សន្ដិសុខសង្គម

អាវុធហត្ថខេត្តបញ្ជូនជនសង្ស័យទៅសាលាដំបូងខេត្តបន្ទាយមានជ័យករណីរំលោកសេពសន្ថវៈម្តាយក្មេក

ដោយ : បន្ទាយ
បន្ទាយមានជ័យ ÷ កម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្ស កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃសៅរ៍ ទី២៧ ខែមករា ឆ្នាំ ២០២៤ បានបញ្ជូនបុរសម្នាក់ករណីរងការចោទប្រកាន់ថា ចាប់បង្ខំរំលោភសេពសន្ថវ:លើម្តាយក្មេករបស់ខ្លួនទៅសាលាដំបូងខេត្តហើយ។

លោក វរសេនីយ៍ត្រី នួន នីណារ៉ូម ​មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត​បានដឹកនាំកម្លាំងចុះឃាត់ខ្លួន​ជនសង្ស័យឈ្មោះ ប៉ែន ចាន់នី (ម៉ាប់) ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរកម្មករសំណង់ រស់នៅភូមិផ្សារកណ្ដាល សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ពីបទរំលោភសេពសន្ថវៈ កាលពីវេលាម៉ោង២១និង០០នាទី ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ នៅចំណុចចម្ការស្វាយ ស្ថិតក្នុងភូមិស្ទឹងបត់ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

ការឃាត់ខ្លួនករណីខាងលើនេះ ធ្វើឡើងតាមពាក្យបណ្ដឹងរបស់ជនរងគ្រោះឈ្មោះ ឡ.ល ភេទស្រី អាយុ៤៧ឆ្នាំ ត្រូវជាម្តាយក្មេក រស់នៅភូមិអូរបាក់ត្រា ឃុំព្រងិល ស្រុកភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់។

ជនរងគ្រោះក្នុងពាក្យបណ្ដឹងថា: គាត់បាននាំចៅពីខេត្តពោធិ៍សាត់ មកលេងជាមួយម្ដាយវា​(ដែលត្រូវជាកូនស្រីរបស់គាត់)រស់នៅក្រុងប៉ោយប៉ែត និងក៏ដើម្បីរកការងារធ្វើផង។
ក្រោយមករូបគាត់រកការងារបានធ្វើ ហើយស្នាក់នៅផ្ទះជាមួយក្មួយស្រីរបស់គាត់ នៅភូមិអូរឫស្សី សង្កាត់អូរឫស្សី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

លុះដល់ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ កូនស្រីបង្កើតរបស់គាត់បានទូរសព្ទមកប្រាប់គាត់ថា នាងបានឱ្យប្តី(ឈ្មោះ ប៉ែន ចាន់នី )បើកម៉ូតូមកឌុបគាត់ទៅលេងផ្ទះរបស់ខ្លួននៅភូមិផ្សារកណ្ដាល ដូចសព្វដង ។
ពេលកូនប្រសាមកដល់​ គាត់ក៏បានជិះម៉ូតូទៅជាមួយ។ប៉ុន្តែពេលជិះទៅដល់ចំណុច​ចម្ការ​ស្វាយ​​មួយកន្លែង កូនប្រសាបានឈប់ម៉ូតូ ហើយមិនដឹងជាវាឡើងតណ្ហាខ្លាំងយ៉ាងណា វាក៏ចាប់រំលោភរូបគាត់ទាំង​កំរោលបានសម្រេច១ដងទៅ ។

ស្ត្រីម្តាយក្មេកបានបន្តថា : បន្ទាប់ពីរំលោភរួច កូនប្រសានោះមិនបានរត់គេចឬប្រើហិង្សា ឬសម្លុតគំរាមអ្វីទេ ហើយក៏បើកម៉ូតូដឹករូបគាត់ទៅផ្ទះខ្លួនជាធម្មតាដូចជាមិនមានរឿងអ្វីកើតឡើង ។
នៅតាមផ្លូវនិងពេលទៅដល់ផ្ទះគាត់ក៏គិតដែរថា តើគួរប្តឹងផ្តល់ឬអត់? បើមិនប្តឹង វាប៉ះពាល់កិត្តិយស ។ កូនប្រសាវាបានចិត្ត វាព្រហើននិងមើលងាយហើយលែងគោរព…។ខ្មាសគេ ..។
តែបើប្តឹង កូនប្រសានឹងជាប់គុក ឯកូនស្រីបង្កើតនឹងមេម៉ាយពាក់កណ្តាល(ប្តីជាប់គុក មិនអាចរួមរស់នឹងប្រពន្ធបាន) ចៅនឹងអស់អនាគត ក្លាយជាក្មេងកំព្រាឪពុក ?​ គិតច្រើនដែរ តែក៏សម្រេចប្រាប់រឿងហេតុកូនប្រសាចាប់រំលោភនេះឱ្យកូនស្រីបង្កើត(ត្រូវជាប្រពន្ធរបស់កូនប្រសា) របស់គាត់បានដឹងដើម្បីកុំអោយកូនខឹង ឬចោទថាផិតក្បត់ជាមួយប្តីរបស់កូន …។

ប៉ុន្តែព្រឹកស្អែកឡើង ក៏មានកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត​ចុះមកចាប់ខ្លួនកូនប្រសា​​​ នោះតែម្តង ។

ក្រោយឃាត់ខ្លួន និងសួរចម្លេីយ ជនសង្ស័យបានឆ្លើយសារភាពថា រូបខ្លួនពិតជាបានរំលោភ​ទៅលេីម្ដាយក្មេកបានសម្រេចពិតប្រាកដមែន ព្រោះតែកម្លាំងចំណង់បានឡើងខ្លាំងពេក ហើយក៏ខានបានរួមរ័កនឹងប្រពន្ធផងដែរក្នុងមួយរយ:នេះ ។ហើយបើចង់ទៅរក​ស្រីក្មេង​ខាងក្រៅដែលបម្រើសេវា ក៏មានតម្លៃថ្លៃ ដែលខ្លួនគ្មានលុយសមល្មមនឹងទៅរកសេវាបំពេញបំណងបាន។

លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មេីស បានឱ្យដឹងថា ការបង្ក្រាបករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពី​លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី លោកកើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ ៕