ព័ត៌មានជាតិ

អភិបាលស្រុកបន្ទាយមាសបង្ហាញពីគន្លឹះរក្សាប្រភពទឹកសម្រាប់ស្រោចស្រពឱ្យមាននិរន្តរភាព

ដោយ៖កំចាយ

កំពត÷ អភិបាលស្រុកបន្ទាយមាសបានបញ្ជាក់ថា សម្រាប់ឆ្នាំ២០២៤នេះ ដោយសារស្រូវមានតម្លៃល្អ បានជំរុញដល់កសិករសម្រុកធ្វើស្រូវប្រាំង​ច្រើនលើសផែនការ។ ស្របតាមអាកាសធាតុក្តៅហួតហែង​គ្មានភ្លៀង​កក់ខែផង បានធ្វើឱ្យស្រូវប្រាំងក្នុងស្រុកបន្ទាយមាសរាប់រយហិកតា​ប្រឈមបញ្ហាខ្វះខាតទឹកស្រោចស្រព។ ជាដំណោះស្រាយក្នុងការឆ្លើយតប​បានទាន់ពេលវេលា និងដើម្បីដោះស្រាយបញ្ហាទៅថ្ងៃមុខ អភិបាលស្រុក​បន្ទាយមាសបានប្រកាន់យកវិធីសាស្ត្រចំនួន៣ជាសំខាន់។

លោក នូរ ច័ន្ទដា អភិបាលស្រុកបន្ទាយមាសបានមានប្រសាសន៍ថា បន្ទាយមាសជាស្រុកមួយដែលផលិតស្រូវបានច្រើនជាងគេនៅទូទាំងខេត្ត​កំពត។ សម្រាប់ឆ្នាំ២០២៤នេះ ផែនការផលិតស្រូវប្រាំងមានចំនួន៨ពាន់​ហិកតា តែជាក់ស្តែង ការធ្វើស្រូវប្រាំងលើកទី១បានរហូតដល់​១០.១៧៨ហិកតា ស្មើនឹង១២០ភាគរយនៃផែនការ។

លោកអភិបាលស្រុកបានបន្តថា ការកើនឡើងនូវផ្ទៃដីផលិតស្រូវប្រាំងនេះ​ដោយសារទីផ្សារស្រូវល្អដែលមានតម្លៃប្រមាណ១.៥០០រៀលក្នុងមួយគីឡូក្រាម។ ព្រោះតែការកើនឡើងនៃផ្ទៃដីធ្វើស្រែប្រាំង និងកត្តាអាកាសធាតុ​ផងនោះ បានធ្វើឱ្យជួបបញ្ហាកង្វះខាតទឹកស្រោចស្រព។ ប៉ុន្តែ ដោយមានកិច្ច​ចូលរួមសហការពីអាជ្ញាធរ មន្ត្រីមន្ទីរ និងអង្គភាពជំនាញពាក់ព័ន្ធធ្វើឱ្យ​រដ្ឋបាលស្រុកជួយសង្គ្រោះដំណាំស្រូវបានទាន់ពេលវេលា។ លោក នូរ ច័ន្ទដា បានបញ្ជាក់ថា ជាការដោះស្រាយសម្រាប់បញ្ហាកង្វះខាតទឹកទៅថ្ងៃមុខ ពោលគឺដើម្បីរក្សាប្រភពទឹក ប្រកបដោយនិរន្តរភាព លោកដាក់ចេញនូវ​យុទ្ធសាស្ត្រសំខាន់៣ក្នុងការអនុវត្ត រួមមាន ១. ធ្វើទំនប់ស្ទាក់ទឹកនៅតាម​ប្រឡាយនីមួយៗ, ២. ស្តារទំបន់ បឹងបួចាស់ៗឡើងវិញ និងទី៣.ជីកអណ្តូង​សម្រាប់ប្រើប្រាស់បន្ថែម។

លោក អៀង សារ៉ាត់ កសិកររស់នៅភូមិក្រឡង់ ឃុំស្តេចគង់ខាងត្បូង ស្រុកបន្ទាយមាស បានប្រាប់ឱ្យដឹងថា កសិករឆ្នាំនេះបានធ្វើស្រូវប្រាំងច្រើន ព្រោះស្រូវមានតម្លៃខ្ពស់។ ដំបូងឡើយគាត់ព្រួយបារម្ភខ្លាចពីការខ្វះទឹក ប៉ុន្តែក្រោយមានអន្តរាគមន៍ពីអាជ្ញាធរ និងមន្ត្រីជំនាញពាក់ព័ន្ធ កសិករទាំង​អស់​​សប្បាយចិត្តឡើងវិញហើយ។

តាមរបាយការណ៍របស់មន្ទីរកសិកម្មបានបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ ផ្ទៃដីដំណាំស្រូវប្រាំងទូទាំងខេត្តអនុវត្ត​បាន១៣.៤១២ហិកតា ស្មើ១៣៣ភាគរយនៃផែនការ ។ មន្ទីជំនាញ រួមនឹងអាជ្ញាធរនៅតែបន្តតាមដានដោយយកចិត្តទុកដាក់ចំពោះការបង្ក​បង្កើនផលរបស់ពលរដ្ឋ ហើយរង់ចាំអន្តរាគមន៍ប្រសិនបើមានបញ្ហា​ណាមួយដែលបង្កឱ្យប៉ះពាល់ដល់ដំណាំរបស់ប្រជាកសិករ៕