អន្តរជាតិ

អ្នកវិទ្យាសាស្ត្ររកឃើញដែនជម្រកសត្វភេនឃ្វីនដែលគេមិនធ្លាប់ស្គាល់ពីមុននៅតំបន់អង់តាក់ទិក

ប្រែសម្រួល៖ ស-សម្បត្តិ

ដែនជម្រកសត្វភេនឃ្វីនដែលជាអធិរាជនៃពពួកសត្វនៅតំបន់អង់តាក់ទិកដែលគេមិនធ្លាប់ស្គាល់ពីមុនត្រូវបានគេប្រទះឃើញនៅក្នុងរូបភាពផ្កាយរណបថ្មីមួយ។

សត្វភេនឃ្វីនដែលត្រូវបានគេចាត់ទុកថាជាអធិរាជនៃពពួកសត្វនៅតំបន់អង់តាក់ទិក “ត្រូវបានរងការគំរាមកំហែង” ជិតផុតពូជ វាគឺជាសត្វភេនឃ្វីនដ៏ធំបំផុតរបស់ពិភពលោកដែលគេចាត់ទុកថាជាអធិរាជនៃពពួកសត្វនៅតំបន់អង់តាក់ទិក។ ការចិញ្ចឹមកូនរបស់វានៅក្នុងរដូវរងានៅតំបន់អង់តាក់ទិកនៅលើផ្ទាំងទឹកកកដែលកកពីលើសមុទ្រ។ ប៉ុន្តែ​ប្រសិនបើ​ទឹកកក​រលាយនៅមុនពេល​កូន​វាចេះ​រត់នោះភាគច្រើន​អាចបណ្តាលឲ្យកូនវា​ស្លាប់​។

យ៉ាងហោចណាស់មានសត្វភេនឃ្វីនមួយចំនួនកំពុងផ្លាស់ប្តូរទីជម្រករបស់វា ខណៈដែលមានការប្រែប្រួលអាកាសធាតុធ្វើឲ្យសមុទ្រទឹកកករលាយដែលជាការគំរាមកំហែងដល់កន្លែងពួកវាបង្កាត់ពូជនេះបើយោងតាមការស្រាវជ្រាវដែលទើបនឹងចេញផ្សាយកាលពីថ្ងៃពុធ ទី២៤ មករា។

អ្នកស្រាវជ្រាវនៅ British Antarctic Survey លោក Peter Fretwell បាននិយាយថា ដែនជម្រកសត្វភេនឃ្វីនមួយនៅជិតឆ្នេរ Halley ហាក់ដូចជាត្រូវបានផ្លាស់ទីចម្ងាយប្រហែល ៣០ គីឡូម៉ែត្រទៅកាន់ភាគខាងកើត។ លោក​បានបន្ត​ថា ស្ថានភាព​រស់នៅរបស់ពួកវាគឺមិន​ស្ថិតស្ថេរ​ចាប់តាំង​ពី​ឆ្នាំ ២០១៦ មកបាន​ធ្វើ​ឲ្យ​ទីតាំងដែលជាជម្រកចាស់របស់វា​រង​គ្រោះថ្នាក់។

គាត់បាននិយាយថា “សត្វភេនឃ្វីនជាអធិរាជនៃពពួកសត្វបានព្យាយាមស្វែងរកទឹកកកសមុទ្រដែលមានស្ថេរភាពបន្ថែមទៀតសម្រាប់ការស់រានមានជីវិតរបស់កូនៗវា” ។

Fretwell បាននិយាយថា ដែនជម្រកដែលទើបនឹងប្រទះឃើញថ្មីចំនួន ៤ ទីតាំងទំនងជាមានអាយុកាលច្រើនឆ្នាំហើយ ប៉ុន្តែអ្នកវិទ្យាសាស្ត្រមិនបានប្រទះឃើញពួកគេពីមុនមកនោះទេ។ គាត់បាននិយាយថា ពួកវាភាគច្រើនរស់នៅជាក្រុមតូចៗហើយមានគូរបស់វាបើតាមមើលទៅគឺតិចជាង ១,០០០ គូ។ អ្នកវិទ្យាសាស្ត្របច្ចុប្បន្នបានរកឃើញដែនជម្រកសត្វភេនឃ្វីនចំនួន ៦៦ ទីតាំង ។

Fretwell បាននិយាយថា ទីតាំងដែលបានរកឃើញថ្មីមានការប្រែប្រួលខ្លាំងបើតាមការប៉ាន់ប្រមាណឃើញថាមានចំនួនសរុបនៅពេលបច្ចុប្បន្ននេះតិចជាង ៣០០,០០០ គូ អ្នកវិទ្យាសាស្ត្របានយល់ពីទីតាំងដែលសត្វភេនឃ្វីនអាចផ្លាស់ទីរស់នៅ។

អ្នកស្រាវជ្រាវសត្វភេនឃ្វីននៅស្ថាប័ន Woods Hole Oceanographic Institution លោក Daniel Zitterbart ដែលមិនបានចូលរួមនៅក្នុងការសិក្សាបាននិយាយថា គេនៅមិនទាន់ដឹងច្បាស់ទេថាតើទីតាំងណាមួយដែលត្រូវបានគេកំណត់អត្តសញ្ញាណថ្មីថាអាចបែកចេញពីជម្រកធំៗផ្សេងទៀតនោះទេ។

ប៉ុន្តែគេបានដឹងច្បាស់ណាស់ថា កន្លែងបង្កាត់ពូជគឺស្ថិតនៅក្នុងតំបន់សមុទ្រទឺកកហើយពិភពលោក បច្ចប្បន្នកាន់តែក្តៅខ្លាំងឡើងនេះមានន័យថា “សត្វភេនឃ្វីននឹងមានចលនាផ្លាស់ទីជម្រក” កាន់តែច្រើនឡើងថែមទៀត៕

ប្រភព៖ AP/fh