ព័ត៌មានជាតិ

ព្រះសង្ឃពីវត្តផ្សេងត្រូវនាំចង្ហាន់ទៅផ្គត់ផ្គង់វត្តស្ទឹងបត់ដោយសារមិនទាន់មានចៅអធិការវត្តថ្មី

ដោយ : បន្ទាយ
បន្ទាយមានជ័យ៖ព្រះសង្ឃពីវត្តផ្សេងត្រូវនាំចង្ហាន់ទៅផ្គត់ផ្គង់ព្រះសង្ឃគង់នៅវត្តហៅសិរីមង្គលសុទ្ធារាមវត្តស្ទឹងបត់ ស្ថិតនៅជាប់អូរព្រំដែនកម្ពុជា ថៃ នាភូមិស្ទឹងបត់ សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ដ្បិតវត្តនោះទើបតែផ្សឹកថ្មីៗដោយសារមានការចោទប្រកាន់រឿងអាស្រូវផ្លូវភេទជាមួយក្មេងស្រីនិងអំពើហិង្សា មិនទាន់រកបានព្រះចៅអធិការវត្តថ្មី​ហើយបច្ចុប្បន្នមានព្រះសង្ឃ៩អង្គ ភិក្ខុវ័យចាស់២អង្គនិងនេនក្មេងៗ​៧អង្គគង់នៅវត្តនោះ ។


កាលពីល្ងាចថ្ងៃទី២៧ខែមករាឆ្នាំ២០២៤ ព្រះសមណាភិរ័ត ប៉ោ សុឃឿន ព្រះអនុគណស្តីទីក្រុងប៉ោយប៉ែតនិងព្រះសង្ឃបាននិមន្តទៅមើលលោកកូនៗសាមណេរឬលោកនេននៅវត្តសិរីមង្គលសុទ្ធារាម(ស្ទឹងបត់)និងយកភេសជ្ជ: មី ត្រីខ ទឹកដោះគោខាប់ ប្រគេនសម្រាប់ចាត់ចែងចង្ហាន់​ព្រះសង្ឃកំពុងគង់នៅក្នុងវត្តនេះ ។


លុះដល់ព្រឹកថ្ងៃទី២៨​ខែមករា នេះ ព្រះអនុគណស្តីទីក្រុងប៉ោយប៉ែតបាន​ចាត់ព្រះភិក្ខុ ចាន់ សុគា ជំនួយការសាលាអនុគណយកចង្ហាន់ប្រគេនព្រះភិក្ខុ​សាមណេរគង់នៅវត្តស្ទឹងបត់ភូមិស្ទឹងបត់សង្កាត់ផ្សារកណ្តាលក្រុងប៉ោយ​ប៉ែតនោះទៀត។


