ព័ត៌មានជាតិ

សូម្បីតែកូនសត្វដំរីព្រៃអាយុទើបតែបាន៦ខែក៏មិនលើកលែងឲ្យដែរ

មណ្ឌលគិរី៖កូនដំរីព្រៃមួយក្បាលអាយុប្រមាណ៦ខែ ត្រូវពលរដ្ឋនៅស្រុកកោះញែក បានប្រទះឃើញងាប់កណ្តាលព្រៃ។ការងាប់កូនដំរីនេះ សង្ស័យមានការបាញ់ប្រហារ ដោយកាំភ្លើងពីក្រុមជនដៃដល់ ខណៈសមត្ថកិច្ចកំពុងស្រាវជ្រាវ រកចាប់ជនបង្កនោះ។

កូនដំរីដែលគេទើបនឹងបាញ់សម្លាប់ថ្មីៗនៅខេត្តមណ្ឌលគិរី

ប្រជាពលរដ្ឋ ស្រុកកោះញែក បានប្រាប់អ្នកសារព័ត៌មានឱ្យដឹងថា កូនដំរីព្រៃមួយក្បាលដែលងាប់នេះត្រូវបានអ្នកដើរចូលព្រៃប្រទះឃើញ នៅកណ្តាលព្រៃម្តុំអូរថ្ម ភូមិក្តោយ ឃុំរយ៉ ស្រុកកោះញែក ខេត្តមណ្ឌលគិរី កាលពីសៀលថ្ងៃទី២៦ ខែមករា។តាមការពិនិត្យឃើញមានស្នាមរបួសគេសង្ស័យ ដោយសារការបាញ់ប្រហារ ដោយកាំភ្លើងពីក្រុមព្រានព្រៃ។

លោក ឆៅ ប៊ុនធឿន ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បានឱ្យអ្នកសារព័ត៌មានដឹងថា ពិតជាមានករណីនេះបានកើតឡើងប្រាកដមែន។ក្រោយទទួលដំណឹងពីប្រជាពលរដ្ឋលោកបានចាត់ចែងឱ្យជំនាញធ្វើកោសល្យវិច័យ និងបានបញ្ជាក់ថា កូនដំរីព្រៃដែលងាប់នោះមានអាយុប្រហែល ៦ខែប៉ុណ្ណោះ។

មន្រ្តីជំនាញកំពុងតែពិនិត្យសពកូនដំរីទើបងាប់ថ្មីៗ

ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរីបានឱ្យដឹងទៀតថា ករណីនេះកម្លាំងអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធ បានបើកការស៊ើបអង្កេត និងស្រាវជ្រាវតាមចាប់ជនបង្កឱ្យខាងតែបានដើម្បីយកមកអនុវត្តតាមច្បាប់៕