អន្តរជាតិ

ប្រមុខការទូតជាន់ខ្ពស់ចិននឹងលើកយកបញ្ហាតៃវ៉ាន់ពិភាក្សាជាមួយទីប្រឹក្សាសន្តិសុខអាមេរិក

ប្រែសម្រួល៖ ស-សម្បត្តិ

ខណៈដែលប្រទេសមហាអំណាចទាំងពីរស្វែងរកការកែលម្អទំនាក់ទំនងបន្ទាប់ពីមានភាពតានតឹងអស់ជាច្រើនឆ្នាំ  កាលពីថ្ងៃសុក្រ ទី២៦ មករាកន្លងទៅនេះទីក្រុងប៉េកាំងបានឲ្យដឹងថាអ្នកការទូតកំពូលរបស់ខ្លួនលោក Wang Yi នឹងពិភាក្សាអំពីបញ្ហាកោះតៃវ៉ាន់ជាមួយទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក Jake Sullivan នៅក្នុងគម្រោងជួបពិភាក្សានៅប្រទេសថៃក្នុងសប្តាហ៍នេះ ។

ទីក្រុងប៉េកាំង និងទីក្រុងវ៉ាស៊ីនតោន បានប៉ះទង្គិចគ្នាក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ លើចំណុចដ៏រសើបចាប់ពីបច្ចេកវិទ្យា និងពាណិជ្ជកម្មដល់សិទ្ធិមនុស្ស ក៏ដូចជាជុំវិញបញ្ហាកោះតៃវ៉ាន់ដែលគ្រប់គ្រងដោយខ្លួនឯង និងការទាមទារកាន់កាប់ដែនសមុទ្រចិនខាងត្បូង។

ដើម្បិធ្វើឲ្យប្រសើរឡើងនូវទំនាក់ទំនងមួយចំនួនលោកប្រធានាធិបតី Joe Biden បានជួបសមភាគីចិន Xi Jinping ក្នុងទីក្រុង San Francisco កាលពីខែវិច្ឆិកាដែលភាគីទាំងពីរបានប្រកាសថាជាជោគជ័យក្នុងន័យស្ថាបនា។

អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃសុក្រថា “លោក Wang Yi នឹងបញ្ជាក់ពីគោលជំហររបស់ចិនលើទំនាក់ទំនងរវាងចិននិងអាមេរិកជុំវិញបញ្ហាកោះតៃវ៉ាន់ និងបញ្ហាផ្សេងៗទៀត ហើយនឹងផ្លាស់ប្តូរទស្សនៈគ្នាជាមួយសហរដ្ឋអាមេរិកលើបញ្ហាអន្តរជាតិ និងបញ្ហាក្នុងតំបន់ដែលជាការព្រួយបារម្ភរួមគ្នា” ។

នៅមុននេះក្រុងប៉េកាំងបានថ្លែងថា លោក Wang នឹងជួប Sullivan ក្នុងប្រទេសថៃ ហើយនឹងស្នាក់នៅក្នុងប្រទេសនេះរហូតដល់ថ្ងៃចន្ទ។

សហរដ្ឋ​អាមេរិក​បាន​ឲ្យដឹង​ថា ការ​ចរចា​នឹង​ធ្វើ​ឡើង​នៅ​ក្នងថ្ងៃ​សុក្រ និង​ថ្ងៃ​សៅរ៍។

សេតវិមានបានប្រកាសថា “កិច្ចប្រជុំនេះជាការបន្តការប្តេជ្ញាចិត្តរបស់ភាគីទាំងពីរនៅឯកិច្ចប្រជុំកំពូល Woodside ខែវិច្ឆិកា ឆ្នាំ ២០២៣ រវាងប្រធានាធិបតី Biden និងប្រធានាធិបតី Xi ដើម្បីរក្សាទំនាក់ទំនងជាយុទ្ធសាស្រ្តប្រកបដោយការទទួលខុសត្រូវខ្ពស់” ។

ប្រទេសទាំងពីរបាននិយាយរួមគ្នាថា នៅថ្ងៃសុក្រ លោក Sullivan បានជួបជាមួយនាយករដ្ឋមន្ត្រីថៃ លោកស្រី Srettha Thavisin និងមន្ត្រីកំពូលផ្សេងទៀតនៅទីក្រុងបាងកក។