យោងតាមអាចារ្យនិងព្រះសង្ឃនៅវត្តស្ទឹងបត់បានបង្ហើបអោយដឹងថា : តាំងពីបែកធ្លាយរឿងអាស្រូវរបស់អន្ទិតប៉ុក ចំរើន អតីតព្រះគ្រូចៅអធិការវត្ត​វត្តសិរីមង្គលសុទ្ធារាម(ស្ទឹងបត់)និងជាអនុគណក្រុងប៉ោយប៉ែត ហើយតួអង្គរូបនោះបានលាចាកសិក្ខាបទកាលពីយប់ថ្ងៃទី១៩ខែមករាឆ្នាំ២០២៤ មក ញោមញាតិជិតឆ្ងាយចំណុះជើងវត្តតិចតួចណាស់បានអញ្ជើញ​ទៅវត្តនិងនាំចង្ហាន់ឬទេយ្យទានទៅវត្ត។ហេតុនេះ ចង្ហាន់លោកមិនគ្រប់គ្រាន់​ទេ។
ប្រភពបន្តថា : មូលហេតុដែលពុទ្ធបរិស័ទមិនសូវទៅវត្តនេះនាអន្តរកាលនេះ​អាចមកពីលែងមានអតីតចៅអធិការវត្តនិងជាព្រះគ្រូអនុគណចាស់និង​ក៏ដោយសារអតីតចៅអធិការវត្តនិងជាព្រះគ្រូអនុគណចាស់មានរឿងអាស្រូវទៅ នាំជះឥទ្ធិពលរាលដាល ហើយពុទ្ធបរិស័ទអស់ជំនឿលើបុគ្គលសង្ឃ​ដែល​ពួកគេខំមានជំនឿ គោរពសក្ការ:និងធ្វើបុណ្យធ្វើទានជាមួយ បែរជាធ្វើអោយ​​ខកចិត្តយ៉ាងខ្លាំង។
ម្យ៉ាងទៀត វត្តនេះ កាលពីព្រះអង្គប៉ុក ចំរើន អតីតព្រះគ្រូចៅអធិការវត្​តវត្តសិរីមង្គលសុទ្ធារាម(ស្ទឹងបត់)និងក៏ជាអនុគណក្រុងប៉ោយប៉ែតផងនោះគង់នៅ ព្រះអង្គមិនបានរៀបចំ​អោយ​មានរចនាសម្ពូ័ន្ធគ្រប់គ្រង់ជាប្រព័ន្ធទេ។ ពោលគឺដូចនៅវត្តជាច្រើន​ទៀតដែរ ។
ព្រះអង្គជាចៅអធិការវត្ត តែមិនមានរូបរាងជាក់ស្តែងជា”គ្រូសូត្រស្តាំ គ្រូសូត្រឆ្វេង” សម្រាប់គ្រប់គ្រងវត្ដនោះទេ។គឺព្រះអង្គ អាចចង់​ប្រមូលផ្តុំអំណាចគ្រប់គ្រងតែលើ១អង្គឯង។ឯគណ:កម្មការ អាចារ្យ មានរូបរាងជារចនាសម្ព័ន្ធមែន ក៏ចំណុះឥទ្ធិពលព្រះអង្គដែរ ។
អាចថាមានរឿងច្រើន ស្មោគគ្រោក រចនាសម្ព័ន្ធស្អុយរលួយនៅវត្ត​ដែលមានឈ្មោះល្បីល្បាញមួយនេះ ។

ប្រភពបានបន្តថា : តាមសទ្ធា ចំពោះមុខនាអន្តរកាលនេះវត្តនានា​អាចនាំចង្ហាន់និងទេយ្យទានទៅប្រគេនព្រះសង្ឃនៅវត្តស្ទឹងបត់ដើម្បីដោះស្រាយគ្រាអាសន្ន ។

ទោះជាយ៉ាងណា គួររំលឹកដែរថា វត្តសិរីមង្គលសុទ្ធារាម(ស្ទឹងបត់) នៅដាច់ស្រយាល ជាយដែននិងអត្តខាត់ រងគ្រោះដោយទឹកជំនន់​លិចលង់ស្ទើររាលឆ្នាំមួយនេះ ទទួលបានការកសាងនិងអភិវឌ្ឍន៍ផុស​ជ្រងោត្រកុំត្រកាលឡើងក្រោមស្នាដៃរបស់អតីតប៉ុក ចំរើន អតីតព្រះគ្រូចៅ​អធិការវត្តនិងជាអនុគណក្រុងប៉ោយប៉ែតក្នុង២០ឆ្នាំប្លាយមកនេះ ។
ពោលគឺពុទ្ធបរិស័ទ សប្បុរសជន ឥស្សរជនឆ្ងាយជិតមានជំនឿលើព្រះអង្គ ហើយប្រគេនបច្ច័យ ធនធាន សម្ភារយ៉ាងច្រើនសម្រាប់កសាងវត្ត។
ប៉ុន្តែទីបំផុត ព្រះអង្គប៉ុក ចំរើន បានធ្លាយរឿងអាស្រូវចោទប្រកាន់ផ្លូវភេទ​ជាមួយស្ត្រីវ័យក្មេងអាយុ២២ឆ្នាំម្នាក់និងរឿងចោទប្រកាន់ប្រើអំពើហិង្សាមានស្ថានទម្ងន់ទោស(វាយអោយរបួស) ? លើនេនក្នុងវត្ត ៕