អន្តរជាតិ

អ៊ុយក្រែនអញ្ជើញមេដឹកនាំចិនទៅចូលរួម “កិច្ចប្រជុំកំពូលសន្តិភាព”

ប្រែសម្រួល៖ ស-សម្បត្តិ

ទីប្រឹក្សាការទូតកំពូលរបស់ប្រធានាធិបតី Volodymyr Zelenskyy បាននិយាយថា ប្រទេសអ៊ុយក្រែនបានអញ្ជើញប្រធានាធិបតីចិនលោក Xi Jinping ឱ្យចូលរួមក្នុង “កិច្ចប្រជុំកំពូលសន្តិភាព” ដែលបានគ្រោងទុកនៃមេដឹកនាំពិភពលោកនៅប្រទេសស្វីស។កច្ចប្រជុំនេះនឹងធ្វើឡើង នៅពេលដែលការឈ្លានពានរបស់រុស្ស៊ីខិតជិតដល់ខួបលើកទីពីររបស់ខ្លួន។

ប្រទេសចិនត្រូវបានគេមើលឃើញថា មានទំនាក់ទំនងជិតស្និទ្ធចាក់ទឹកមិនលិចជាមួយរុស្ស៊ី ហើយបានបដិសេធមិនរិះគន់ការឈ្លានពានលើអ៊ុយក្រែន ប៉ុន្តែក៏បាននិយាយថាអធិបតេយ្យភាព និងបូរណភាពទឹកដីនៃប្រទេសទាំងអស់ត្រូវតែគោរព និងបានផ្តល់ជូនដើម្បីជួយសម្របសម្រួលក្នុងជម្លោះ។

ទីប្រឹក្សា Ihor Zhovkva បានប្រាប់រ៉យទ័រក្នុងបទសម្ភាសន៍មួយនៅសប្តាហ៍នេះថា “យើងពិតជាអញ្ជើញប្រទេសចិនឱ្យចូលរួមក្នុងកិច្ចប្រជុំកំពូលនេះ ជាកម្រិតខ្ពស់បំផុតនៅកម្រិតប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន” ។

“ការចូលរួមរបស់ចិននឹងមានសារៈសំខាន់ខ្លាំងណាស់សម្រាប់យើង។ យើងកំពុងធ្វើការជាមួយភាគីចិន។ យើងចូលរួមជាមួយដៃគូរបស់យើងនៅក្នុងពិភពលោកដើម្បីឱ្យពួកគេបង្ហាញដល់ភាគីចិនថាតើវាមានសារៈសំខាន់យ៉ាងណាក្នុងការចូលរួមក្នុងកិច្ចប្រជុំកំពូលបែបនេះ”។

ប្រធានាធិបតីចិនលោក Xi និងប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានប្រកាសភាពជាដៃគូ “គ្មានដែនកំណត់” នៅក្នុងទីក្រុងប៉េកាំងត្រឹមតែបីសប្តាហ៍មុនពេលការឈ្លានពានរបស់រុស្ស៊ីទៅលើអ៊ុយក្រែននៅថ្ងៃទី 24 ខែកុម្ភៈ ឆ្នាំ 2022។ ចាប់តាំងពីពេលនោះមក ប្រទេសចិនបានបង្កើនការនាំចូលថាមពលពីរុស្ស៊ីយ៉ាងខ្លាំង៕