សេតវិមានបាននិយាយថា ពួកគេបានពិភាក្សាអំពី “បញ្ហាក្នុងតំបន់ និងពិភពលោក រួមទាំងកិច្ចខិតខំប្រឹងប្រែងដើម្បីដោះស្រាយវិបត្តិដែលកាន់តែអាក្រក់ឡើងនៅក្នុងប្រទេសភូមា” ដែលជាកន្លែងមានការប្រយុទ្ធគ្នារវាងរបបយោធាមីយ៉ាន់ម៉ា និងក្រុមប្រដាប់អាវុធជនជាតិភាគតិចនៅភាគខាងជើងនៃប្រទេស។

  • ប្រភពដែលបង្កឲ្យមានភាពតានតឹង

ថ្លែងនៅទីក្រុងប៉េកាំងក្នុងខែនេះ លោក Wang បានសង្កត់ធ្ងន់ថា ខណៈពេលដែលយើងបានជួបប្រទះ “ការលំបាកធ្ងន់ធ្ងរ” លើបញ្ហាទំនាក់ទំនងរវាងប្រទេសទាំងពីរនោះទំនាក់ទំនងនេះបានត្រឡប់មករក “ប្រក្រតីភាព” វិញហើយកាលពីឆ្នាំមុន។

ប៉ុន្តែការវាយតម្លៃលើចំណុចរសើបមួយចំនួនរបស់លោកវ៉ាងលើសភាពតានតឹងដែលនៅបន្តដោយមហាអំណាចទាំងពីរនាពេលថ្មីៗនេះគឺរឿងបោះឆ្នោតនៅតៃវ៉ាន់ដែលជាកោះគ្រប់គ្រងដោយខ្លួនឯងហើយក្រុងប៉េកាំងទាមទារចាប់យកមកគ្រប់គ្រង។

គណៈប្រតិភូនៃសមាជិកសភាអាមេរិកបានធ្វើទស្សនកិច្ចនៅកោះនេះនៅក្នុងសប្តាហ៍នេះ ដោយបានជួបជាមួយប្រធានាធិបតីជាប់ឆ្នោតលោក Lai Ching-te និងបញ្ជាក់សាជាថ្មីនូវគោលជំហរគាំទ្ររបស់ទីក្រុងវ៉ាស៊ីនតោនចំពោះកោះប្រកាន់យកលទ្ធិប្រជាធិបតេយ្យមួយនេះ។

នៅក្នុងការស្ទង់មតិនាពេលថ្មីៗនេះ មន្ត្រីចិនបានថ្កោលទោសលោក Lai ថាជាអ្នកបំបែកខ្លួនដ៏គ្រោះថ្នាក់ដែលនឹងទាញកោះតៃវ៉ាន់ដើរលើ “ផ្លូវគ្រោះថ្នាក់” តាមរយ:ការទាមទារឯករាជ្យភាព។

ការអបអរសាទររបស់ទីក្រុងវ៉ាស៊ីនតោនក្នុងការបោះឆ្នោតតៃវ៉ាន់គឺជាការវាយប្រហារការទូតរបស់ក្រុងវ៉ាស៊ីនតោនមកលើក្រុងប៉េកាំងដែលចិនបានបង្ហាញពីការ “ខកចិត្តយ៉ាងខ្លាំង” ដោយមានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍នេះរួមទាំងធ្វើការព្រមានដល់សហរដ្ឋអាមេរិកចំពោះការគាំទ្រនូវអ្វីដែលខ្លួនហៅថា “កងកម្លាំងបំបែកខ្លួន” នៅលើកោះមួយនេះ។

ក្រសួងការបរទេសចិនបានលើកឡើងកាលពីថ្ងៃព្រហស្បតិ៍ថា ទីក្រុងវ៉ាស៊ីនតោន “បានអនុវត្តពាក្យពេចន៍ និងទង្វើអវិជ្ជមានជាបន្តបន្ទាប់” ចាប់តាំងពីលោក ឡៃត្រូវបានជ្រើសតាំងជាប្រធានាធិបតីថ្មីរបស់តៃវ៉ាន់។

អ្នកនាំពាក្យ Wang Wenbin បានជំរុញឲ្យអាមេរិក “បញ្ឈប់ជាបន្ទាន់នូវសកម្មភាពរំលោភបំពាន និងបង្កហេតុ” និង “បញ្ឈប់ការបង្កបញ្ហាដល់សន្តិភាព និងស្ថិរភាពនៅទូទាំងតំបន់នៃច្រកសមុទ្រតៃវ៉ាន់” ៕

ប្រភព៖ AFP/at