សន្ដិសុខសង្គម

សមត្ថកិច្ចកំពុងចាត់ការអ្នកផឹកស្រាថ្នាំស្រវឹងវាយមេប៉ុស្តិ៍ឱ្យរបួស

ដោយ:សុខុម
កណ្ដាល៖ បុរសម្នាក់ ផឹកស្រាថ្នាំអស់៣លីត្រស្រវឹង យកឈេឺដាក់ទទឹងផ្លូវមេប៉ុស្តិ៍ចុះឃាត់មិនស្តាប់ ស្ទុះទៅវាយនាយប៉ុស្តិ៍ និងពលរដ្ឋម្នាក់បណ្ដាលឱ្យរងរបួសកាលពីយប់ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ចំណុចភូមិក្នុង ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្តាល ។


នគរបាលបានឲ្យដឹងថា ជនរងគ្រោះចំនួន២នាក់មាន÷ឈ្មោះ ផល ស្រីលី ភេទស្រី អាយុ២៩ឆ្នាំ,ឈ្មោះ សោម រ៉ាវុធ អាយុ៥៥ឆ្នាំនាយប៉ុស្តិ៍ មានទីលំនៅ ភូមិអញ្អែងលើ ឃុំពុកឬស្សី ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ។ ជនសង្ស័យឈ្មោះ យូ យ៉ារ៉េត អាយុ៣៩ឆ្នាំមានទីលំនៅ ភូមិក្នុង ឃុំ ព្រែកតាមាក់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ។
ប្រភពពីកន្លែងកើតហេតុបានប្រាប់សមត្ថកិច្ចថាដំបូងក្រុមគ្រួសារឈ្មោះ ផល ស្រីលី បានធ្វើរោងលើផ្លូវបេតុងមុខផ្ទះ ដើម្បីរៀបចំធ្វើពិធីមង្គលការនៅថ្ងៃស្អែក ។

ជនសង្ស័យបានផឹកស្រាថ្នាំជាមួយកម្មករសំណង់នៅភូមិកំពង់ដំរី ឃុំ ព្រែកតា ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។ក្រោយមកជនសង្ស័យមកផ្ទះទិញស្រាថ្នាំ១លីត្រថែម ផឹកនៅមុខផ្ទះ ហើយទៅសុំម្ហូបពីឈ្មោះ ធី ជាបងប្អូនរបស់ឈ្មោះ ផល ស្រីលី យកក្លែម តែឈ្មោះ ធី មិនបានឲ្យម្ហូប នោះទេ។ជនសង្ស័យខឹងឈ្មោះ ធី មិនឲ្យម្ហូប ក៏យកមែកឈើមកដាក់លើផ្លូវបេតុងមុខផ្ទះបិទផ្លូវរារាំងមនុស្សឆ្លងកាត់ទៅកម្មវិធីផ្ទះការ។ឈ្មោះ ផល ស្រីលី ស្រែកនិយាយថា អ្នកឯងបិទផ្លូវមុខផ្ទះអ្នកឯងបាន អញបិទផ្លូវមុខផ្ទះអញក៏បាន ហើយឈ្មោះ សយ ភេទប្រុស ជាបងប្អូនជីដូនមួយបានទៅសួរជនសង្ស័យ ក៏ត្រូវជនសង្ស័យរុញឲ្យដួលទៅលើផ្លូវបេតុង
តែម្តង ។ ពេលនោះឈ្មោះផល ស្រីលី បានតេទូរសព្ទប្រាប់សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកតាមាក់។ លោក សោម រ៉ាវុធ នាយប៉ុស្តិ៍ព្រែកតាមាក់ ដឹកនាំកម្លាំងទៅដល់កន្លែងកើតហេតុដើម្បីសួររកខុសត្រូវអប់រំណែនាំ។ជនសង្ស័យមិនស្ដាប់ស្ទុះមកវាយលោក សោម រ៉ាវុធ មេប៉ុស្តិ៍បណ្តាលឲ្យរងរបួស។ភ្លាមនោះកម្លាំងសមត្ថកិច្ចបានចាប់ឃាត់ជនសង្ស័យបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្ដាលទាំងស្រវឹងដើម្បីឲ្យឈរវាស់កម្ពស់បន្តនីតិវិធី៕