សន្ដិសុខសង្គម

ស្រ្តីក្រីក្រម្នាក់បានលាចាកលោកចោលកូនភ្លោះទើបមានអាយុ១ខែកន្លះដោយគ្រោះថ្នាក់ចរាចរណ៍

ដោយ : បន្ទាយ
បន្ទាយមានជ័យ ៖ ស្ត្រីជាអ្នកស្រុកស្រែក្រីក្រ ហើយកំសត់ រួចប្រសូត្របានកូនភ្លោះកាលពី១ខែកន្លះនៅភូមិផ្ចឹកឃុំតាផូ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យនោះ ឥឡូវបានលាចាកលោកហើយដោយសារគ្រោះថ្នាក់ចរាចរ។
ហេតុការណ៍គ្រោះថ្នាក់ដ៏រន្ធត់នោះកើតឡើងនៅចំណុចផ្លូវលំក្នុងភូមិប្រាសាទ ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ កាលពីព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤។

យោងប្រភពសមត្ថកិច្ចពីកន្លែងគ្រោះថ្នាក់បានឱ្យដឹងថា: មុនពេលកើតហេតុ គេបានឃើញស្ត្រីនោះជិះម៉ូតូម៉ាកហុងដាឌ្រីមC-125 ស៊េរីឆ្នាំ2017 ពាក់ផ្លាកលេខបន្ទាយមានជ័យ1Q-64 31 បានធ្វើដំណើរក្នុងទិសដៅ ពីកើតទៅលិច។លុះមកដល់ចំណុចកើតហេតុខាងលើបណ្ដាលឱ្យប៉ះដៃចង្កូតម៉ូតូផងនិងសត្វគោដើរលើផ្លូវផង ក៏ធ្វើឱ្យដួលម៉ូតូដួល ហើយជ្រុលទៅចូលក្រោមរថយន្តកែច្នៃដឹកដីដែលបើកបរបញ្ច្រាសទិសគ្នា មានផ្លាកលេខ ភ្នំពេញ 3D-9883។ កង់រថយន្តច្នៃបានកិនស្ត្រីរងគ្រោះបណ្តាលអោយស្លាប់នៅនឹងកន្លែង។


ស្ត្រីរងគ្រោះមានឈ្មោះ សៃ បូរី អាយុ៣៧ឆ្នាំ រស់នៅភូមិផ្ចឹក ឃុំតាផូ ស្រុកស្វាយចេក មានប្តីឈ្មោះម៉ុយ ម៉ុល់ អាយុ៣៨ឆ្នាំ ។ ស្ត្រីនេះទើបសម្រាលកូនខ្ចីភ្លោះនោះបាន១ខែកន្លះ។ ទារកមានសុខភាពមិនសូវល្អ ហើយគ្រួសារនេះក៏មានជីវភាពខ្សត់ខ្សោយដែរ។

មុនពេលកើតហេតុ គឺស្ត្រីរងគ្រោះបានទៅខ្ចីប្រាក់ញាតិជិតខាងចំនួន ១ ម៉ឺនរៀល រួចក៏ជិះម៉ូតូទៅទិញថ្នាំយកមកព្យាបាលដល់កូនភ្លោះទាំងពីរដែលមានជំងឺប្រចាំកាយ  ក៏ជួបគ្រោះថ្នាក់ដល់ជីវិតម្តាយដូច្នេះទៅ ។


សមត្ថកិច្ចនគរបាលផ្នែកចរាចរណ៍ផ្លូវគោកនៃអធិការដ្ឋាននិងនគរបាលប៉ុស្ដិ៍រដ្ឋបាលបានចុះដល់កន្លែងកើតហេតុ វាស់វែងធ្វើកំណតហេតុ ហើយនាំយករថយន្ត ម៉ូតូ ដែលពាក់ព័ន្ធយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្វាយចេកដើម្បីរង់ចាំការដោះស្រាយនៅពេលក្រោយ ៕