ព័ត៌មានជាតិ

ភ្នាក់ងារអភិវឌ្ឍន៍អន្តរជាតិកូរ៉េផ្តល់រថយន្តសង្គ្រោះ១គ្រឿងដល់មន្ទីរពទ្យបង្អែកប៉ោយប៉ែត

ដោយ : បន្ទាយ
បន្ទាយមានជ័យ៖លោកវេជ្ជបណ្ឌិតឱក ទីណា ប្រធានមន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែតអោយដឹងថា ក្នុងនាមតំណាងមន្ត្រីសុខាភិបាលនិងគ្រូនៃមន្ទីរពេទ្យបង្អែកប៉ោយប៉ែត បានទទួលរថយន្តគិលានសង្រ្គោះថ្មីសន្លាងចំនួន ០១គ្រឿងពីលោកវេជ្ជបណ្ឌិត ឡេ ច័ន្ទសង្វាត ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តបន្ទាយមានជ័យ ។


លោកវេជ្ជបណ្ឌិត ឡេ ច័ន្ទសង្វាត ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តបន្ទាយមានជ័យអោយដឹងកាលពីថ្ងៃទី២៧ខែមករាឆ្នាំ២០២៤ថា: រថយន្តគិលានសង្រ្គោះម៉ាកHyundai Staria ផលិតផលកូរ៉េនេះ ជាអំណោយរបស់ទីភ្នាក់ងារអភិវឌ្ឍន៍អន្តរជាតិកូរ៉េខាងត្បូង(KOICA) តាមរយៈក្រសួងសុខាភិបាល សម្រាប់ប្រើប្រាស់ក្នុងការបញ្ជូនអ្នកជំងឺអោយបានទាន់ពេលវេលា។


លោកវេជ្ជបណ្ឌិតឱក ទីណា តាងនាមថ្នាក់ដឹកនាំមន្ទីរពេទ្យ លោកពិតជាមានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង និងសូមគោរពថ្លែងអំណរគុណលោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល លោកប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តបន្ទាយមានជ័យ ព្រមទាំងលោកប្រធានទីភ្នាកងារKOICA សម្រាប់អំណោយរថយន្តដ៏ថ្លៃថ្លានេះ ហើយលោកនិងសហការីនឹងប្រើប្រាស់រថយន្តគិលានសង្គ្រោះនេះអោយចំគោលដៅសម្រាប់សង្គ្រោះជីវិតអ្នកជំងឺនិងលើកកម្ពស់សុខុមាលភាពប្រជាជនកម្ពុជា ។


សូមរំលឹកថា កន្លងមកអ្នកគ្រប់គ្រង គ្រូពេទ្យនិងបុគ្គលិកនៃមន្ទីរពេទ្យបង្អែកប៉ោយប៉ែតបានបំពេញសេវាសុខាភិបាលបានលទ្ធផលល្អ ប្រកបដោយប្រសិទ្ធភាពនិងការទទួលខុសត្រូវ ។

មើលឃើញការខិតខំនេះ ម្ចាស់ជំនួយពហុភាគី(អង្គការសហភាពអឺរ៉ុប ) មិត្តបរទេស(ជប៉ុន ថៃ…) បានផ្តល់អំណោយជារថយន្តសង្គ្រោះ បរិក្ខារពេទ្យ អគារពេទ្យ ការបណ្តុះបណ្តាលជាបន្តបន្តបន្ទាប់ដើម្បីអោយមន្ទីរពេទ្យបង្អែកដែលគ្របដណ្តប់លើតំបន់សេវាជាង១០ម៉ឺននាក់មួយនេះកាន់តែមានសមត្ថភាព គុណភាពបន្ថែមទៀត ៕