឺផ្តាសាយបក្សី ចំនួន ០១ករណីទៀត កើតលើបុរសអាយុ៦៩ឆ្នាំ និងត្រូវបានបញ្ជាក់ថា វិជ្ជមានវីរុស ផ្តាសាយបក្សី ប្រភេទហាស់៥ អ៊ិន១ (H5N1) ពីវិទ្យាស្ថានជាតិសុខភាពសាធារណៈ នៅថ្ងៃទី២៧ ខែមករា ឆ្នាំ ២០២៤ ដែលមានទីលំនៅក្នុងភូមិក្រាំង ឃុំព្រៃជ្រូក ស្រុកពួក ខេត្តសៀមរាប។ បច្ចុប្បន្នអ្នកជំងឺទទួលបាន ការថែទាំយ៉ាងយកចិត្តទុកដាក់ពី​សំណាក់ក្រុមគ្រូពេទ្យ។ តាមការសាកសួរបង្ហាញថា នៅផ្ទះអ្នកជំងឺមាន ចិញ្ចឹមមាន់ប្រហែល៥០-៦០ក្បាល និងមានមាន់ងាប់ជាបន្តបន្ទាប់ប្រហែល ២សប្ដាហ៍មកហើយ។

ក្រុមឆ្លើយតបបន្ទាន់របស់ក្រសួងសុខាភិបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ បាននិងកំពុងសហការ ជាមួយក្រុមការងារនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងបរិស្ថាន អាជ្ញាធរមូលដ្ឋានគ្រប់ លំដាប់ថ្នាក់ ធ្វើការអង្កេតស្រាវជ្រាវយ៉ាងសកម្មលើការកើតឡើងនូវជំងឺផ្តាសាយបក្សី និងធ្វើការឆ្លើយ តបទៅតាមវិធីសាស្ត្រ និងពិធីសារបច្ចេកទេស បន្តការស្វែងរកប្រភពចម្លង ទាំងលើសត្វ និងមនុស្ស និង បន្តស្វែងរក​ករណីសង្ស័យ និងអ្នកប៉ះពាល់ដើម្បីទប់ស្កាត់ការឆ្លងបន្តទៅអ្នកដទៃទៀត​ក្នុងសហគមន៍ព្រមទាំងចែកជូនឱសថតាមីហ្គូ(Tamiflu)ដល់អ្នក​ប៉ះពាល់ជិតស្និទ្ធ និងធ្វើយុទ្ធនាការអប់រំសុខភាព ប្រជាពលរដ្ឋនៅ​ក្នុងភូមិដែលកើតហេតុខាងលើ។

ក្រសួងសុខាភិបាល សូមក្រើនរំលឹកសាជាថ្មីម្តងទៀត ដល់បងប្អូន​ប្រជាពលរដ្ឋទាំងអស់ សូមយក ចិត្តទុកដាក់ប្រុងប្រយ័ត្នលើជំងឺ​ផ្តាសាយបក្សីជានិច្ច ពីព្រោះជំងឺផ្តាសាយបក្សី H5N1 នៅតែបន្តគំរាម កំហែងដល់សុខភាពប្រជាពលរដ្ឋយើង ហើយក៏សូមជម្រាបដល់បងប្អូន ប្រសិនបើមានអាការក្តៅខ្លួន ក្អក ហៀរសំបោរ ឬពិបាកដកដង្ហើម និងមានប្រវត្តិធ្លាប់បានប៉ះពាល់ជាមួយមាន់ទាឈឺឬងាប់ក្នុងអំឡុង១៤ថ្ងៃ មុនថ្ងៃចាប់ផ្តើមមានរោគសញ្ញា សូមកុំទៅជួបជុំ ឬទីប្រជុំជនដែលមាន​មនុស្សច្រើន និងត្រូវស្វែងរកការពិគ្រោះយោបល់ និងការពិនិត្យព្យាបាល​នៅតាមមូលដ្ឋានសុខាភិបាល ដែលនៅជិតលោកអ្នកបំផុតឱ្យបាន ឆាប់ទាន់ពេលវេលា។

សូមអានព័ត៌មានលម្អិតពីសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល​ដូចខាងក្រោម៖