អន្តរជាតិ

ស្ត្រីជនជាតិថៃម្នាក់ត្រូវបានប៉ូលិសចាប់ខ្លួនពីបទកាន់កាប់កូនសត្វតោដោយខុសច្បាប់

ប្រែសម្រួល៖ ស-សម្បត្តិ

បាងកក៖ កាលពីថ្ងៃសុក្រ ទី២៦ មករា ប៉ូលិសថៃបាននិយាយថានៅក្នុងប៉ុន្មានថ្ងៃកន្លងមកនេះមានការបង្ហោះវីដេអូអំពីសត្វតោជិះនៅក្នុងរថយន្តទំនើប Bentley ដែលជាកម្មសិទ្ធិរបស់ស្រ្តីជនជាតិថៃម្នាក់បានរីករាលដាលនៅលើបណ្តាញអ៊ីនធឺណិត។

ប៉ូលិសបានបញ្ជាឲ្យមានការស៊ើបអង្កេតបន្ទាប់ពីវីដេអូដែលបង្ហាញពីកូនតោកំពុងជិះជុំវិញទីក្រុងរមណីយដ្ឋានថៃនៃទីក្រុងប៉ាតាយ៉ាក្នុងរថយន្ត Bentley ពណ៌ស ទទួលបានការចូលមើលជាង ២.៦ លានដងតាមអ៊ីនធឺណិត។

ការិយាល័យកណ្តាលផ្នែកស៊ើបអង្កេតបានប្រកាសនៅលើទំព័រ Facebook ផ្លូវការរបស់ខ្លួនថានៅក្នុងថ្ងៃទី២៦ មករាកន្លងទៅនេះប៉ូលិសបានស្រាវជ្រាវរកស្រ្តីជនជាតិថៃម្នាក់នោះនិងបានធ្វើការចោទប្រកាន់លើរូបគាត់ពីបទកាន់កាប់កូនតោជាកម្មសិទ្ធិខុសច្បាប់ ។

សេចក្តីថ្លែងការណ៍របស់ប៉ូលិសបាននិយាយថា “យើងបានចាប់ខ្លួននាងយោងតាមច្បាប់អភិរក្ស និងការពារសត្វព្រៃដែលបានចេញនៅក្នុងឆ្នាំ 2019″។

តាម​ច្បាប់​ថៃ នាង​អាច​នឹង​ត្រូវ​ពិន័យ​ជា​ប្រាក់​រហូត​ដល់ ១០ ម៉ឺន​បាត ស្មើនឹង២ ៨០០ ដុល្លារ និង​ប្រឈម​នឹង​ការ​ជាប់​ពន្ធនាគារ​មួយ​ឆ្នាំ។

នាង Sawangjit បានប្រាប់ប៉ូលិសថា នាងបានទិញសត្វតោពីនារីម្នាក់ទៀតក្នុងតម្លៃ ២៥០,០០០ បាត ប៉ុន្តែនាងមិនអាចទទួលបានឯកសារប្រគល់ជាផ្លូវការនោះទេ ដោយសារតែព័ត៌មានមិនគ្រប់គ្រាន់ទាក់ទងនឹងការបង្កាត់ពូជរបស់កូនសត្វតោនេះ។

នាង​បាន​ចិញ្ចឹម​កូន​តោនោះនៅក្នុង​ផ្ទះ​ជួល​របស់បុរសជនជាតិ​ស្រីលង្កា​ម្នាក់​ដែល​គេប្រទះ​ឃើញគាត់ក្នុងវិដេអូជាអ្នក​បើក​រថយន្ត Bentley នោះ។

នាយកដ្ឋានអភិរក្ស ឧទ្យានជាតិ និងសត្វព្រៃបាននិយាយថាបុរសជនជាតិ​ស្រីលង្កា​ម្នាក់នោះត្រូវបាន

អាជ្ញាធរថៃនិរទេសខ្លួនទៅកាន់ប្រទេសស្រីលង្កាវិញហើយ៕

ប្រភព៖ AFP/at