អន្តរជាតិ

ក្រុមហ៊ុន SpaceX របស់ Elon Musk រងបណ្តឹងពីបទធ្វេសប្រហែសបណ្តាលកម្មករប្រេះលលាដ៍ក្បាលសន្លប់

ប្រែសម្រួល៖ ស-សម្បត្តិ

វ៉ាស៊ីនតោន៖ ក្រុមហ៊ុន SpaceX របស់ Elon Musk កំពុងប្រឈមមុខនឹងការប្តឹងផ្តល់ពីប្រពន្ធកម្មករក្នុងករណីធ្វេសប្រហែសបណ្តាលឲ្យកម្មករម្នាក់ប្រេះលលាដ៍ក្បាលនៅក្នុងកំឡុងពេលដំណើរការម៉ាស៊ីនរ៉ុក្កែតកាលពីឆ្នាំ ២០២២។

នៅថ្ងៃទី ១៨ ខែមករា ឆ្នាំ ២០២២ ម៉ាស៊ីនរ៉ុក្កែតដំណើរការខុសប្រក្រតីបណ្តាលឲ្យកម្មករឈ្មោះ Francisco Cabada រងរបួសនេះបើតាមការរៀបរាប់លម្អិតនៅក្នុងការស៊ើបអង្កេតរបស់ Reuters កាលពីចុងឆ្នាំមុន។ រ៉យទ័របានចងក្រងឯកសារសម្រាប់អ្នករងរបួសយ៉ាងហោចណាស់មាន ៦០០ ករណីដែលបានកើតឡើងនៅកន្លែងធ្វើការហើយមិនបានរាយការណ៍កាលពីមុននៅឯក្រុមហ៊ុនរ៉ុក្កែតរបស់លោក Musk: ដែលកម្មករខ្លះបាក់ដៃឬបាក់ជើង ដាច់ចរន្តអគ្គិសនី របួសក្បាល និងភ្នែក និងមានស្លាប់ម្នាក់ថែមទៀតផង។

ភរិយារបស់ Francisco Cabada ឈ្មោះ Ydy Cabada បានដាក់បណ្តឹងទៅតុលាការក្រុង Los Angeles រដ្ឋកាលីហ្វ័រញ៉ា ក្នុងនាមប្តីរបស់គាត់កាលពីសប្តាហ៍មុនដោយនិយាយថាប្តីរបស់គាត់នៅតែស្ថិតក្នុងសភាពសន្លប់មិនដឹងខ្លួនជាងពីរឆ្នាំមកហើយ។ បណ្តឹង​នេះ​មិន​ត្រូវ​បាន​គេ​រាយការណ៍​ពី​មុនមក​ទេ។ SpaceX មិន​បាន​ឆ្លើយ​តប​នឹង​សំណួរ​អំពី​​បណ្ដឹង​នោះ​ទេ។

មេធាវីរបស់ Ydy Cabada គឺលោក Michael Rand បានបដិសេធមិនធ្វើអត្ថាធិប្បាយនោះទេ។

Cabada បានរងរបួសនៅពេលដែលម៉ាស៊ីន Raptor V2 បានដាច់ចេញពីគ្នាក្នុងអំឡុងពេលធ្វើតេស្តសម្ពាធនៅឯរោងចក្រ SpaceX ក្នុង Hawthorne រដ្ឋ California ។ គម្របដំឡើងឧបករណ៍បញ្ជាប្រេង បានដាច់ចេញពីគ្នាហើយប៉ះនិងលលាដ៍ក្បាល Francisco Cabada ដែលជាកម្មករ SpaceX ធ្វើឲ្យលលាដ៍ក្បាលរបស់គាត់ប្រេះ។

អតីតបុគ្គលិក SpaceX ដែលបានដឹងអំពីឧបទ្ទវហេតុនេះបានប្រាប់ Reuters ថាឧប្បត្តិហេតុនេះបង្ហាញពីបញ្ហាមិនប្រក្រតីរបស់ប្រព័ន្ធ SpaceX ។

ប្រភពបានប្រាប់ Reuters ថាអ្នកគ្រប់គ្រងជាន់ខ្ពស់នៅគេហទំព័រ Hawthorne ត្រូវបានអ្នកជំនាញព្រមានម្តងហើយម្តងទៀតអំពីគ្រោះថ្នាក់ក្នុងការពន្លឿនការអភិវឌ្ឍម៉ាស៊ីន រួមជាមួយនឹងការបណ្តុះបណ្តាលកម្មករមិនគ្រប់គ្រាន់ និងការធ្វើតេស្តសមាសធាតុ។ និយោជិតបាននិយាយថា ម៉ាស៊ីនដំណើរការមិនប្រក្រតីធ្វើឲ្យកម្មកររងរបួសនោះត្រូវបានគេរកឃើញថាវាមានគុណវិបត្តិប៉ុន្តែមិនត្រូវបានគេជួសជុលនៅមុនពេលធ្វើតេស្តនោះទេ។

ក្រុមហ៊ុន SpaceX មិនមានការធ្វើអត្ថាធិប្បាយអំពីការស៊ើបអង្កេតរបស់ Reuters អំពីការរងរបួសរបស់កម្មករនោះទេ ហើយមិនមានការឆ្លើយតបចំពោះសំណួរលម្អិតអំពីករណី Cabada នោះទេ។ រដ្ឋបាលអាកាសចរណ៍ និងអវកាសអាមេរិក ដែលបានចំណាយប្រាក់ចំនួន ១១,៨ពាន់លានដុល្លារ ដល់ក្រុមហ៊ុន SpaceX រហូតមកដល់បច្ចុប្បន្ន ក្នុងនាមជាអ្នកម៉ៅការអវកាសឯកជន មិនបានធ្វើអត្ថាធិប្បាយភ្លាមៗ លើបណ្តឹងនេះទេ។

ម៉ាស៊ីន Raptor របស់ក្រុមហ៊ុន SpaceX ផ្តល់ថាមពលដល់ Starship ដែលជារ៉ុក្កែតជំនាន់ក្រោយរបស់ក្រុមហ៊ុននេះត្រូវបានរចនាឡើងដើម្បីបញ្ជូនផ្កាយរណប និងមនុស្សទៅកាន់ទីអវកាស។ NASA គ្រោង​នឹង​ប្រើ​រ៉ុក្កែត​នេះ​ដើម្បី​ចុះចត​មនុស្ស​នៅ​លើឋាន​ព្រះច័ន្ទ​នៅ​ក្នុងមួយ​ទសវត្សរ៍បន្ទាប់មក​នេះ៕

ប្រភព៖ Reuters