ព័ត៌មានជាតិ

អ្នកសារព័ត៌មានត្រូវ “គោរពក្រមសីលធម៌ សរសេរព័ត៌មានពិត និងគោលការណ៍៣ ខ្លី ខ្លឹម ខ្លាំង”

ដោយ៖វិចិត្រ
ភ្នំពេញ៖សមាគមសម្ព័ន្ធ អ្នកសារព័ត៌មាន សកលសន្តិភាព-សហភាព សហព័ន្ធ អ្នកសារព័ត៌មានកម្ពុជា សហការជាមួយក្រសួងព័ត៌មាន បានរៀបចំបើកវគ្គបណ្តុះបណ្តាល ដល់អ្នកសារព័ត៌មានចំនួន១៥០នាក់។ពិធីបើកវគ្គនេះក្រោមអធិបតីភាព ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ។ការធ្វើឡើងនៅអគារសេរីភាព ស្ថិតផ្លូវវិចិត្រសិល្បៈ “ផ្លូវOCIC” សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា នាព្រឹកថ្ងៃទី២៨ ខែមករា។

លោក ហ៊ុន មករា ប្រធានសមាគមសម្ព័ន្ធ អ្នកសារព័ត៌មាន សកលសន្តិភាព បានជម្រាបជូនថា នេះជាលើកទី៥ហើយ ដែលសមាគមបានរៀបចំ បើកវគ្គបណ្តុះបណ្តាលស្តីពីការពង្រឹងសមត្ថភាព អ្នកសារព័ត៌មាន រយៈពេលពេញ១ថ្ងៃ ដែលផ្តោតសំខាន់លើប្រធានបទ៖

១-ពិធីករពិធីការិនី ២-អ្នកអត្ថាធិប្បាយ ៣-រៀនអនុវត្តការសរសេរ 5WH ៤-រៀនអនុវត្តបច្ចេកទេសថតរូបភាពនិងវីដេអូ។តាមរយៈវគ្គបណ្តុះ បណ្តាលនេះ ក្រសួងព័ត៌មាននឹងផ្តល់គ្រូបង្គោលលើ៣មុខវិជ្ជា មុខវិជ្ជាពិធីករពិធីការិនី មុខវិជ្ជាអ្នកអត្ថាធិប្បាយ និងមុខវិជ្ជាបច្ចេកទេស ថតរូបពីក្រសួងព័ត៌មាន ។

ក្នុងឱកាសនោះឯកឧត្តម រដ្ឋមន្រ្តី នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានថ្លែងថា “សារព័ត៌មានដើរតូយ៉ាងសំខាន់ ក្នុងការផ្សព្វផ្សាយការពិតជូន ប្រជាពលរដ្ឋ និងពិភពលោក។ រដ្ឋមន្រ្តីបានបញ្ជាក់ថា អ្នកសារព័ត៌មាន ដើរតូនាទីសំខាន់ក្នុងកិច្ចការងារនេះ។ ដើម្បីឱ្យសារព័ត៌មានកាន់តែមាន គុណភាព អ្នកសារព័ត៌មានត្រូវ អនុវត្តន៍នូវគោលការណ៍ ៣ជាសំខាន់ “គោរពក្រមសីលធម៍ សរសេរព័ត៌មានពិតឈរលើប្រភព និងប្រកាន់ គោលការណ៍៣ គឺ ខ្លី ខ្លឹម ខ្លាំង” ៕