សន្ដិសុខសង្គម

កំពុងរកមុខមេខ្លោងកាប់បំផ្លាញព្រៃឈើយកដីរដ្ឋច្រើនហិកតានៅឃុំតឺនស្រុកកូនមុំ

ដោយ៖សុខុម
រតនគិរី៖ អាជ្ញាធរខេត្តរតនគិរីបានឱ្យដឹងនៅថ្ងៃទី២៩មករា២០២៤ថា សមត្ថកិច្ចកំពុងតែរកមុខមេខ្លោងនាំពលរដ្ឋចូលកាប់ទន្ទ្រានព្រៃដើម្បីយកដីធ្វើជាកម្មសិទ្ធិដោយខុសច្បាប់ជាច្រើនហិកតានៅឃុំតឺន ស្រុកកូនមុំ។


លោកខណ្ឌ ចំណាន អភិបាលរងខេត្តរតនគិរី ទទួលបន្ទុកវិវាទដីធ្លី កាលពីចុងសប្តាហ៍កន្លងមកនេះបានដឹកនាំកម្លាំងសមត្ថកិច្ចមួយក្រុម ចុះទៅពិនិត្យកន្លែងកាប់បំផ្លាញព្រៃឈើយ៉ាងរង្គាល យកដីរបស់រដ្ឋ​ធ្វើជាកម្មសិទ្ធិ នៅភូមិតឺន ឃុំតឺន​ ស្រុកកូនមុំ។


ពេលចុះទៅនោះគេបានរកឃើញដីព្រៃជាច្រើនហិកតាកាប់រុករានក្លាយជា​វាលនៅចំនួន៤កន្លែងផ្សេងៗគ្នា។កន្លែខ្លះកាប់យូរ ហើយនិងទើបកាប់ថ្មីៗ។រកឃើញសំណង់ឈើមួយខ្នងនៅចំកណ្ដាលព្រៃមានប្រជាពលរដ្ឋនិង​ព្រះសង្ឃ។
អាជ្ញាធរចាត់ទុកថាប្រជាពលរដ្ឋនិងព្រះសង្ឃដែលទៅប្រមូលផ្ដុំរស់នៅក្នុងព្រៃនោះគឺខុសច្បាប់។

លោករស់ វណ្ណា មេញ្ជាការកងរាជអាវុធហត្ថស្រុកកូនមុំ បានប្រាប់ឲ្យដឹងថា​ដីកាប់រុករាន៤ទីតាំងមានចំណុចត្រពាំងកាភេម,ខាងត្បូងភ្នំថ្មគ្រែ ,លើខ្នងភ្នំថ្មគ្រែនិងខាងជើងភ្នំថ្មគ្រែ។ដីទាំង៤បច្ចុប្បន្នមានគេដាំដំណាំ​ចន្ទី,កៅស៊ូនិងដំណាំផ្សេងៗនៅលើដីដាំដុះខ្លះហើយ។

លោកមេបញ្ជាការកងរាជអាវុធហត្ថស្រុកបានបញ្ជាក់ថា ដីទាំង៤ទីតាំង​ខាងលើ​ក្រុមការងារនៅពុំទាន់បានវាស់វែងចុះបញ្ជីស្របច្បាប់នៅឡើយ។
ក្រោយពីចុះពិនិត្យជាក់ស្ដែង គណៈកម្មការចម្រុះនឹងចុះវាស់កាត់ឆ្វៀល​នៅពេលក្រោយ។

សមត្ថកិច្ចចម្រុះពុំបានឃាត់ខ្លួនជនសង្ស័យណាម្នាក់ឡើយ ក៏ប៉ុន្តែនៅបន្តរកមុខមេខ្លោងដើម្បីចាប់ខ្លួនផ្ដន្ទាទោសតាមច្បាប់៕