ព័ត៌មានជាតិ

គម្រោងសាងសង់ស្ពានឆ្លងកាត់ ទន្លេបាសាក់ចាក់អង្រែក្រោម-ព្រែកប្រា ត្រៀមបើកការដ្ឋានខែក្រោយ

ដោយ៖វិចិត្រ
ភ្នំពេញ៖គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ ចាក់អង្រែក្រោម-ព្រែកប្រា ត្រៀមបើកការដ្ឋានសាងសង់នៅខែក្រោយនេះ។ស្ពានដែលគ្រោងសាងសង់ឆ្លងកាត់ទន្លេបាសាក់នោះ ស្ថិតត្រង់សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ និងត្រើយខាងកើត ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការនិងដឹកជញ្ជូន បានប្រាប់អ្នកសារព័ត៌មានឱ្យដឹងថា ក្រសួងសាធារណការនិងដឹកជញ្ជូន បានបង្កើតគណៈកម្មការរួចហើយដើម្បីត្រៀមរៀបចំសម្ពោធបើកការដ្ឋាន​សាងសង់ នៅថ្ងៃទី១៩ ខែកុម្ភៈឆ្នាំ២០២៤។ពិធីនោះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ហើយនឹងត្រៀមខួងសសរគ្រឹះទី១ ត្រើយខាងកើតនៅចុងខែមករា២០២៤។

អ្នកនាំពាក្យបានឱ្យដឹងទៀតថា គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេ បាសាក់ចាក់អង្រែក្រោម-ព្រែកប្រា ជាស្ពានទី៦ ចំណោមស្ពាន​​ដែលបានសាងសង់រួច។ស្ពានឆ្លងកោះពេជ្រ-កោះនរា-ស្ពានព្រះមុនីវង្សទាំង២-ស្ពានសំរោង-ស្ពានកោះអន្លង់ចិន-ស្ពានកោះធំ និងកំពុងសិក្សាមួយទៀតភ្ជាប់ផ្លូវជាតិលេខ២៣។

គួរបញ្ជាក់ថា គម្រោងស្ពានឆ្លងកាត់ទន្លេ បាសាក់ចាក់អង្រែក្រោម-ព្រែកប្រា នឹងជួយកាត់បន្ថយការកកស្ទះចរាចរណ៍លើ ស្ពានព្រះមុនីវង្សឆ្លងកាត់​ទន្លេបាសាក់ ភ្ជាប់ផ្លូវជាតិលេខ១ នៅខណ្ឌច្បារអំពៅ។ជាពិសេសធ្វើឱ្យ​ប្រសើរឡើងដល់ប្រសិទ្ធភាព នៃការដឹកជញ្ជូន និងភស្តុភារកម្មនៅក្នុងតំបន់​រាជធានីភ្នំពេញ-ព្រលានយន្តហោះអន្តរជាតិតេជោក្រុងតាខ្មៅ-ជួយពង្រឹង​ដល់ទំនាក់ទំនងសេដ្ឋកិច្ចសង្គម រវាងរាជធានីភ្នំពេញប៉ែកខាងត្បូង និងជួយពន្លឿនការអភិវឌ្ឍនៅតំបន់នោះទៀតផង៕