ព័ត៌មានជាតិ

ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតរុះរើអគារចាស់ជាប់រង្វង់មូលចេញសាងសង់អគារថ្មី

ដោយ : បន្ទាយ

បន្ទាយមានជ័យ៖នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ លោកឧត្ដមសេនីយ៍ត្រី អ៊ី ចំរើន នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត និងលោកស្រី ព្រមទាំងមន្ត្រីក្រោមឱវាទបានធ្វើពិធីសែនព្រេនសុំសេចក្ដីសុខពីម្ចាស់ទឹកម្ចាស់ដីមុននឹងរុះរើអគារចាស់ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតនៅជាប់រង្វង់មូលប៉ោយប៉ែតចេញ ។

ការរុះរើទីតាំងប៉ុស្តិ៍ចាស់ចេញនោះគឺដើម្បី ចាប់ផ្តើមសាងសង់អគារថ្មីកម្ពស់០៤ជាន់ មាន៦០បន្ទប់ សម្រាប់ផ្តល់ជូនមន្ត្រីនគរបាលចំនួន២៤០នាក់ស្នាក់នៅបម្រើការបាន ។

លោកឧត្ដមសេនីយ៍ត្រី អ៊ី ចំរើន បានអោយដឹងថា : អគារនោះជាអំណោយដ៏ថ្លៃថ្លារបស់លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ។

គំរូអគារថ្មីដែលមានកម្ពស់៤ជាន់ និងមាន៦០បន្ទប់

សូមបញ្ជាក់ដែរថា ទីតាំងសាងសង់ប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិប៉ោយប៉ែតថ្មីនោះនៅកន្លែងចាស់ចំណុចជិតរង្វង់មូលប៉ោយប៉ែតឬផ្លូវជាតិលេខ៥ មុខច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ទល់មុខច្រកទ្វារព្រំដែនអន្តរជាតិខ្លងលឹករបស់ថៃ ស្ថិតនៅក្នុងភូមិក្បាលស្ពាន១សង្កាត់អូរជ្រៅក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ៕

សកម្មភាពវាយកម្ទេចអគារចាស់ចោល